កណ្តាល ៖ មនុស្ស៤នាក់ បានរងរបួសធ្ងន់ស្រាល ដោយសារ ម៉ូតូមួយគ្រឿង បើកលឿន ជ្រុលទៅ បុករឺម៉ក មួយគ្រឿង យ៉ាងពេញទំហឹង កាលពីវេលា ម៉ោង១៨និង៥០នាទី ស្ថិតតាម បណ្តោយផ្លូវជាតិ លេខ៤១ ក្នុងភូមិពន្លឺ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះមាន ឈ្មោះ នៅ សំបូរ ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរ ជាអ្នករត់រឺម៉ក រស់នៅ ភូមិដូនកែវ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល និងមានជិះលើ រឺម៉កម្នាក់ ក៏រងរបួសស្រាល ផងដែរ ចំណែកអ្នកបើកបរ ម៉ូតូជ្រុលទៅបុកនោះមាន ឈ្មោះ អ៊ូច មឿនភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាកម្មករ រោងចក្រ រស់នៅ ភូមិគោគដង្កោ ឃុំពេជ្រមុន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-6371 រងរបួសធ្ងន់ និងក្មេងម្នាក់ ពុំត្រូវបានគេស្គាល់ ឈ្មោះរងរបួសធ្ងន់ ផងដែរ ។
មុនពេលកើតហេតុ ម៉ូតូបង្ក ជិះក្នុងទិសដៅពីត្បូង ទៅជើងតាមបណ្តោយ ផ្លូវខាងលើ ក្នុងល្បឿន លុះដល់ចំណុច កើតហេតុបាន ជ្រុលទៅបុក ម៉ូតូសណ្តោងរឺម៉ក ដែលបើកបរ ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស៤នាក់ ដួលបោកទៅនឹងថ្នល់ ប៉ុន្តែអ្នករួមដណើរ គ្រាន់រង របួសស្រាល រីឯអ្នកបើកទាំងពីរ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូន ទៅសម្រាកព្យាបាលជាបន្ទាន់ រីឯម៉ូតូទាំងពីរគ្រឿង រងការខូចខាត យ៉ាងដំណំផងដែរ ៕
» ព័ត៌មានជាតិ » ម៉ូតូបុករឺម៉ក រងរបួសធ្ងន់២នាក់ ស្រាល២នាក់