ភ្នំពេញ៖ ក្រុមគ្រួសារដែលមានកូនតូចៗឈឺ ហើយត្រដរត្រដួសរត់ទៅរកសេវាព្យាបាលនៅមន្ទីរ ពេទ្យគន្ធបុប្ជា (ក្បែរវត្តភ្នំ) ព្រោះតែមានជំនឿចិត្ត និងប្រើប្រាស់ថ្នាំពេទ្យល្អៗធ្វើអោយអ្នកជំងឺឆាប់ជា សះស្បើយដែលអាណាព្យាបាលជាច្រើនលើសលុបបានសរសើរមន្ទីរពេទ្យមិនដាច់ពីមាត់សោះ។
ទន្ទើមនិងការសរសើរនេះ ក៏មានឪពុកមា្តយរបស់ក្មេងមួយចំនួនបានធ្វើការរិះគន់ទៅលើក្រុមសន្តិ សុខដែលមានសំដីសំដៅមិនសមរម្យប្រើអាកប្បកិរិយា និងចរិតអន់មារយាទទៅលើក្រុមអាណាព្យាបាល ក្មេងៗមួយចំនួន ធ្វើអោយមានការរិះគន់ដល់ប្រធានមន្ទីរពេទ្យដែលមិនចេះអប់រំកូនចៅ។ ក្រុមឪពុក ម្តាយក្មេងដែលត្រូវបានសន្តិសុខប្រើសំដីមិនសមរម្យលើបានអោយដឹងថា ពីមុនក៏មានក្រុមគ្រូពេទ្យ ក្នុងនោះមានចរិតច្រឡោងខាមមកលើពួកគាត់ដែលត្រូវយកកូនទៅព្យាបាលដែរ តែក្រោយមកទំនងជា មានការរឹតបន្តឹងពីសំណាក់ប្រធានមន្ទីរពេទ្យ ទើបឃើញថា ឥឡូវនេះក្រុមគ្រូពេទ្យទាំងនោះលែងមានអាកប្បកិរិយាមិនសមទំនងទៀតហើយ។
ប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកបើមានពេទ្យណាសំដីសំដៅមិនសមរម្យប្រើចរឹតក្រអឺត ក្រទម ឬធ្វើអោយឪពុកម្តាយអ្នកជំងឺថ្នាំងថ្នាក់ចិត្តនោះ ប្រាកដជាត្រូវដកចោលមិនខានទេ។ ដោយខ្លាចគេដកគ្រវាត់ចោលបែបនេះ ហើយទើបក្រុមគ្រូពេទ្យនៅទីនោះស្ទើរតែទាំងអស់នាំគ្នាកែមាយាទអោយមានសេចក្តីថ្លៃថ្នូរវិញ ដើម្បីឆ្លើយតបទៅនឹងពាក្យថា «គ្រូពេទ្យត្រូវមានសីលធម៌ខ្ពស់»។ ស្រាប់តែឥឡូវលេចចេញនូវក្រុមសន្តិសុខវិញម្តង គឺប្រើសំដីកាយវិការមិនសមរម្យជាមួយឪពុកម្តាយ របស់ក្មេងទៀត។
ឪពុកម្តាយរបស់ក្មេងម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ប្រាប់អរិយធម៌ថា មានថ្ងៃមួយពួកគាត់បានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យនោះ ហើយអង្គុយនៅកៅអីរង់ចាំ។ ពេលនោះកូនរបស់គាត់រត់ចុះ រត់ឡើង ស្រាប់តែសន្តិសុខម្នាក់មកនិយាយថា សុំមើលកូនអោយបានស្រួលបួល បើរត់ចុះ រត់ឡើង បែបនេះ ប្រយ័ត្នដេញចេញទៅក្រៅវិញ។ នេះថាពាក្យសំដីគ្មានសីលធម៌របស់សន្តិសុខដែលមិនអាចទទួលយក បានទេ ហើយក៏មិនសក្តិសមទៅនឹងប្រពៃណីខ្មែរដែរ ព្រោះប្រពៃណីខ្មែរទន់ភ្លន់ស្លូតបូតស្មោះត្រង់ និង ប្រើពាក្យថ្លៃថ្នូរណាស់ ដោយមិនប្រើពាក្យខ្វះសីលធម៌បែបនេះទេ។ ការប្រើពាក្យសំដីយ៉ាងនេះ បើសិន ទីនោះជាសេវាឯកជនយកលុយវិញនោះ គ្មាននរណាគេចូលទៅទេ តែនេះត្រង់ថា កន្លែងនោះអត់យក លុយ ហើយប្រើប្រាស់ថ្នាំពេទ្យល្អៗ ទើបគេខំចំណាយពេលវេលាយកកូនទៅព្យាបាលនៅទីនោះ។ តែបើបន្តការប្រើចរឹត ឬសំដីរបៀបថោកទាបមិនសមរម្យទៀត ក៏គ្មាននរណាចង់ទៅទៀតដែរ។
ឪពុកម្តាយក្មេងនោះ បន្ទាប់ពីសន្តិសុខប្រើសំដីមកលើបែបនេះ ក៏យកកូនចេញវិញភ្លាម ឈប់រង់ចាំ ទៀតហើយ សុខចិត្តទៅរកពេទ្យក្រៅអស់លុយក៏អស់ទៅ កុំអោយតែគេមើលងាយ។ ពិតណាស់ សន្តិសុខត្រូវតែម៉ឺងម៉ាត់អ៊ីចឹងហើយ តែគេមិនប្រើសំដីគ្មានសីលធម៌ដាក់មនុស្សយ៉ាងនេះទេ។
សូមអស់លោក កុំយកលេសថា ហត់ណាស់រួចប្រើពាក្យមិនសមរម្យលើគេឯងយ៉ាងនេះ មិនកើតទេ។
បើហត់ណាស់ដាក់ពាក្យលាឈប់ទៅសោះនឹងមន្ទីរពេទ្យមិនអស់លុយបើកប្រាក់ខែអោយផង។ មិនខ្វះ ទេពាក្យរបស់ខ្មែរដែលល្អៗ សូមលើកយកមកនិយាយទៅ «កុំអោយគេថា សំដីសជាតិ»មិនល្អទេ៕ ដោយ៖ នាយក្អែកខ្មៅ
» Breaking News, ព័ត៌មានជាតិ » សន្តិសុខមន្ទីរពេទ្យគន្ធបុប្ជាអន់ចរិត