ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសជាសាធារណៈ ឲ្យផ្អាកការលក់ដូរ និងពិសា គ្រឿងស្រវឹងមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ដោយសារតែកន្លងទៅ រាជ រដ្ឋាភិបាល បានសង្កេតឃើញថា ការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើន អាចបង្ក ឲ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរ គ្រោះ ថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះ អាចបណ្តាលឲ្យបាត់សណ្តាប់ធ្នាប់សាធារណៈថែមទៀតផង។
អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឲ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភាដែល ព្រះរាជាណាចក្រកម្ពុជាខ្លួនឯង បានរៀបចំធ្វើនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៣ប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មាន អំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងបាតុភាពនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿង ស្រវឹងនោះ រាជរដ្ឋាភិបាល បានសូមធ្វើការ ណែនាំដូចខាងក្រោម៖
១- ប្រជាពលរដ្ឋខ្មែរ និងបរទេសទាំង អស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១៣ ដើម្បីរួមចំណែកទប់ស្កាត់ អំពើ ហិង្សា ការគំរាមកំហែង ការបំភិតបំភ័យគ្រោះ ថ្នាក់ចរាចរ គ្រោះថ្នាក់សង្គម និងបាតុភាពនានា ដែលអាចបណ្តាលមកពីការពិសាគ្រឿងស្រវឹងគ្រប់ប្រភេទ។
២- ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថកង នគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេស ទាំងអស់ ក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្តការ ផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹង ក្នុងគោលបំណងធ្វើឲ្យកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ នៃរដ្ឋសភា ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាង មុខនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសនយោ បាយល្អសេរីត្រឹមត្រូវយុត្តិធម៌ និងគ្មានអំពើ ហិង្សា។
៣- រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវសហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើ ការផ្សព្វផ្សាយសេចក្តីណែនាំនេះ តាមគ្រប់ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ជូនដល់់ប្រជាពលរដ្ឋខ្មែរ ជនបរទេស ពាណិជ្ជករ អាជីវករមន្ត្រីរាជការ និងកងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ ឲ្យបានយល់ជ្រួតជ្រាប និងអនុវត្តឲ្យមានប្រសិទ្ធភាព។
ទទួលបានសេចក្តីណែនាំនេះគ្រប់ ក្រសួងស្ថាប័នសាលារាជធានី ខេត្តត្រូវផ្សព្វ ផ្សាយ អនុវត្តឲ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
» Breaking News, ព័ត៌មានជាតិ » រាជរដ្ឋាភិបាល ប្រកាសឲ្យផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង មួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត