ភ្នំពេញ៖ មន្ត្រី២រូបនៃក្រសួងធម្មការនិងសាសនារងនូវការរិះគន់ថា បានរួមដៃគ្នា ប្រព្រឹត្តអំពើពុករលួយក្នុងការប្រឡងប្តូរក្របខ័ណ្ឌរបស់មន្ត្រីរាជការកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ តាមរយៈប្រកូតប្រកាសឲ្យបង់ប្រាក់ក្នុងម្នាក់ៗអស់ប្រាក់ពី១០០០ទៅ១៨០០ដុល្លារអាមេរិក។
តាមមន្ត្រីដែលចូលរួមប្រឡងប្តូរក្របខ័ណ្ឌឡើងកាំប្រាក់បានឲ្យដឹងថាអ្នកដែលប្រព្រឹត្តអំពើពុករលួយនោះគឺលោកស្រី កែវ សុធារី អគ្គនាយករដ្ឋាបាលនិងហិរញ្ញវត្ថុនិងលោក ដោក កុសល ប្រធាន នាយកដ្ឋានបុគ្គលិកដែលជាកូនប្រុសលោករដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឈ្មោះ ដោក ណារិន ។
គេអះអាងថានៅមុនពេលប្រឡងប្តូរក្របខ័ណ្ឌឡើងកាំប្រាក់នោះលោកស្រីកែវ សុធារី និងលោកដោក កុសល បានខ្សឹបប្រាប់ថ្នាក់ដឹកនាំមន្ទីរធម្មការជាច្រើន ឲ្យជួយប្រាប់មន្ត្រីៗក្រោមឱវាទតៗគ្នាថា បើមន្ត្រីរូបណាចង់ប្រឡងឡើងកាំប្រាក់តម្រូវឲ្យដាក់ពាក្យចូល ប្រឡងនិងយកប្រាក់ទៅជូនពួកគាត់ក្នុងតម្លៃពី១០០០ដុល្លារទៅ១៨០០ដុល្លារគឺ ជាប់ដោយស្វ័យប្រវត្តិ។ បើពុំមានការចំណាយប្រាក់ទេគឺប្រឡងមិនជាប់ឡើយ។ អ្នក ប្រឡងប្តូរក្របខ័ណ្ឌម្នាក់ៗ ប្តូរពីក្របខ័ណ្ឌ”ឃ”ទៅ”ក”ត្រូវចំណាយប្រាក់១៨០០ដុល្លារ ពីក្របខ័ណ”ឃ”ទៅ”ខ”១៥០០ដុល្លារឬពី”ខ”ទៅ”ក”១០០០ដុល្លារ គឺ ១កាំត្រូវចំណាយប្រាក់ ១០០០ ដុល្លារ បើឡើង២កាំត្រូវចំណាយប្រាក់១៥០០ដុល្លារបើឡើង៣កាំត្រូវចំណាយប្រាក់ ១៨០០ ដុល្លារ។ ដោយមានការខ្សឹបជាសម្ងាត់របស់លោកស្រី កែវ សុធារី និងលោកដោក កុសល ថ្នាក់ដឹកនាំមន្ទីរធម្មការរួមនិងមន្ត្រីដែលមានចេតនាចង់ឡើងកាំប្រាក់ខ្ពស់ម្នាក់ៗបានខំ ស្ទុះស្ទាទៅរកប្រាក់ប្តូរក្របខ័ណ្ឌឡើងកាំប្រាក់។ ព្រោះថានៅពេលបានប្តូរក្រប់ខ័ណ្ឌឡើង កាំប្រាក់នឹង ទទួលបានផលប្រយោជន៍ជាច្រើន ដូចជាទទួលបានប្រាក់ខែខ្ពស់ មានវាសនាទទួលមុខតំណែងខ្ពស់ និងបន្ថយអាយុឲ្យយូរក្រចូលនិវត្តន៍ជាដើម។
ពាក់ព័ន្ធការយកប្រាក់ពីក្រុមអ្នកប្រឡងក្របខ័ណ្ឌនេះត្រូវបានគេដឹងថាជាអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុងក្រសួងធម្មការការនិងសាសនាប៉ុន្តែអ្នកដែលទទួលបានផលប្រយោជន៍ច្រើនអំពីអំពើពុករលួយនេះគឺលោកស្រីកែវ សុធារី និងលោកដោក កុសលព្រោះពួកគាត់ ជាអ្នកទទួលប្រាក់ផ្ទាល់ពីក្រុមអ្នកប្រឡង និងជាអ្នកបែងចែកប្រាក់ជូនមន្ត្រីនៅក្នុងកណៈកម្មការ ប្រឡង។ លោកស្រីកែវ សុធារី លោកដោក កុសល និងរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាក៏ ដូចជាអ្នកនាំពាក្យ មិនអាចទំនាក់ទំនងសុំការបកស្រាយបានទេ កាលពីថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៤ ៕ ពៅ
» Breaking News, ព័ត៌មានជាតិ » អគ្គនាយករដ្ឋបាលនិងប្រធានបុគ្គលិករងការរិះគន់រួមដៃគ្នា ប្រព្រឹត្តអំពើពុករលួយ