ពោធិ៍សាត់៖ ពលករ៤នាក់តំណាងឲ្យ ២១នាក់ មកប្ដឹងសមាគមន៍អាដហុកដើម្បីទារប្រាក់ដែលពួកគាត់បានបង់ក្នុងម្នាក់ៗអស់ទឹកប្រាក់ចំនួន១៦១ដូល្លារដល់ពេលនេះហើយពួកគាត់មិនបានចេញទៅធ្វើការនៅឯប្រទេសថៃ។ពលករទាំងនោះមកពី៦ស្រុកក្នុងខេត្តពោធិ៍សាត់ ត្រូវបានក្រុមហ៊ុនប៊ូរូខេមឌានបោកប្រាស់យកលុយកាលពីឆ្នាំ២០១២កន្លងមក។
ស្ត្រីឈ្មោះប៉ាង ហាង អាយុ ២៥ឆ្នាំមានលំនៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន បានរៀបរាប់ឲ្យដឹងថា ដោយសារតែមានជីវភាពខ្វះខាត គ្មានមុខរបរ កូនក៍ច្រើន ក៍បាននាំប្ដីប្រពន្ឋមកដាក់ពាក្យ នៅក្រុមហ៊ុនមួយ ដើម្បីទៅធ្វើការនៅ ប្រទេសថៃ។ ការដែលពួកគាត់នាំគ្នាមកដាក់ពាក្យតាមក្រុមហ៊ុនក៍ព្រោះតែអាចនឹងមានសុវត្ថិភាពជាង តាមទៅតាមមេខ្យល់ ព្រោះអីធ្លាប់តែឮគេនិយាយប្រាប់ថា អ្នក ដែលទៅធ្វើការនៅប្រទេសថៃតាមមេខ្យល់ជាការងារមួយដែលខុសច្បាប់ ហើយប្រឈមនឹងជួបបញ្ហា គ្រប់បែបយ៉ាងដូចជាការរត់គេពីកម្លាំងតម្រួតថៃ និងពេលធ្វើការមួយខែឬពីរបីខែ ក្រោយមកសុំគេបើក ប្រាក់មិនបានទេដោយគេថា មេខ្យល់បានលក់ខ្លួនឲ្យគេព្រមទាំងបានបើកលុយយកទៅបាត់ហើយ។
ប៉ាង ហាង បន្តថាដោយមានការស្មុកស្មាញដូចនេះហើយទើប នាំប្ដីប្រពន្ឋមកដាក់ពាក្យនៅក្រុមហ៊ុននឹងគេ ព្រោះវាស្របច្បាប់និងមិនមានបញ្ហា។ លុះដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១២ពីរនាក់ប្ដី ប្រពន្ឋក៍បាននាំគ្នាមកដាក់ពាក្យនូវក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុន ប៊ូរូខេមបូឌាន ដែលមានទីតាំងទល់មុខពន្ឋនាគារខេត្តស្ថិតក្នុង ភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង- ខេត្តពោធិ៍សាត់ ។ នៅក្នុងពេលនោះដែរ លោកប្រធានក្រុមឈ្មោះ វណ្ណា វង្សពិសី បានតម្រូវឲ្យពលករម្នាក់ៗបង់ប្រាក់ជាមុនដើម្បីរត់ការឯកសារ ដោយមានចេញជាវិក័យប័ត្របញ្ជាក់យ៉ាងច្បាស់ថា ១ ;សេវាកម្មប៉ាស្ព័រ ១៥០ដូល្លារ ២ ; ពិន័យ ខ្វះឯកសារ ៥ដូល្លារ ៣; រូបថត២១សន្លឹក៦ដូល្លារ សរុបទាំងអស់១៦១ដូល្លារ។ ពេលដែលបង់ប្រាក់ឲ្យទៅលោកប្រធានក្រុមហ៊ុនរួចហើយគាត់ក៍ណាត់ឲ្យទៅថតរូបដើម្បីបំពេញឯកសារនៅភ្នំពេញ រួចកំណត់ពេលយ៉ាងយូរបីខែទៀត ឈ្មោះធ្លាក់មកលោកនឹងនាំពលករទាំងអស់ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់។
ស្ដ្រីឈ្មោះប៉ាង ហាង បន្តទៀតថា ដល់ពេលកំណត់រយះពេលបីខែក៍បានទូរសព្ទ័ទៅលោកប្រធានក្រុមហ៊ុន ជាច្រើនដង តែគាត់បានឆ្លើយប្រាប់ថា ឈ្មោះមិនទាន់ធា្លក់មកទេ ព្រោះឯកសារមិនទាន់គ្រប់គ្រាន់ រងចាំបន្តិចទៀតសិនចុះ ដោយមានការ ពន្យាពេលយូរទៅៗ ពីខែនេះ ថាខែនោះ មានការសង្ស័យថាក្រុមហ៊ុននេះ ប្រហែលជាបោកប្រាស់ ក៍នាំប្តីប្រពន្ឋមកមើលនៅកន្លែងធ្វើការរបស់គាត់ ស្រាប់តែបានរុះរើ ចេញទៅណាបាត់ទៅហើយ ក៍មានអារម្មណ៍រន្ឋត់អង្គុយយំពីរនាក់ប្តីប្រពន្ឋតែម្ដង ដោយមានការសោកស្ដាយ លុយកាក់ដែលក្រុមហ៊ុនបោកប្រាស់ ព្រោះលុយទាំងអស់នោះសុទ្ឋតែចងការគេទាំងអស់។
ទាក់ទងនឹងរឿងនេះ លោក លី សុភា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវ: ខេត្តពោធិ៍សាត់ បានបំភ្លឺប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទ័នៅថ្ងៃទី១៣ខែកក្កដាថា ក្រុមហ៊ុនស្របច្បាប់ដែលមានអាជ្ញាបណ្ណ័ត្រឹមត្រូវពីក្រសួងការងារ នៅក្នុងខេត្តពោធិ៍សាត់ គឺមានចំនួន បី ១/ ក្រុមហ៊ុន អ៊ឹងរិទ្ឋីគ្រុប ២ / ក្រុមហ៊ុនអេភី និង ៣/ ក្រុមហ៊ុន ប៊ូរូខេមបូឌាន។
លោកបានបន្តថា ចំពោះក្រុមហ៊ុនប៊ូរូខេមបូឌាន គឺបានរុះរើចេញពីខេត្តពោធិ៍សាត់យើងហើយ។ ចំណែកថារឿងក្រុមហ៊ុនបោកប្រាស់លុយពីប្រជាពលរដ្ឋនោះគឺគ្មានទេ វាជារឿងរបស់បុគ្គលទេដែលធ្វើខុសពីគោលការណ៍ច្បាប់ ប៉ុន្តែរឿងនេះសមត្ថកិច្ចកំពុងតែស៊ើបអង្កេតស្រាវជ្រាវហើយ។
អ្នកយកព័ត៌មាន បានធ្វើការទំនាក់ទំនងសុំការបំភ្លឺទៅលោក វណ្ណា វង្សពិសី ប្រធានក្រុមហ៊ុនប៊ូរូខេមបូឌានតាម ទូរសព្ទ័ជាច្រើនខ្សែរ តែទូរសព្ទ័ របស់លោកមិនអាចទាក់ទងបាន។
មន្ត្រីសម្របសម្រួលសមាគមន៍អាដហុក និងការពារសិទ្ឋិពលរដ្ឋកម្ពុជាប្រចាំខេត្តពោធិ៍សាត់បាននិយាយថា ការឆបោកប្រជាពលរដ្ឋបែបនេះវាជាអំពើរខុសច្បាប់ កន្លងមកអាជ្ញាធរសមត្ថកិច្ច និងក្រសួងការងារបានចេញប្រកាសបិទនូវ ក្រុមហ៊ុនមួយចំនួន ដើម្បីទប់ស្កាត់ ការឆបោកប្រជាពលរដ្ឋ។ ប៉ុន្តែពលរដ្ឋនៅតែមានការចាញ់បោកក្រុមហ៊ុនជាបន្តបន្ទាប់ ដោយសារតែពលរដ្ឋនៅមានកង្វះខាតព័ត៌ មានជាក់លាក់ ក្នុងការបំពេញនីតិវិធីសំរាប់ធ្វើការនៅក្រៅប្រទេស។
តំណាងពលករជាង២១ នាក់មកពីស្រុកទាំង៦នៅក្នុងខេត្តពោធិ៍សាត់ដែលបានចាញ់បោកក្រុមហ៊ុនប៊ូរូខេមបូឌានសូមអំពាវនាវដល់ក្រសួងមានសមត្ថកិច្ច ពិសេសក្រសួងការងា មេត្តាជួយ ចាត់ការ លោក វណ្ណា វង្សពិសី តាមផ្លូវច្បាប់ផង ដើម្បីរកយុត្តិធម៌ជូនដល់ពលករ រងគ្រោះ។បើពុំនោះទេប្រសិនបើទុកគាត់ឲ្យធ្វើការនៅតាមក្រុមហ៊ុនទៀត វានឹងអាចប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន ម្យ៉ាងវិញទៀតអាចនឹងមានពលរដ្ឋជាច្រើននាក់ទៀតដែលមិនទាន់ដឹងត្រូវចាញ់បោកបុគ្កលម្នាក់នេះគ្រប់ៗគ្នា៕ ភ្នំក្រវាញ