ប៉ោយប៉ែត៖ ប្រជាពលករខ្មែរដែលបានធើ្វចំណាកស្រុកចូលទៅស្វែងរកការងារនៅក្នុង ប្រទេសថៃនោះបានសំរុកវិលមកស្រុកកំណើតវិញតាមច្រកព្រំដែនអន្តរជាតិ និងច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រតំបន់ប៉ោយប៉ែត។ នេះជាដំណើរច្រើនខុសពីសព្វមួយដងនាប៉ុន្មានថ្ងៃចុងក្រោយនេះ ។
ពលករម្នាក់ក្នុងចំណោមពលករទាំងនោះបានឲ្យដឹងថា រូបគេមានស្រុកកំណើត នៅឯខេត្តស្វាយរៀង ហើយបានចូលទៅធើ្វការនៅក្នុងប្រទេសថៃអស់រយៈពេលជាង១ឆ្នាំមកហើយ។ ដោយមានការនឹកអាល័យស្រុកកំណើតខ្លាំងពេករូបគេក៏បានវិលមកលេងស្រុកវិញ ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។
ពលកររូបនោះបានបន្តថា ការងារដែលគាត់បានធើ្វនៅក្នុងប្រទេសថៃគឺ កម្មករសំណង់ ប៉ុន្តែទទួលបានកម្រៃខ្ពស់ជាងការងារនៅក្នុងស្រុកខ្មែរ ហើយការងារក៏សំបូរ។ អ៊ីចឹងបានជាសព្វថ្ងៃនេះពលករខ្មែរជាច្រើននាំគ្នាសំរុកទៅប្រទេសថៃជិត អស់ពីស្រុកខ្មែរហើយ ។
ចំណែកពលករខ្មែរម្នាក់ទៀតដែលបានចូលទៅធើ្វការនៅក្នុងប្រទេស ថៃដែរនោះ ក៏បានឲ្យដឹងថារដូវកាលនេះគឺជារដូវកាលជិតដល់ពេលចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ដូច្នេះពួកពលករដែលនៅក្នុងប្រទេសថៃនោះគឺ ម្នាក់ៗបានវិលមកស្រុកកំណើតវិញជាបណ្តើរៗ ដើម្បីបានជួបជុំបងប្អូននិងញាតិមិត្ត។
ពលករដដែលបានឲ្យដឹងទៀតថា អ្វីដែលព្រួយបារម្ភនោះគឺមានក្រុម មេខ្យល់ដែលជាជាតិខ្មែរដូចគ្នា ចាំលក់សំបុត្រឡាននៅក្នុងផ្សាររោងក្លឿទឹកដីថៃឲ្យពលករខ្មែរមានតម្លៃខ្ពស់ហួសកំណត់ ពោលគឺសំបុត្រឡានក្រុង១តម្លៃដល់ទៅ៥០០បាតប្រាក់ថៃ វាស្មើនឹង០៦ម៉ឺនរៀលពីប៉ោយប៉ែតទៅភ្នំពេញ។កម្មកររូបនោះ បន្តថា រូបលោកបានចំណាយប្រាក់អស់៧០០បាតសំរាប់ទិញសំបុត្រឡាន១និងថ្លៃ មេខ្យល់គេដឹកឥវ៉ាន់របស់លោកមកដល់កម្ពុជា បើទោះជាថ្លៃក៏ដោយ សម្រាប់ពលករដែលទើបមកពីប្រទេសថៃនៅតែទិញសំបុត្រឡានពីក្រុម មេខ្យល់ទាំងនោះដោយខានមិនបាន ។
កត្តានេះលោកចង់ឲ្យអាជ្ញាធរនៅប៉ោយប៉ែតជាពិសេស់សមត្ថកិច្ចនៅ តំបន់ក្រុងប៉ោយប៉ែតមេត្តាយកចិត្តទុកដាក់ជួយលុបបំបាត់ក្រុមមេខ្យល់ ទាំងនោះ ដើម្បីការពារផលប្រយោជន៍ជូនប្រជាពលករខ្មែរដែលទើបមកពីប្រទេសថៃនេះ ផង ។
ចំណែកប្រជាពលរដ្ឋមួយចំនួនក៏ចង់ឃើញសមត្ថកិច្ចមានចំណាត់ការលើ រថយន្តក្រុងទាំងនោះផងដែរ ព្រោះរថយន្តទាំងនោះពិតជាបានបង្កភាពអនាធិបតេយ្យចតគ្មាន សណ្តាប់ធ្នាប់ ជាពិសេសចតនៅលើដងផ្លូវជាតិលេខ៥តែម្តង។ ពលករទាំងឡាយសង្ឃឹមថាបើសមត្ថកិច្ចហ៊ានលូកដៃមែននោះគឺពួកគេបានសប្បាយចិត្តជាមិនខាន៕ ដោយ៖ បុរី