ខេត្តកំពង់ធំ៖រឿងអាស្រូវពុករលួយថ្មីមួយរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំទើបតែបានផ្ទុះចេញគួរឲ្យភ្ញាក់ផ្អើលនិងធ្វើឲ្យមានការចាប់អារម្មណ៍គឺគេបានឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធចែកគ្នាលេបត្របាក់ស៊ីប្រាក់សំរាប់បោះជំរំយុវជន កាលពីខែមករាដើមឆ្នាំ២០១៤ទឹកប្រាក់សរុបជាង ១៩៩លានរៀល ប៉ុន្តែប្រាក់ទាំងនោះត្រូវបានគេចែកគ្នាលេបត្របាក់អស់ប្រមាណពី៦៥ទៅ៧០ភាគ រយ ហើយទឹកប្រាក់ដែលនៅសល់ទើបគេយកទៅចំណាយក្នុងកម្មវិធីនោះ។
តាមមន្ត្រីមន្ទីរអប់រំម្នាក់បានឲ្យដឹងថាសំរាប់កម្មវិធីបោះជំរុំយុវជនកាលពីខែមករាដើមឆ្នាំ២០១៤កម្មវិធីមានកញ្ចប់ថវិកា សំរាប់ចំណាយមានទឹកប្រាក់សរុបជា១៩៩លានរៀល ប៉ុន្តែប្រាក់១២០ទៅ ១៣០លានរៀលត្រូវបានថ្នាក់ដឹកនាំនិងមន្ត្រីសំខាន់ៗ នៅក្នុងមន្ទីរអប់រំខេត្តកំពង់ធំបានយកខ្ទង់ប្រាក់ នេះមកចែកគ្នាហើយទឹកប្រាក់ដែលសេសសល់ទើបគេយកទៅចំណាយរួចបំប៉ោងតួលេខដើម្បីបង្រប់ចំនួនចំណាយ។ចំពោះអ្នកដែលទទួលបានផលប្រយោជន៍ច្រើនពីកម្មវិធីបោះជំរំយុវជននោះគឺលោកអតីតប្រធានមន្ទីរ កឹម វិសុទ្ធ ដែលទើបតែចូលនិវត្តន៍ថ្មីៗនេះ។ក្រៅពីនោះមានលោកអនុប្រធានមន្ទីរ ទទួលបន្ទុកយុវជនកីឡានិងមធ្យមសិក្សា ជូ វុនធី ដែលបច្ចុប្បន្នជាប្រធានបណ្តោះអាសន្នមន្ទីរអប់រំ និងលោកប្រធានការិយាល័យគណនេយ្យឈ្មោះហួ សារិន រួមនិងលោកប្រធានការិយាល័យយុវជន ឈ្មោះកែវ ផល ទៀតផង។
តាមប្រភពខាងលើបានឲ្យដឹងថាបើនិយាយអំពីរឿងអំពើពុករលួយនៅក្នុងមន្ទីរអប់រំខេត្តកំពង់ធំគឺមានច្រើនករណី ប៉ុន្តែរឿងជាច្រើនត្រូវបានគេលាក់កំបាំងស្ងាត់គ្មាននរណាដឹងរហូតដល់ លោកកឹម វិសុទ្ធ ធ្វើជាប្រធានមន្ទីរបានរហូតមកទើបតែបានចូលនិវត្តន៍ថ្មីៗនេះ។ជាមួយគ្នានោះ ដែរគ្រាបពូជពុករលួយរបស់លោកកឹម វិសុទ្ធ ក៏នៅតែដុះដាលដល់សព្វថ្ងៃ។ករណីអំពើពុក រលួយនេះទោះបី លោកកឹម វិសុទ្ធ បានចូលនិវត្តន៍មែន ប៉ុន្តែក្រសួងអប់រំយុវជននិងកីឡារួមនិង អង្គភាពប្រឆាំងអំពើពុករលួយគួរបើកការស៊ើបអង្កេតសំណុំរឿងពុករលួយនៅក្នុងមន្ទីរអប់រំខេត្តកំពង់ធំ។ ព្រោះថាករណីពុករលួយនេះគឺមិនអាចធ្វើឡើងដោយ លោកកឹម វិសុទ្ធ តែម្នាក់បានទេចាំបាច់ត្រូវ តែមានការចូលរួមពី លោកជូ វុនធី អនុប្រធានមន្ទីរទទួលបន្ទុកនិងលោកប្រធានការិយាល័យ គណនេយ្យ ហួ សារិន ទើបធ្វើទៅបាន។ហើយដើម្បីការប្រមានដល់មន្ត្រីដែលមានអាយុជិតដល់ចូល និវត្តន៍ហ៊ានប្រព្រឹត្តនូវអំពើពុករលួយតទៅទៀតនោះគួរតែមានការបើការស៊ើបអង្កេតលក្ខណៈពិសេសក្នុងករណីនេះ៕
» Breaking News, ព័ត៌មានជាតិ » ផ្ទុះរឿងពុករលួយនៅមន្ទីរអប់រំខេត្តកំពង់ធំ ឃុបឃិតគ្នាលេបប្រាក់បោះជំរំយុវជនឆ្នាំ២០១៤