ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» Breaking News, ព័ត៌មានជាតិ » លោក កាន់ ឆាយ​ហុង ប្រមូល​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ ​

លោក កាន់ ឆាយ​ហុង ប្រមូល​លុយ​ពី​ឈ្មួញ​តាម​អំពើ​ចិត្ត​ ​

កំពង់ស្ពឺ ៖ លោក កាន់ ឆាយ​ហុង ត្រូវបានតែងតាំង ជា​អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ត្រូវបាន​មន្ត្រី​តូចតាច​ជាច្រើន ចាប់ផ្តើម​ទម្លាយ​រឿងអាស្រូវ​ពុករលួយ របស់លោក ចេញមក​ខាងក្រៅ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ការយក​កំណែទម្រង់​ស៊ីជម្រៅ ទៅធ្វើជា​លេស​ដើម្បី ដក​មន្ត្រី​ដទៃ ដែល​មិនសូវ​ស៊ី​ខ្សែចង្វាក់​ជាមួយ​គាត់ រួច​ដាក់​បក្ខ​ពួកគាត់​ឲ្យ​កាន់​ការងារ​លុយកាក់ ជាពិសេស​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត ផ្ទុក​លើស​ទម្ងន់​ចំនួន ២​កន្លែង នៅក្នុង​ខេត្តកំពង់ស្ពឺ ស្ថិតក្រោម​ការចាត់ចែង​ដោយផ្ទាល់​ពី​លោក កាន់ ឆាយ​ហុង ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន មិន​សប្បាយចិត្ត​។​
​គេ​ចាំបាន​ថា មុនពេល​តែងតាំង​ជា អនុប្រធាន​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ លោក កាន់ ឆាយ​ហុង បាន​កាន់តំណែង​ជា ប្រធាន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ នៅ​ទូទាំង​ខេត្តកណ្តាល ដូច្នេះ​គាត់​យល់​ពី​បែបបទ នៃ​ការប្រមូល​លុយ​ពី​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​លើស​ទម្ងន់​យ៉ាងច្បាស់ គ្មាន​នរណាម្នាក់​អាច​បន្លំ​គាត់​បានទេ​។ ដូចជា​ជញ្ជីង​ថ្លឹង​រថយន្ត នៅ​ចំណុច​ភូមិ​ព្រែក​ស្រ​ឡែ​ង ឃុំ​ទួល​អម្ពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ មួយថ្ងៃៗ​មាន​រថយន្ត ដឹកទំនិញ​ផ្ទុក​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​រាប់​រយ​គ្រឿង សុទ្ធតែ​ត្រូវ​ចូល​បង់លុយ ឲ្យ​មន្ត្រី​របស់លោក កាន់ ឆាយ​ហុង ដែល​ប្រចាំការ​នៅ​ទីនោះ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​គ្មាន​ការយោគយល់​អ្វី​ឡើយ ហើយ​ប្រសិនបើ​គ្មាន​ការបង់​លុយ ឲ្យ​មន្ត្រី​របស់លោក កាន់ ឆាយ​ហុង ទេនោះ កុំ​សង្ឃឹមថា រថយន្ត​អាច​វិល​កង់​ទៅមុខ​រួច​ឲ្យ​សោះ​។​
​ជាធម្មតា​ការដាក់​ជញ្ជីង​ថ្លឹង​រថយន្ត ត្រូវធ្វើ​តាមរបៀប​ចល័ត ទៅតាម​ដងផ្លូវ​ដែលមាន​សកម្មភាព ដឹកជញ្ជូន​ទំនិញ ផ្ទុក​លើស​ទម្ងន់ មិនមែនជា​ការដាក់​តាំង​ជញ្ជីង ឲ្យ​ឈរជើង​ចាំ​ប្រមូល​លុយ​ជា​អចិន្ត្រៃយ៍ ដូច​នៅ​ចំណុច​ឃុំ​ទួល​អម្ពិល នៃ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​នោះទេ សូម​លោក ហុង ច័ន្ទ​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ស្ពឺ  មេត្តា​ពិនិត្យមើល​ឡើងវិញ​ផង​។​ដោយឡែក ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ ស្ថិតនៅ​ប្រជុំជន​ស្រុក​ឧដុង្គ តាមផ្លូវ​ជាតិ​លេខ​៥ កំពុង​ធ្វើ​សកម្មភាព ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ រកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​ផ្ទុក​លើស​ទម្ងន់ និង​មិន​លើស​ទម្ងន់ មិន​ខ្លាចញញើត​ចំពោះ​ចំណាត់ការ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ម្តងណា​ឡើយ​។​
​ការដឹកជញ្ជូន​ទំនិញ ប្រភេទ​ខុសច្បាប់ ដូចជា​ឈើ​ប្រណីត ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ជាដើម នៅពេល​មន្ត្រី​ប្រចាំការ នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត ទទួលបាន​ព័ត៌មាន​ពីមុខ​សញ្ញា នៃ​ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ គឺ​ពួកគេ​នឹង​ចាប់​ឃាត់​កោសរូស ឲ្យ​បង់លុយ​ក្នុង​កម្រិត​ខ្ពស់ ដោយ​មិន​យោគយល់​នោះទេ សូម្បីតែ​រថយន្ត​ដឹកទំនិញ ប្រភេទ​ខ្សែ​របស់​ឈ្មួញ​មានអំណាច ក៏​មន្ត្រី​របស់លោក កាន់ ឆាយ​ហុង ហ៊ាន​បង្ខំ​ឲ្យ​បង់លុយ​ថ្លៃ​បាយ យ៉ាង​ក្រអឺតក្រទម​បំផុត​ផងដែរ​។ គេ​មិន​ច្បាស់​ថា លោក កាន់ ឆាយ​ហុង ចាត់ចែង​ឲ្យ​មន្ត្រីក្រោមឱវាទ ប្រចាំការ​តាម​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំងនោះ ប្រមូល​លុយ​យកទៅ​បង់​ចូល​ថវិកាជាតិ ឬ​យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​នោះទេ​។​
​ជាក់ស្តែង នៅ​ចំណុច​ឧដុង្គ​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មាន​ទីតាំង​ថ្លឹង​រថយន្ត​នៅ​ខាងលិច​ផ្លូវ ជា​របស់​មន្ទីរ​សាធារណការ ខេត្តកំពង់ស្ពឺ ប៉ុន្តែ​នៅតាម​ដងផ្លូវ​លេខ​៥១ ពី​ប្រជុំជន​ឧដុង្គ ទៅដល់​ថ្នល់ទទឹង គេ​សង្កេតឃើញ​មានការ ស្រុត​ប្រេះស្រាំ​ផ្លូវ គួរ​ឲ្យ​សោកស្តាយ​បំផុត ដែល​រថយន្ត​តូចៗ ឬ​រ៉ឺម៉ក​មិនអាច​ធ្វើដំណើរ​បានទេ ព្រោះ​ទំហំ​នៃ​ការខូចខាត ដែល​គ្មាន​ការជួសជុល​នោះ កាន់តែ​រីកធំឡើងៗ​។ គេ​ចង់ឃើញ​រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យមើល​ភាព​អសកម្ម ក្រោម​ចំណាត់ការ របស់លោក កាន់ ឆាយ​ហុង ឡើងវិញ​ផង ព្រោះ​ការបង់​លុយ ដោយ​គ្មាន​វិក្កយបត្រ ត្រូវបាន​ចាត់ទុកជា​អំពើពុករលួយ ផ្ទុយ​ពី​ការណែនាំ របស់លោក ឱម យ៉ិនទៀង ក៏ដូចជា​កំណែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​។​
​ការដឹកជញ្ជូន​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់ សុទ្ធតែ​ត្រូវ​ជាប់​កាតព្វកិច្ច បង់លុយ​ជូន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត មិនអាច​គេចវេះ​បានឡើយ ដើម្បី​កុំ​ឲ្យ​មាន​ឧបសគ្គ ឬ​បញ្ហា​ផ្សេងៗ ដូច្នេះហើយ​បានជា​លោក កាន់ ឆាយ​ហុង មានឱកាស​ប្រមូល​ផលប្រយោជន៍ ពី​ការដឹកជញ្ជូន​លើស​ទម្ងន់ នៅក្នុង​ខេត្តកំពង់ស្ពឺ យកទៅ​ច្រក​ហោប៉ៅ ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រំភើយ​។ មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត ចំពោះ​ចំណាត់ការ​ពុករលួយ និង​ភាព​អសកម្ម ដែល​កើតឡើង​ដោយសារ​អំពើ​បក្ខពួកនិយម របស់លោក កាន់ ឆាយ​ហុង នោះទេ ហើយ​សកម្មភាព​ទាំងនេះ ផ្ទុយ​ពី​គោលការណ៍ កែទម្រង់​ស៊ីជម្រៅ របស់​រាជរដ្ឋាភិបាល​។ ការលើកឡើង​ខាងលើនេះ កាសែត​អរិយធម៌​មិន អាច​ទំនាក់ទំនង​លោក​កាន់ ឆាយ​ហុង សុំ​ការបំភ្លឺ​បានទេ កាលពី​ម្សិលមិញ ៕ ដោយ​៖ នាយ​រំពេរ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya