ភ្នំពេញ៖ សន្ទុះស្នូរមួយបានបន្លឺឡើង បណ្តាលឲ្យអ្នកដំណើរ នឹងប្រជាពលរដ្ឋកំពុងលង់លក់ក្នុងដំណេក មានការភ្ញាក់ផ្អើល ខណៈដែលបុរសម្នាក់បើកបររថយន្តវីហ្គោលពណ៌ទឹកប្រាក់ មួយគ្រឿងក្នុងល្បឿន យ៉ាងលឿន ហើយរថយន្តរេចង្កូតរថយន្តឡើងឡើងលើសួនកុមារពោចិនតុង បុករះបាក់បង្គោលភ្លើងជា ច្រើនដើម រួចរថយន្ត ព្យាយាមបើកគេចខ្លួន តែជាអកុសល ការត្រដរត់គេចខ្លួន បែបជួបនៅគ្រោះថ្នាក់ ដែលនឹកស្មានមិនដល់ ដោយរថយន្តបង្កជ្រុលទៅបុកធ្លាយលំនៅឋានមួយកន្លែងជិតចំណុចកើតហេតុ។
នគរបាលមូលដ្ឋានបានឲ្យដឹងថាគ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង ២៤ នឹង ០០ នាទីយប់ថ្ងៃ ទី ១២ ខែក្កដាឆ្នាំ ២០១៣ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារជេនជូរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ប្រភពដដែលបន្តថាមុនពេលកើតហេតុមាន បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តវីហ្គោ ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-6226 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចដោយបានបើកលឿនគ្មានប្រណីនោះទេ ខណៈមកដល់ចំណុចមុខផ្សារជេនជូរីផ្លាហ្សា រថយន្តបានរេចង្កូតឡើងលើសួនកុមារពោចិនតុង ជ្រុលទៅបុកស្លាកគណបក្សប្រជាជនកម្ពុជា ១ផ្ទាំងបាក់ខ្ទេច និងរបងសួនច្បារ ហើយរថយន្តបានបន្ថែមល្បឿនក្នុងបំណងគេចខ្លួនតែជា អកុសល ជ្រុលទៅបុកទ្វារផ្ទះប្រជាពលរដ្ឋលក់ ភេសជ្ជៈយីហោ ស៊ឹម សារ៉េត ជិតកន្លែងកើតហេតុបណ្តាលឱ្យរថយន្តគាបជាប់ទ្វារផ្ទះទៅមុខលែងរួច។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរទេជាពិសេស អ្នកបើកបរដែលស្ថិតក្នុងសភាពស្រវឹងស្រា បានបើករថយន្តគេខ្លួនបាត់ស្រមោសភ្លាម ។ ប៉ុន្តែរថយន្តបង្កហេតុនេះត្រូវបានសមត្ថកិច្ចជំនាញចុះវាស់វេងអូសយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោករាជធានីភ្នំពេញ ៕
ដោយ ទុយ បញ្ញា