ព្រះវិហារ ៖ គេនិយាយថា មន្ត្រីខ្លះក្រាញននៀលមិនចង់ចូលនិវត្តន៍ បែរជាចំណាយលុយរាប់ម៉ឺនដុល្លារ រត់ការពន្យារអាយុកុំឲ្យចូលនិវត្តន៍ ដើម្បីបន្តការងារហើយជ្រកក្រោមពាក្យស្លោក អ្នកបន្តវេនឬទំពាំងស្នងប្ញស្សី។ គេសង្កេតឃើញមន្ត្រីធំៗមួយចំនួន បានរៀបចំចាត់ចែងឲ្យកូនៗ សាច់ញាតិរបស់ពួកគេ ឡើងកាន់តំណែងល្អៗ ជំនួសតំណែងរបស់ខ្លួន ទៅតាមស្ថានភាពជាក់ស្តែង។ ឥឡូវលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះវិហារ កំពុងសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីគាត់សុំចូលនិវត្តន៍មុនអាយុ នាំឲ្យមន្ត្រីខ្លះ សួរនាំគាត់អំពីរឿងដែលសប្បាយចិត្ត ព្រោះជាធម្មតាមន្ត្រីជាច្រើន ដែលកាន់ការងារល្អៗ មិនចង់ចូលនិវត្តន៍ អីទេ ទោះជាអស់ប៉ុន្មានក៏ហ៊ានចំណាយ ដើម្បីពន្យារអាយុកុំឲ្យចូលនិវត្តន៍ដែរ ។
គេនិយាយទៀតថា លោក មាស រដ្ឋាវុឌ្ឍ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តព្រះវិហារ បានប្រកាសចូលនិវត្តន៍ មុនកាលកំណត់យ៉ាងសប្បាយរីករាយ តាមការគ្រោងទុកហើយ លោក មាស រដ្ឋាវុឌ្ឍ ត្រូវចូលនិវត្តន៍នៅខែកញ្ញា ឆ្នាំ២០១៤ ខាងមុខគឺនៅសល់ ពេលវេលាជាងកន្លះឆ្នាំទៀតឯណោះ។ លោក មាស រដ្ឋាវុឌ្ឍ បានធ្វើឲ្យមន្ត្រីរាជការ នៅទូទាំងខេត្តព្រះវិហារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះគាត់កាន់ការងារខ្លាញ់ មានឱកាសកាត់ភាគរយ ពីតាមមន្ទីរ អង្គភាព ចំណុះឲ្យខេត្ត ប្រមូលលុយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន យ៉ាងសុខស្រួលបំផុត ហើយរយៈពេលជាងកន្លះឆ្នាំ មុនពេលដល់ថ្ងៃចូលនិវត្តន៍ លោក មាស រដ្ឋាវុឌ្ឍ អាចសម្ងំកើបលុយ យកទៅធ្វើមានធ្វើបានឬទុកដេកចាយ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុអ្វីគាត់បែរជាសុំចូលនិវត្តន៍មុនពេលកំណត់ និងមិនរត់ការចំណាយលុយ ដើម្បីពន្យារអាយុកុំឲ្យចូលនិវត្តន៍ ដូចមន្ត្រីដទៃ ? មន្ត្រីក្រសួងហិរញ្ញវត្ថុម្នាក់ ដែលបានដឹងរឿង របស់លោក មាស រដ្ឋាវុឌ្ឍ ច្បាស់ដូចថ្ងៃ បានលើកឡើងថា អនុវត្តតាមកំណែទម្រង់ស៊ីជម្រៅ លោក មាស រដ្ឋាវុឌ្ឍ បានយកគោលនយោបាយបន្តវេន ឬទំពាំងស្នងប្ញស្សី មកប្រើប្រាស់ស្រដៀងទៅនឹងថ្នាក់ដឹកនាំ តាមមន្ទីរអង្គភាពដទៃទៀត ដែលជាការបញ្ចូលឈាមថ្មីជំនួសឈាមចាស់ តែគេប្រើទុយោដដែល។ នោះគឺជាការ កាន់តំណែងថ្នាក់ប្រធានមន្ទីរ ណាមួយតពូជតពង្ស រៀបចំតាមបែបគ្រួសារបក្ខពួក ដើម្បីងាយស្រួល ប្រព្រឹត្តអំពើពុករលួយប្រមូលលុយ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ សម្រាប់ប្រធានមន្ទីរដទៃដែលមានកូនប្រុស គេរៀបចំឲ្យកាន់តំណែង តូចតាចមួយក្នុងមន្ទីរ ហើយបន្តឡើងតំណែងបន្តិចម្តងៗ រហូតមកដល់កម្រិតអនុប្រធានមន្ទីរ ដើម្បីរង់ចាំឡើងទៅជំនួសតំណែងឪពុក នៅពេលត្រូវបានថ្នាក់លើ សម្រេចឲ្យចូលនិវត្តន៍។
គេនិយាយថា លោក មាស រដ្ឋាវុឌ្ឍ មិនមានកូនប្រុសបង្កើត ឲ្យឡើងតំណែងជំនួសគាត់ ដឹកនាំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះវិហារ នោះទេ ប៉ុន្តែគាត់ក៏មិនភ្លេចអនុវត្តនយោបាយបន្តវេន ដោយព្យាយាមរត់ការគ្រប់បែបយ៉ាង ចំណាយលុយតាមគ្រប់រូបភាព ដោយប្រើប្រាស់ខ្សែទុយោ អន្តរាគមន៍ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីឲ្យកូនប្រសាប្រុស របស់គាត់ឈ្មោះ មុំ សុធារ៉ា អាយុទើបតែ ៣៦ឆ្នាំ បច្ចុប្បន្នជាមន្ត្រីរាជការ បម្រើការងារក្នុងរតនាគារជាតិ ឲ្យឡើងជំនួសតំណែងគាត់ ដែលពេលនេះ ទទួលបានជោគជ័យរួចទៅហើយ ទើបគាត់ ប្រកាសសុំចូលនិវត្តន៍ មុនពេលកំណត់។ មន្ត្រីជាច្រើនឲ្យតែជិតដល់អាយុចូលនិវត្តន៍ នៅមិនសុខទេ ទោះជាអស់ប៉ុន្មាន ក៏ហ៊ានចំណាយដើម្បីរត់ការ ពន្យារអាយុកុំឲ្យចូលនិវត្តន៍ បើទោះបីជាគេត្រៀមបំរុង ឲ្យកូនៗឡើងតំណែងជំនួសក៏ដោយ ប៉ុន្តែទីបំផុត លោក មាស រដ្ឋាវុឌ្ឍ បែរជាសុំចូលនិវត្តន៍មុនអាយុ យ៉ាងរីករាយខុសពីមន្ត្រីដទៃគួរឲ្យសរសើរ។
អនុប្រធានមន្ទីរហិរញ្ញវត្ថុ ខេត្តព្រះវិហារ ចំនួន ៣នាក់ រួមទាំងមន្ត្រីរាជការដទៃទៀត បានសម្តែងការមិនពេញចិត្តទាល់តែសោះ ចំពោះបញ្ហាដែលលោក មាស រដ្ឋាវុឌ្ឍ រត់ការចាត់ចែងឲ្យ កូនប្រសាឈ្មោះ មុំ សុធារ៉ា ឡើងកាន់តំណែង ជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនួសគាត់ ។ មន្ត្រីរាជការរួមទាំងអនុប្រធាន មន្ទីរសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ខេត្តព្រះវិហារទាំងអស់ បានទទូចសុំឲ្យលោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ពិនិត្យមើលករណី ដែលលោក មាស រដ្ឋាវុឌ្ឍ រត់កានិងសុំអន្តរាគមន៍ ឲ្យកូនប្រសារបស់គាត់ ឈ្មោះ មុំ សុធារ៉ា ឡើងធ្វើជាប្រធានមន្ទីរហិរញ្ញវត្ថុទាំងវ័យក្មេង ឡើងវិញផង ព្រោះពេលនេះមិនទាន់ប្រកាសចូលកាន់តំណែង មិនទាន់ហួសពេល ទេ។ ជុំវិញការលើកឡើងផ្សេងៗនេះ កាសែតអរិយធម៌មិនអាចសុំការបកស្រាយពីលោក មាស រដ្ឋាវុឌ្ឍ បានទេ កាលពីម្សិលមិញ៕ ដោយ៖ ព្រហ្ម ពៅ