ភ្នំពេញ ៖ នគរបាលការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ កាលពី ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៤ បាន បញ្ជូនអ្នកបើករថយន្ដសាំយ៉ុងម្នាក់ ទៅ កាន់តុលាការ ក្រោយពីបើករថយន្ដទៅបុក នារីជិះ កង់ម្នាក់ បណ្ដាលឱ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ កន្លងទៅ ។
ការិយាល័យ ចរាចរណ៍ ក្រោយពី មានការឯកភាពពី លោកស្នងការរង ហេង ចាន់ធារី រួចមក បានបញ្ជូនអ្នកបើករថយន្ដសាំយ៉ុង ឈ្មោះ ចែម ផូ ភេទប្រុស អាយុ ២៧ឆ្នាំ មានស្រុក កំណើត នៅស្រុកអង្គរបុរី ខេត្ដតាកែវ ទៅកាន់តុលាការ ក្រោយពី បង្កគ្រោះថ្នាក់ ចរាចរណ៍ ដោយមានស្ថានភាពស្រវឹងនៅ ក្នុងខ្លួន ។
មន្ដ្រីនគរបាលចរាចរណ៍បាននិយាយថា កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៤ កន្លងទៅស្ថិតនៅ មុខសកលវិទ្យាល័យន័រតុន លើផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ អ្នក បើករថយន្ដសាំយ៉ុងរូបនេះ បានបើករថយន្ដ តាមបណ្ដោយផ្លូវកែវចិន្ដា ក្នុងទិសដៅពី កើតទៅលិច លុះដល់ចំណុចកើតហេតុបាន បុកនារីម្នាក់ កំពុងជិះកង់បណ្ដាលឱ្យដួលរង របួសធ្ងន់ ។
នារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ឈ្មោះ សុះ សំរស់ អាយុ ២៦ឆ្នាំ រស់នៅផ្ទះ លេខ ៣៦ សង្កាត់ ជ្រោយចង្វារ ខណ្ឌឫស្សី កែវ ។ ដោយគ្រោះថ្នាក់ ចរាចរណ៍ខាងលើ នេះ ទាំងរថយន្ដ និងម៉ូតូត្រូវបាន យក ទៅ រក្សាទុក នៅការិយាល័យចរាចរណ៍ដើម្បី រង់ចាំការដោះស្រាយបន្ដទៀត ៕