ភ្នំពេញ៖ បុរសម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ក្នុងខណៈដែលរូបគេជិះម៉ូតូមួយគ្រឿងម៉ាកសងកូរ៉េ ក្នុងល្បឿនលឿន ហើយជ្រុលល្បឿនទៅបុកក្បាលរថយន្តហាយឡែនឌ័រ មួយគ្រឿងផ្សេងទៀត យ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យបុរសជាម្ចាស់ផ្លោងបោកផ្ទប់នឹងរថយន្ត ។
គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ២៣ នឹង ៣០ នាទី យប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវលេខ ១១៨ ក្នុងសង្កាត់ ផ្សារ ចាស់ ខណ្ឌដូនពេញ។
យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់វ័យ ជាង ៣០ ឆ្នាំ បានជិះម៉ូតូមួយគ្រឿង ម៉ាកសង កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ១១៨ ក្នុងទិសដៅពីកើតទៅលិច ដោយបានជិះក្នុងល្បឿនលឿនជ្រុលទៅបុកចំក្បាលរថយន្តហាយឡែន មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S 1187 របស់ជនជាតិចិនដែលកំពុងបើកបរធ្វើដំណើរ តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូផ្លោងបោកផ្ទប់នឹងកញ្ជាក់ រថយន្តរងរបួសធ្ងន់ធ្ងរ បានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូនឹងរថយន្ត គាបជាប់គ្នានៅចំពាក់កណ្តាលផ្លូវតែម្តង។
សមត្ថកិច្ចបានបញ្ជាក់គ្រោះថ្នាក់នេះ ម៉ូតូរបស់ជនរងគ្រោះនឹងរថយន្តហាយឡែនឌ័រ ត្រូវបានសមត្ថកិច្ច មូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចុះវាស់វែងអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយៈ បញ្ញា