ភ្នំពេញ៖ទោះបីជាស្នេហារវាង កញ្ញា ទឹម វត្តី និង តារាសម្ដែង ប៊ឺរីបានបែកបាក់ និងធ្លាប់បានធ្វើការច្រានចោលនូវព័ត៌មានស្នេហានេះ ពីសំណាក់អ្នកទាំងពីរថាមិនមែនជាស្នេហា ពោលគឺត្រឹមលក្ខណៈមិត្តភាពយ៉ាងណាក្ដីក៏គេសង្កេតឃើញបុរសជនជាតិប៉ាគឺស្ថានម្នាក់ ដែលតែងតែដើរប្រកៀកប្រកិតនឹងតារាបង្ហាញម៉ូដ កញ្ញា ទឹម វត្តី ស្ទើរគ្រប់កម្មវិធីនោះបានសម្ដែងក្ដីបារម្ភ និងប្រចណ្ឌហួងហែង ពេលឃើញ ទឹម វត្តីមានភាពស្និទ្ធស្នាលជាមួយ ប៊ឺរី ដែលជាអតីតគូស្នេហ៍ ។
កន្លងមកទស្សនិកជនធ្លាប់ បានដឹងឮថា តារាម៉ូដែលរូបនេះ និងតារាសម្ដែង ប៊ឺរីជាគូស្នេហ៍នឹងគ្នា ដោយហេតុផលមិនចុះសម្រុងនឹងគ្នា ហើយក៏បានបែកបាក់គ្នា។ក្រោយពីបែកបាក់ស្នេហ៍ តារាសម្ដែងស្រីសិចស៊ី នាង ទឹម វត្តីបានងាកមសាងស្នេហ៍ ជាមួយបុរសប៉ាគីស្ថានវិញម្ដង ដែលបុរសនេះ មានមុខមាត់ស្រស់សង្ហា មិនចាញ់តារាភាពយន្តឥណ្ឌា ប៉ុន្មាននោះទេ ។
តារាម៉ូដែល ទឹម វត្តី ធ្លាប់បានបណ្ដើរបុរសនោះជាសាធារណៈ និងចូលរួមក្នុងកម្មវិធីនានាយ៉ាងបើកចំហ ដើម្បីបង្ហាញទស្សនិកជនថា នាងមិនមែននៅទំនេរទៀតទេនិងចង់បង្អួតគេឯងថា នាងក៏មានសង្សារ ជាជនបរទេសដែរ។
បើនិយាយពីភាពល្បីល្បាញ ក្នុងសិល្បៈ ទឹម វត្តី ហាក់ពុំសូវដូចជា បងស្រីគឺកញ្ញា ទឹម រដ្ឋា នោះទេ ទោះបីនាងស្រស់ស្អាតមួយបែបម្នាក់ក៏ដោយ ។
ថ្មីនេះតារាសម្ដែង បានទាំងកម្ពស់ និងសម្រស់ ទឹម វត្តីដែលជាសមាជិកយ៉ាងសកម្ម ក្នុងក្រុមតារាបង្ហាញម៉ូដ Cambodia Super Model នឹងត្រៀមទៅសម្ដែង នៅប្រទេសអូស្ត្រាលី នាពេលឆាប់ៗនេះ ជាមួយតារាសម្ដែងដទៃក្នុងនោះក៏មានលោក ប៊ឺរី ម្នាក់ដែរ ។ ប៉ុន្តែ ទឹម វត្តីបានរអ៊ូប្រាប់មិត្តក្នុងសិល្បៈថា សង្សារជាបុរសប៉ាគីស្ថាននោះហាក់ប្រចណ្ឌហួងហែងនាងជាខ្លាំង ពេលខ្លះ ឲ្យតែដឹងថា នាងនៅក្បែរ ប៊ឺរីទូរស័ព្ទ ទឹម វត្តី ប្រាកដជារោទិ៍ មិនឈប់ឈរទេ ។
តារាបង្ហាញម៉ូដល្បី តាមរយៈចំហាយកេរ្តិ៍ឈ្មោះ របស់បងស្រី កញ្ញា ទឹម វត្តីបាននិយាយប្រាប់មិត្តភក្តិ ក្នុងសិល្បៈទៀតថាគ្រាន់តែក្នុងស្រុកខ្មែរប្រចណ្ឌ ប៉ុណ្ណឹងទៅហើយ ចុះទំរាំទៅក្រៅស្រុកទៀតមិនដឹងយ៉ាងណាទេ? នាងដឹងថា គេស្រឡាញ់ខ្លាំង តែប្រចណ្ឌខ្លាំងពេកក៏តានតឹងផ្លូវអារម្មណ៍ដែរ ។ ទឹម វត្តី និយាយទៀតថាមនុស្សដែលចែកផ្លូវគ្នាដើរហើយ មិនអាចត្រឡប់ក្រោយបានទេ ប៉ុន្តែសង្សារនាងហាក់នៅតែមានអារម្មណ៍ខ្លាច នាងវិលត្រឡប់ក្រោយវិញ ជួបគ្នាជាមួយប៊ឺរី ។
សម្រាប់តារាសម្ដែង កញ្ញា ទឹម វត្តី មិនអាចធ្វើអ្វីផ្ដេសផ្ដាសទេពោលការងារ គឺការងារ គ្រាន់គេតម្រូវឲ្យសម្ដែងជាដៃគូនឹងគ្នាជាមួយប៊ឺរីគ្មានអ្វីផ្សេង ឬលើសពីនេះទេ ។ ម្យ៉ាងទៀតពេល ទឹម វត្តី ធ្វើការមានមនុស្សម្នាច្រើនណាស់ មិនមែនពីរនាក់តទល់ឯណា ? នាងនឹងចាកចេញពីប្រទេសកម្ពុជាចុងខែមីនានេះ ហើយត្រឡប់មកវិញនៅក្រោយចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងជាឱកាសកើបប្រាក់បានច្រើនផងដែរ ៕