ភ្នំពេញ៖ អង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO បានធ្វើការផ្តល់មួកសុវត្ថិភាពចំនួន៦០០មួក ដល់គោលដៅអ្នករត់ម៉ូតូឌុប និងអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉ក ដើម្បីចូល រួមជំរុញការពាក់មួកសុវត្ថិភាព និងកាត់បន្ថយការប៉ះទង្គិចក្បាលដែលកើតឡើង ដោយ គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ នៅក្នុងប្រទេសកម្ពុជា។
ពិធីផ្តល់មួកសុវត្ថិភាពដល់ក្រុមគោលដៅខាងលើ កាលពីថ្ងៃទី១៥ ខែកក្កដា លោកស្រីវេជ្ជបណ្ឌិត ម៉ូម៉ូ តាគូជី តំណាងអង្គការWHO មានប្រសាសន៍ថា នេះជាសកម្មភាពក្នុងការលើកកម្ពស់ការពាក់មួកសុវត្ថិភាពដល់អ្នកប្រើប្រាស់ម៉ូតូ ជាពិសេសអ្នកបើកបរម៉ូតូ សណ្តោងរ៉ឺម៉ក។ «ការពាក់មួកសុវត្ថិភាព គឺជាមធ្យោបាយតែមួយគត់ ដែលមានប្រសិទ្ធ ភាពបំផុត ដែលអាចកាត់បន្ថយរបួសក្បាលធ្ងន់ធ្ងររហូតដល់ទៅ៧០ភាគរយ និងស្លាប់ ដោយរបួសក្បាលបាន៤០ភាគរយ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍នៅពេល ធ្វើដំណើរតាមម៉ូតូ»។
លោកស្រី ម៉ូម៉ូ តាគូជី បន្តថា អ្នកធ្វើដំណើរតាមម៉ូតូ គឺជាអ្នកប្រឈមគ្រោះថ្នាក់ខ្ពស់ជាង គេនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃអ្នកស្លាប់ គឺជាមនុស្សពេញកម្លាំងពលកម្ម ដែលមានអាយុប្រមាណពី១៥ឆ្នាំទៅ៣៩ឆ្នាំ ពិសេសភាគច្រើននៃអ្នកទាំងនោះ គឺជាអ្នក រកចំណូលចិញ្ចឹមគ្រួសារ។ ដូច្នេះការស្លាប់របស់ពួកគេ ប៉ះពាល់យ៉ាងខ្លាំងទៅដល់ ចំណូលក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
យោងតាមរបាយការណ៍របស់ប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានឲ្យដឹងថា កាលពីឆ្នាំមុនមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤,២៥០ ករណី និងមានជនរងគ្រោះសរុបចំនួន១៥,៦១៥នាក់ ក្នុងនោះស្លាប់ចំនួន១,៩៦៦នាក់និងរងរបួសធ្ងន់ចំនួន៥,៣៤៩នាក់ គិតជាមធ្យមចំនួនអ្នកស្លាប់ជាង៥នាក់និងរបួសធ្ងន់១៥នាក់ក្នុងមួយថ្ងៃដែលក្នុងនោះ មានករណីបង្កឡើងដោយក្រុមហ៊ុនដឹកជញ្ជូន។ អត្រាគ្រោះថ្នាក់នាឆ្នាំ២០១២កន្លងទៅនេះ បានធ្វើឲ្យខាតបង់ថវិកាប្រមាណ ៣២៩លាន ដុល្លារអាមេរិក។
លោកស្រី ម៉ូម៉ូ តាគូជីបញ្ជាក់ថា ប្រការដែលគួរឲ្យព្រួយបារម្ភបំផុតនោះ គឺការពាក់មួកសុវត្ថិភាពនៅមានកម្រិតទាបនៅឡើយ ក្នុងខណៈពេលដែលអ្នកបើកបរម៉ូតូ៦៥ភាគរយបានពាក់មួកសុវត្ថិភាព តែអ្នកដំណើរជាមួយមានតែ៩ភាគរយប៉ុណ្ណោះ បានពាក់មួក សុវត្ថិភាព។
លោក ពៅ ម៉ាលី អគ្គនាយករងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងពិធីចូលរួមចែកមួកសុវត្ថិភាពនេះ មានប្រសាសន៍ថា នេះជា សកម្មភាពក្នុងយុទ្ធនាការនៃការអប់រំជាសាធារណៈ ដើម្បីបង្កើនការពាក់មួក សុវត្ថិភាព។ មួកសុវត្ថិភាពជាថ្នាំបង្ការជីវិត។ មួកសុវត្ថិភាពមួយ ជួយជីវិតម្នាក់។ លោកបន្តថា ការផ្សព្វផ្សាយដល់អ្នកបើកបរម៉ូតូនិងអ្នកបើកបរម៉ូតូ សណ្តោងរ៉ឺម៉ក ឲ្យ យល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ អាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងមាន ប្រសិទ្ធភាព និងសម្រេចបាននូវផែនការសកម្មភាពជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ផ្លូវគោកឆ្នាំ២០១១-២០២០ខាងមុខនេះ។លោក ពៅ ម៉ាលី បញ្ជាក់ឲ្យដឹងថា អត្រាអ្នក ពាក់មួកសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ នៅក្នុងរាជធានីភ្នំពេញ នៅពេលថ្ងៃមានចំនួន៦១ភាគរយ និងពេលយប់៤៤ភាគរយ ចំណែកនៅតាមខេត្តដូចជាសៀមរាប អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ៥៦ភាគរយ និងពេលយប់ ៣៧ភាគ រយ។ ខេត្តកណ្តាល អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ៤៨ភាគរយ និងពេលយប់ ៣៥ ភាគរយ។ ខេត្តកំពង់ស្ពឺ អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេលថ្ងៃ២៥ភាគរយ និង ពេលយប់១២ភាគរយ និងខេត្តកំពង់ចាម អ្នកជិះម៉ូតូពាក់មួកសុវត្ថិភាពនៅពេល ថ្ងៃ២៦ ភាគរយ និងពេលយប់៦ភាគរយ។
លោក លី ឡុង អ្នករត់ម៉ូតូឌុបក្នុងរាជធានីភ្នំពេញ ដែលបានទទួលមួកសុវត្ថិភាពពីកម្មវិធីនេះ យល់ឃើញថា ការជំរុញការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នកធ្វើដំណើរ គឺ ជាសកម្មភាពមួយត្រឹមត្រូវបំផុត ប៉ុន្តែចំណុចដែលគួរឲ្យព្រោះបារម្ភបំផុតនោះ គឺអ្នក ធ្វើដំណើរពីក្រោយអ្នករត់ម៉ូតូឌុបមានការរើសអើងមួកសុវត្ថិភាពនៅពេលដែលមាន ការពាក់ដដែលពីគ្នា។ យើងមានមួកណាដូរសម្រាប់ភ្ញៀវរបស់យើង បើពួកគាត់ទាមទារ រកមួកថ្មី។ ពួកគេថា មួកយើងហ្នឹងចាស់ៗ ក្អែលច្រើន ដូច្នេះគេមិនហ៊ានពាក់ទេ។តាមការសិក្សាស្រាវជ្រាវជាអន្តរជាតិ បានបង្ហាញថា ការពាក់មួកសុវត្ថិភាព ដែលមានគុណភាពនិងបានត្រឹមត្រូវ អាចកាត់បន្ថយអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដល់ទៅ៤២ភាគរយ និងការរងរបួសក្បាលធ្ងន់ធ្ងរដល់ទៅ៦៩ភាគរយ៕
ដោយ៖ វិជ្ជា