ភ្នំពេញ ៖ បុរសម្នាក់របួសធ្ងន់និងម្នាក់ទៀតរបួសស្រាល ព្រោះជិះម៉ូតូបុកគ្នាដោយភាគីម្ខាងឆ្លងផ្លូវនិងម្ខាងទៀតជិះ ក្នុងល្បឿនលឿនមិនមើលមុខមើលក្រោយកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៤កែងផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។
សាក្សីនិយាយថា ម៉ូតូបង្កមានគ្នា៣នាក់ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1J-0315 បើកបរតាមបណ្តោយ ផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ ចំណែកភាគីម្ខាងទៀតជិះម៉ូតូមានគ្នា២នាក់ម៉ាកហុងដាសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BD-4356 តាមបណ្តោយផ្លូវលេខ២១៤ ក្នុងទិសដៅពីលិចទៅកើត ។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញបុរសដែលជិះម៉ូតូមានគ្នា៣នាក់បានបើកយ៉ាង លឿនតាមផ្លូវព្រះមុនីវង្សដោយមិនបានគោរពច្បាប់ចរាចរណ៍និងមើល ឆ្វេងស្តាំនោះទេ ។ លុះមកដល់ចំណុចកើតហេតុដែលជាផ្លូវកែងស្រាប់តែមានម៉ូតូជនរង គ្រោះមួយគ្រឿងបានបើកយឺតៗក្នុងគោលបំណងឆ្លងផ្លូវព្រះមុនីវង្ស ស្រាប់តែភាគីដែលមានគ្នា៣នាក់បានបុកពេញទំហឹងបណ្តាលឲ្យបុរស ដែលជាអ្នកបើកបរម៉ូតូហុងដាសេ១១០ម្នាក់ខ្ទាតចេញពីម៉ូតូជាង ៣ម៉ែត្ររងរបួសធ្ងន់ និងមិត្តភក្តិគេម្នាក់ទៀតដែលជិះពីក្រោយរងរបួសស្រាល ។ បន្ទាប់ពីបុកគ្នារួចត្រូវបានមិត្តភក្តិដែលរងរបួសស្រាលដឹកជន រងគ្រោះទៅព្យាបាលនៅគ្លីនិកឯកជនជិតនោះភ្លាមៗផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកវាស់វែង និងធ្វើកំណត់ហេតុព្រមទាំងឃាត់បុរសទាំង៣នាក់ដែលជិះម៉ូតូហុងដា សេ១២៥ និងម៉ូតូទាំង២គ្រឿងយកទៅអធិការដ្ឋាននគបាលខណ្ឌ៧មករាដើម្បីដោះ ស្រាយគ្នា៕
ដោយ៖ មករា