ភ្នំពេញ៖ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង០៥នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៣ នៅចំណុចផ្ទះជួលលេខ ២៣៨ ក្រុមទី១៤ ផ្លូវចូលសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ត្រូវបាននគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោ បំពាក់ខ្នោះដៃជូន ដោយសារពួកគេ ទាំងពីរនាក់ បន្លំចូល បន្ទប់ផ្ទះជួល របស់និស្សិត កសិកម្មចំការដូង ស្នាក់នៅ លួចយកកុំព្យូទ័រ០២គ្រឿង និងទូរស័ព្ទ០១គ្រឿង តែមិនបានសម្រេច។
មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលដង្កោ ប្រាប់ឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១ ឈ្មោះ ជា អឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់ផ្ទះជួលភូមិទួលល្វែង សង្កាត់ច្បារអំពៅទី១ ខណ្ឌមានជ័យ មាន ស្រុកកំណើតនៅភូមិរំដេញ ឃុំ ឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង និងទី ២ ឈ្មោះ ជា បឿន ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ផ្ទះជួលជាមួយគ្នា និងមានស្រុកកំណើតនៅ ភូមិចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដកហូតបានកុំព្យូទ័រ (Laptop) ០២គ្រឿង និងទូរស័ព្ទដៃ ០១ គ្រឿង របស់ជនរងគ្រោះ ព្រមទាំងម៉ូតូ០១គ្រឿង ម៉ាក ស្កុបពី ពណ៌ក្រហម ស៊េរី ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BN-9181 និងទួណឺវីស ០១ ជារបស់ក្រុមជនសង្ស័យ។ ដោយឡែកជនរងគ្រោះទី១ ឈ្មោះ គឹម តុលា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅបន្ទប់ ផ្ទះកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិ ដំណាក់អំពិល ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២ ឈ្មោះ ឌួង សំអុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជានិស្សិត ស្នាក់នៅបន្ទប់ផ្ទះ កន្លែងកើតហេតុជាមួយគ្នា និងមានស្រុកកំណើត នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
លោកអនុសេនីយ៍ទោ លត់ ឃីម នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ប្រាប់ឲ្យដឹងថា ដោយទទួលបានការ បញ្ជាពីលោកវរសេនីយទោ យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ដង្កោឲ្យចុះល្បាត នៅក្នុងមូលដ្ឋាន គ្រប់ ពេលវេលា ដើម្បីទប់ស្កាក់ឲ្យបានរាល់ បទល្មើសផ្សេងៗ កុំឲ្យកើតមានឡើង នៅក្នុងអំឡុងយុទ្ធនាការ នៃការឃោសនារកសំឡេងឆ្នោត ដូច្នេះជារឿងៗ លោកតែង តែដឹកនាំកងកម្លាំង របស់លោកទាំងអស់ ចេញល្បាតទាំងយប់ ទាំងថ្ងៃ ការពារឲ្យបានរាល់បទល្មើសនានា កុំឲ្យមាន លុះនៅ ព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ កម្លាំងរបស់លោក បានចុះល្បាតនៅក្នុងភូមិខ្វា ស្រាប់តែនៅវេលាម៉ោង ៨និង០៥ ប្រជាពលរដ្ឋ ក្នុង ភូមិបានស្រែកថា ចោរៗ ភ្លាមៗនោះ កម្លាំងរបស់លោក ក៏បានចុះទៅឡោមព័ទ្ធ ចាប់បានជនសង្ស័យទាំង ពីរនាក់ តែម្តង បន្ទាប់ពីជនសង្ស័យ ទាំងពីរនាក់នេះ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ស៊េរី ២០១៣ ពាក់ ស្លាកលេខ ភ្នំពេញ 1BN-9181 មក ធ្វើសកម្មភាព បន្លំចូលបន្ទប់ផ្ទះ លួចយកកុំព្យូទ័រ ០២គ្រឿងនិងទូរស័ព្ទ ដៃ ០១គ្រឿង ពីនិស្សិតខាងលើ។
លោកនាយប៉ុស្តិ៍ ប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោយពីឃាត់បានសមត្ថកិច្ច បាននាំជនសង្ស័យ ទាំងពីរនាក់ខាង លើ រួមនឹងវត្ថុតាង ធ្វើការសាកសួរបន្តទៀត នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានី ភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សហការី