ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសារ បុរសពីរនាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ក្នុងល្បឿនលឿនជ្រុលបុករទេះអូសបន្លែ បណ្តាលឲ្យម្នាក់របួសធ្ងន់ នឹងម្នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង ២២ នឹង ៣០ នាទីយប់ថ្ងៃទី ១៤ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត កន្លែងផ្សារលក់បន្លែ ក្នុងសង្កាត់ទួលស្វាយព្រៃទី ២ ខណ្ឌចំការមន។
យោងតាមសាក្សីនៅកន្លែងកើតហេតុកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញ បុរសពីរ នាក់ជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុងពណ៌ទឹកប៊ិច ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិច ទៅកើត ដោយបានជិះយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ នេះស្រាប់តែមានបុរសម្នាក់ទៀត បានអូសរទេះបន្លែឆ្លងកាត់ផ្លូវព្រះមុនីរ៉េត ក៏ត្រូវបុរសពីរនាក់ ខាងលើបានជិះម៉ូតូជ្រុលបុកយ៉ាងពេញទំហឹង ដួលប្រាវទៅថ្នល់ បុរសម្នាក់បោកក្បាលនឹងរនាំងថ្មចែកទ្រូងផ្លូវ រងរបួសធ្ងន់ធ្ងរ នឹងម្នាក់ទៀតរងរបួសស្រាល ចំណែកម៉ូតូត្រូវរងការខូចខាត ចំណែករទេះក្រោយកើតហេតុត្រូវបានម្ចាស់អូសយកទៅរក្សាបាត់។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ទួលស្វាយ ព្រៃទី ២ រង់ចាំក្រុមគ្រួសារមកទទួលយកទៅវិញ។ គ្រោះថ្នាក់នេះបង្កឡើងដោយសារម្ចាស់ជិះលឿនពេកទើប បណ្តាលឲ្យចាប់ហ្វ្រាំងមិនជ្រុលបុកបង្កជាចរាចរណ៍តែម្តងទៅ៕ ដោយៈ បញ្ញា