ភ្នំពេញ៖មន្ត្រីសំខាន់ចំនួន២រូបនៃក្រសួងធម្មការនិងសាសនាបានរួមដៃគ្នាក្នុងការប្រព្រឹត្តអំពើពុករលួយទ្រង់ទ្រាយធំក្នុងប្រឡងប្តូរក្របខ័ណ្ឌរបស់មន្ត្រីរាជការកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៣ តាមរយៈការបង្ខិតបង្ខំឲ្យបេក្ខជនដែលរូលរួមប្រឡងបង់ប្រាក់ក្នុងម្នាក់ៗអស់ប្រាក់ពី១០០០ទៅ១៨០០ដុល្លារអាមេរិក។
តាមមន្ត្រីដែលចូលរួមប្រឡងប្តូរក្របខ័ណ្ឌឡើងកាំប្រាក់បានឲ្យដឹងថាអ្នកដែលប្រព្រឹត្តអំពើពុករលួយនោះគឺលោកស្រី កែវ សុធារី អគ្គនាយករដ្ឋាបាលនិងហិរញ្ញវត្ថុនិងលោក ដោក កុសល ប្រធាន នាយកដ្ឋានបុគ្គលិកនិងជាកូនប្រុសលោករដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា ឈ្មោះ ដោក ណារិន ។
តាមប្រភពខាងលើបានអះអាងថានៅមុនពេលប្រឡងប្តូរក្របខ័ណ្ឌឡើងកាំប្រាក់នោះលោកស្រីកែវ សុធារី និងលោកដោក កុសល បានណែនាំនិងខ្សឹបប្រាប់ថ្នាក់ដឹកនាំមន្ទីរធម្មការជាច្រើន ឲ្យជួយប្រាប់មន្ត្រីៗក្រោមឱវាទថា បើមន្ត្រីរូបណាចង់ប្រឡងឡើងកាំប្រាក់តម្រូវឲ្យដាក់ពាក្យចូល ប្រឡងនិងយកប្រាក់ទៅជូនពួកគាត់ក្នុងតម្លៃពី១០០០ដុល្លារទៅ១៨០០ដុល្លារទើបការប្រឡងនោះបានជាបដោយស្វ័យប្រវត្តិហើយ បើពុំមានការចំណាយប្រាក់ទេគឺប្រឡងមិនជាប់ឡើយ។សំរាប់អ្នក ប្រឡងប្តូរក្របខ័ណ្ឌម្នាក់ៗត្រូវចំណាយនោះគឺបើការប្រឡងប្តូរពីក្របខ័ណ្ឌ”ឃ”ទៅ”ក”ត្រូវចំណាយប្រាក់១៨០០ដុល្លារពីក្របខ័ណ”ឃ”ទៅ”ខ”១៥០០ដុល្លារឬពី”ខ”ទៅ”ក”១០០០ដុល្លារបើនិយាយឲ្យចំឡើង១កាំត្រូវចំណាយប្រាក់១០០០ដុល្លារបើឡើង២កាំត្រូវចំណាយប្រាក់១៥០០ដុល្លារបើឡើង៣កាំត្រូវចំណាយប្រាក់១៨០០ដុល្លារ។ដោយមានសេចក្តីណែនាំជាសម្ងាត់របស់លោកកែវ សុធារី និងលោកដោក កុសល នេះថ្នាក់ដឹកនាំមន្ទីរធម្មការរួមនិងមន្ត្រីដែលមានចេតនាចង់ឡើងកាំប្រាក់ខ្ពស់ម្នាក់ៗបានខំ ស្ទុះស្ទារទៅខ្ចីបុលប្រាក់គេដើម្បីយកទៅចំណាយក្នុង ការប្រឡងប្តូរ ក្រប់ខ័ណ្ឌឡើងកាំប្រាក់នោះ។ ព្រោះថានៅពេលបានប្តូរក្រប់ខ័ណ្ឌឡើង កាំប្រាក់នោះគឺពួកគាត់បានទទួលផលប្រយោជន៍ជាច្រើន ដូចជាទទួលបានប្រាក់ខែខ្ពស់មានវាសនាទទួលមុខតំណែងខ្ពស់និងថែមអាយុធ្វើការបានយូរក្រចូល និវត្តន៍ជាដើម។
ហើយមកដល់ពេលនេះមន្ត្រីមន្ទីរធម្មការមួយចំនួននៅតាមបណ្តាខេត្តដែលបានខ្ចីប្រាក់ពីម្ចាស់បំណុលគឺខ្លះមិនទាន់បានរកប្រាក់សងម្ចាស់បំណុលគ្រប់នៅឡើយ។ព្រោះថាមន្ត្រីមន្ទីរធម្មការម្នាក់ៗក្រៅតែពីប្រធានមន្ទីរគឺពិបាករកប្រាក់ណាស់មិនមែនដូចនៅស្ថាប័នផ្សេងៗទៀតណាស់។ ដូច្នេះទឹកប្រាក់១០០០ដុល្លារទៅ១៨០០ដុល្លារគឺពិតជាច្រើនសម្រាប់ពួកគាត់។
ពាក់ព័ន្ធការយកប្រាក់ពីក្រុមអ្នកប្រឡើងក្របខ័ណ្ឌនេះត្រូវបានគេដឹងថាជាអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធនៅក្នុងក្រសួងធម្មការការនិងសាសនាប៉ុន្តែអ្នកដែលទទួលបានផលប្រយោជន៍ច្រើនអំពីអំពើពុករលួយនេះគឺលោកស្រីកែវ សុធារី និងលោកដោក កុសលព្រោះពួកគាត់ ជាអ្នកទទួលប្រាក់ផ្ទាល់ពីក្រុមអ្នកប្រឡង និងជាអ្នកបែងចែកប្រាក់ជូនមន្ត្រីនៅក្នុងកណៈកម្មការ ប្រឡង។គប្បីអង្គភាពប្រឆាំងអំពើពុករលួយគួរមានវិធានការលើករណីនេះជាបន្ទាន់។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានពុំអាចរកការបំភ្លឺពីលោកស្រីកែវ សុធារី និងលោកដោក កុសលនិង រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិងអ្នកនាំពាក្យរបស់ក្រសួងបាននោះទេ៕ ពៅ