មណ្ឌលគិរី៖ មានក្រុមគយចល័តខេត្ដមណ្ឌលគិរីបានធ្វើសកម្មភាពផ្ទុយពីអង្គភាពរបស់ ខ្លួន ខណៈប្រើប្រាស់រថយន្ដអង្គភាពម៉ាកវីហ្គោ១បាំងកន្លះ ពណ៌ទឹកប្រាក់ ដាក់ស៊ីរ៉ែន សម្រាប់ បង្ក្រាបបទល្មើសរត់ពន្ធ ប៉ុន្ដែពួកគេបានយករថយន្ដទាំងនេះជារូបភាពគំរាមឈ្មួញ ឱ្យបង់លុយស្របច្បាប់ល្បីពេញខេត្ដទៅវិញ ។
បងប្អូន អ្នកលក់ដូរទំនិញចាប់ហួយបានលើកឡើងថា កន្លងទៅ សមត្ថកិច្ច ក៏ដូច ជាមន្ដ្រីគយនៅតាមបណ្ដាច្រក ដូចជាច្រកដាក់ដាំ ជាដើម តែងតែមានការយោគ យល់ដល់ប្រជាពលរដ្ឋក្នុងការនាំទំនិញដ៏តិចតួចយកមកលក់ និងចែកចាយក្នុងខេត្ដ ប៉ុន្ដែមួយរយៈនេះ បែរជាលេចមុខក្រុមគយចល័តបានធ្វើសកម្មភាពស្ទាក់រថយន្ដ ដឹកទំនិញរបស់ប្រជាពលរដ្ឋ បង្ខំឱ្យបង់ប្រាក់ ដោយគំរាមចាប់ប្រគល់ឱ្យថ្នាក់លើ ហើយឈ្មួញមួយចំនួនចេះតែមានការភ័យខ្លាច ក៏បង្ខំចិត្ដបង់ប្រាក់តាមការទាម ទាររបស់ក្រុមគយចល័តនេះ ។
ឈ្មួញមួយ រូបបានបង្ហើបថា ទំនិញរបស់គាត់បានដាក់មកពីច្រកដាក់ដាំបង់ពន្ធ ត្រឹមត្រូវ ប៉ុន្ដែក្រុមគយចល័តដែលប្រើឡានវីហ្គោដាក់សឺរ៉ែន ចាប់រថយន្ដរបស់ គាត់យកទៅរក្សាទុកអស់មួយយប់ ហើយតម្រូវឱ្យបង់ប្រាក់ចំនួន១.០០០ដុល្លារ ដោយពួកគេលើកឡើងថា បើមិនព្រមបង់ត្រូវប្រគល់រថយន្ដនិងទំនិញទាំងនេះទៅ ថ្នាក់លើ។ ឮដូច្នេះ ពួកគាត់ចេះតែភ័យខ្លាចពីបញ្ហាបង់ពន្ធនេះ ក៏អង្វរក្រុមគយ ចល័តឱ្យចុះមកត្រឹម៧០០ដុល្លារ ។
ឈ្មួញបាន លើកឡើងថា ប្រសិនបើក្រុមគយចល័តចុះមកបង្ក្រាបទំនិញរត់ពន្ធ ប្រមូលពន្ធជូនរដ្ឋ ពួកគាត់គាំទ្រ តែបើមកធ្វើសកម្មភាពឃាត់រថយន្ដដឹកទំនិញបង្ខំ ឱ្យបង់ប្រាក់តាមការទាមទាររបស់ខ្លួននេះ គឺជាអំពើខុសច្បាប់ ពុករលួយ ផ្ទុយពី គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាហើយ ។
ប្រជាពលរដ្ឋដែលជាអ្នករកស៊ីដឹកទំនិញលក់ដូរ ក្នុងខេត្ដបន្ដិចបន្ដួច រងនូវការគាបសង្កត់ពីក្រុមគយចល័ត ជាកំហុសដ៏ធ្ងន់ធ្ងរ ជះ ឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំ ។
ក្រុមគយ ចល័តប្រចាំការនៅខេត្ដមណ្ឌលគិរី ក្នុងមួយថ្ងៃៗប្រមាញ់រថយន្ដដឹក ទំនិញរបស់ប្រជាពលរដ្ឋស្របច្បាប់ គំរាមឱ្យបង់ប្រាក់ ដោយចោទប្រកាន់ថា ពួក គាត់បង្កប់នូវទំនិញគេចពន្ធ ប៉ុន្ដែរាល់ទំនិញ ដូចជាប្រេងគេចពន្ធ ឬក៏ទំនិញផ្សេង ទៀតដែលឈ្មួញដឹកជញ្ជូនខុសច្បាប់ បែរជាពុំហ៊ានប៉ះពាល់ ខណៈខ្លាចអំណាចអ្នក នៅពីក្រោយឈ្មួញ ឬក្រុមគយចល័តទាំងនេះបានទទួលលាភសក្ការៈរួចហើយ។
ក្រុមឈ្មួញបានលើកឡើងថា រាល់ថ្ងៃក្រុមគយចល័តបង្ខំឱ្យបង់លុយតាមក្បាលឡាន ម្ដងៗលើសពីចំណូលរបស់ពួកគាត់ដែលលក់សន្សំប្រាក់ដោយក្ដីលំបាកនោះ យ៉ាង ច្រើនលើសលុប ដូច្នេះមេត្ដាថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មេត្ដាមានវិធានការទប់ស្កាត់ចំពោះទង្វើមិនស្របច្បាប់ អំពើពុករលួយរបស់ក្រុម គយចល័តដែលកំពុងធ្វើសកម្មភាពគាបសង្កត់អ្នករកស៊ីតូចតាចក្នុងខេត្ដមណ្ឌលគិរីផង ៕
ដោយ៖ ឌឹម សឿន