កណ្តាល ៖ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៤ នៅតាមផ្លូវលំ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ។
បុរសម្នាក់ជាអ្នកចិញ្ចឹមមាន់ទើបតែលក់មាន់បានលុយជាង៣ម៉ឺន ដុល្លារ រួចយកលុយទៅផ្ញើនៅធនាគារ ត្រូវក្រុមចោរស្ទាក់ផ្លូវវាយនិងចាក់ប្លន់យកលុយអស់ ។
ជនដែលអះអាងទើប តែលក់មាន់បានលុយជាង៣ម៉ឺនដុល្លារត្រូវចោរស្ទាក់ប្លន់ឈ្មោះ សន គឹមសាយ អាយុ៤៨ឆ្នាំ មុខរបរជាអ្នកចិញ្ចឹមមាន់ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមសម្តីជន រងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា លុយដែលចោរប្លន់យកទៅនោះមានចំនួន៣០.៨០០ដុល្លារ បានមកពីការលក់មាន់កាលពីពេលថ្មីៗនេះ ។
ករណីនេះអាចជាករណីប្រឌិតឡើង ពីព្រោះកន្លងមកឈ្មោះ សន គឹមសាយ ដែលអះអាងទើបតែលក់មាន់បានលុយជាង៣ម៉ឺនដុល្លារគេធ្លាប់ឃើញជិះ រថយន្តសូម្បីតែផឹកកាហ្វេក៏ជិះរថយន្តដែរ តែពេលដែលលក់មាន់បានលុយច្រើនបែរជាជិះម៉ូតូកញ្ចាស់មកខូចនៅ កន្លែងកើតហេតុនៅ គ្រាដែលគេយកលុយនៅផ្ញើធនាគារ ។ ប៉ុន្តែទោះជាយ៉ាងណាសមត្ថកិច្ចចម្រុះស្រុកស្អាង កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀតជុំវិញករណីដែលកើតឡើងនេះ ៕ ពៅ