ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាករ៉ងរ៉ូវែ បានបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូវ៉េវ មួយគ្រឿង ជិះគ្នាពីរនាក់ដែលកំពុងឆ្លងផ្លូវ យ៉ាងពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ រថយន្តបើករត់ គេចខ្លួនបាត់ស្រមោស កាលពីវេលាម៉ោង ២ នឹង០០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះសមត្ថកិច្ចមូលដ្ឋានដែលចុះទៅដល់កន្លែង កើតហេតុនោះបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះ ២ នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវវត្តអង្គតាមិញ ឆ្លងកាត់ផ្លូវសហព័ន្ធរុស្ស៊ី ខណៈនោះស្រាប់តែមានរថយន្តរ៉ងរ៉ូ វែ មួយគ្រឿងពណ៌ខ្មៅ មួយគ្រឿង ដែលកំពុងបោះពួយយ៉ាងលឿនតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពី លិចទៅកើតនោះបានជ្រុលបុកម៉ូតូប៉ើង ជាង១០ ម៉ែត្រ បណ្តាលឲ្យម្ចាស់ម៉ូតូអ្នកឌុបស្លាប់នឹងអ្នកជិះពីក្រោយរង់ របួសធ្ងន់ នឹងម៉ូតូខូចខាតទាំងស្រុង ហើយរថយន្តបានបន្តបើករត់គេចខ្លួនក្រោយដឹងថារូបគេបើករថយន្តបុក មនុស្សស្លាប់។
បន្ទាប់ពីកើតហេតុសាកសពជនរងគ្រោះត្រូវបានរថយន្តសាមុយមកដឹកយកទៅតម្កល់នៅវត្តទឹកថ្លារង់ចាំ ទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ នឹងម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុកនៅទីស្នាក់ការនគរបាលប៉ុស្តិ៍កាកាប៕ ដោយៈ បញ្ញា