ប៉ោយប៉ែត ៖សមត្ថកិច្ចប៉ូលិសការពារព្រំដែនគោកលេខ៩១១ បានប្រទះឃើញ គ្រោងឆ្អឹងសាកសពដែល ស្លាប់ ប្រហែល២ឆ្នាំមកហើយ ខណៈដែលដើរល្បាតតាមព្រំដែនកម្ពុជា ថៃ នៅក្នុងព្រៃល្បោះខាងជើងបរិវេណ របង កាស៊ីណូផ្កាយ៥ កាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីបានប្រទះឃើញគ្រោងឆ្អឹងសពមនុស្ស នគរបាលការពារព្រំដែនគោកលេខ៩១១ និងសមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបានសង្ស័យថា ជាមនុស្សប្រុស មានឆ្អឹងដៃ ជើង និងលលាដ៍ក្បាលធំ ហើយសាកសពនេះស្លាប់ប្រហែល២ឆ្នាំហើយ។
ចំពោះអត្តសញ្ញាណនៃសពខាងលើគេពុំទាន់ដឹងនៅឡើយទេ។ តាមសំដីពីសមត្ថកិច្ចរដ្ឋបាលប៉ោយប៉ែត គេបានតាមការដឹងថា គ្រោងឆ្អឹងសាកសពមនុស្សដែលស្លាប់នេះ មានកំពស់ប្រមាណ ១,៨០ម៉ែត្រ សន្និដ្ឋានអាចជាករណីឃាតកម្មសម្លាប់ រួចត្រូវគេយកទៅបោះចោល ក្នុងព្រៃល្បោះ ជាប់ស្រះទឹកខាងជើង កាស៊ីណូផ្កាយ៥ នៅកន្លែងកើតហេតុនោះតែម្តង ។
សូមបញ្ជាក់ថា ឆ្អឹងសាកសពមនុស្សខាងលើនេះ ក្រោយពីសមត្ថកិច្ចបានត្រួតពិនិត្យ រួចរាល់ហើយ ក៏បានចាត់ចែងឲ្យយកទៅរក្សាទុកនៅទីអារាមមួយកន្លែង ក្នុងក្រុងប៉ោយប៉ែតដើម្បីរង់ចាំសាច់ញាតិឬ ក្រុមគ្រួសារ ណាមួយដែលបានបាត់បងប្អូន ឲ្យមកពិនិត្យមើល និងយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ខៀវ បូរី
» ព័ត៌មានជាតិ » ប្រទះឃើញគ្រោងឆ្អឹងមនុស្សស្លាប់ប្រហែល២ឆ្នាំ នៅជាប់របងកាស៊ីណូផ្កាយប្រាំ