កំពង់ស្ពឺ៖ ក្រុមជញ្ជីងនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ត្រូវបានគេរិះគន់ថា បានដាក់ប៉ុស្តិ៍ជំរិតទារលុយពីរថយន្តធំៗ ពិសេសប្រជាកសិករដឹកកសិផល និងដឹកទំនិញផ្សេងៗឆ្លងកាត់ផ្លូវជាតិលេខ៥ ជ្រកក្រោម ស្លាក ត្រួតពិនិត្យយានយន្ត ដឹកលើសកម្រិតកំណត់មានទីតាំង ស្ថិតនៅ តាមផ្លូវជាតិលេខ៥ខាងកើតផ្លូវ ត្រង់ទីប្រជុំជនឧដុង្គ ក្នុងស្រុកពញាឮខេត្តកណ្តាល បានបំពានទៅនឹងសេចក្តីអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល។
ប្រជាពលរដ្ឋ ដែលជាអ្នករកស៊ីដឹកទំនិញបាននិយាយថា កុងត្រូលជជុះជ្រកក្រោមស្លាកត្រួតពិនិត្យយានយន្ត ដឹកលើសកម្រិតកំណត់របស់ មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលមួយនេះ មានវត្តមានជាយូរយារណាស់មកហើយ តាំងតែសម័យលោក ឈុន ស៊ីរុនជាអភិបាលខេត្តមកម្ល៉េះ ហើយ រហូតដល់មានទំនាស់រឿងដណ្ដើមផលប្រយោជន៍គ្នាទៀតផង។
ប្រភពដដែលបន្តថា ចាប់តាំងពីលើកស្លាកថា«ត្រួតពិនិត្យយានយន្ត ដឹកលើសកម្រិតកំណត់» មក គេមិនដែលឃើញមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ចេញមកចុះត្រួតពិនិត្យ ឬចាប់រថយន្តដឹកលើសទម្ងន់និងកំពស់កប់ពពក បានមួយគ្រឿងណាទេ គេឃើញតែមន្ត្រីទាំងនោះអង្គុយសំកុកចាំក្នុងទីស្នាក់ការចាំទទួលយក លុយពីអ្នកបើករថយន្តធន់ធំដឹកលើសចំណុះនិងសំពីងសំពោងតែប៉ុណ្ណោះ។ ចំណែកឯរបាំងកំណត់កំពស់គល់ស្ពានសត្ថា បានរងការខូចខាត ស្ទើររាល់ថ្ងៃ ដោយសាររថយន្តដឹកសំពីងសំពោងនិងខ្ពស់ហួសកំណត់បុកប៉ះធ្លាក់ស្ទើររាល់ថ្ងៃ។
ក្រុមអ្នកបើកបររថយន្តនិយាយថា រាល់រថយន្តដឹកទំនិញដែលបើកឆ្លង កាត់ផ្លូវជាតិលេខ៥ អ្នកបើកបរ ឬ ព្រូត្រូវតែចុះរត់ទៅបង់លុយឲ្យ បើពុំនោះទេ មន្ត្រីជំនាញទាំងនោះនឹងបើកឡានប្រដេញចាប់ ដោយចោទប្រកាន់ថា ដឹកលើសចំណុះ បង្ក ឲ្យខូចខាត ផ្លូវ។ ប្រភព បានបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃៗ គេសង្កេតឃើញរថយន្តធំៗដឹកកសិផល និងដឹកទំនិញផ្សេងៗ តាមផ្លូវជាតិលេខ៥ បានឈប់ចូលបង់លុយ ទៅអោយមន្ត្រីសាធារណការដែលដាក់ប៉ុស្តិ៍នេះ ជាហូរហែ ដោយក្នុងរថយន្តមួយគ្រឿង តម្រូវអោយបង់ចាប់ពី ៤ ម៉ឺនរៀល រហូតទៅដល់ជាង ១០ទៅ២០ ម៉ឺនរៀលក៏មាន ។ ដោយឡែក រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនខ្លះ ត្រូវបានគេបង់សរុបជាប្រចាំ ខែ ឲ្យតែម្តងដោយគេខ្ជិលឈប់បង់លុយនាំឲ្យខាតពេលវេលា និងបើកដោយមិនបាច់ឡើងលើជញ្ជីងនោះទេ។
ប្រជាពលរដ្ឋ លើកឡើងថា រាល់សកម្មភាពរបស់មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដែលដាក់កុងត្រូលជជុះ យកលុយនេះជា គោលនយោបាយ កែទម្រងស៊ីជម្រៅរបស់លោកអភិបាលខេត្តកណ្តាលថ្មី។ ប្រជាពលរដ្ឋដូចជាអ្នកបើករថយន្តដឹកទំនិញបានបញ្ជាក់ថា នេះមិនមែនជាប៉ុស្តិ៍ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ទេ គឺជាកុងត្រូលជជុះសុទ្ធសាធ មិនតែប៉ុណ្ណោះសកម្មភាពដាក់ប៉ុស្តិ៍ ជម្រិតទារលុយរបៀបនេះ បានបង្កភាពក្តៅក្រហាយ ដល់ប្រជាពលរដ្ឋ និងជាគំរូអាក្រក់ ដែលត្រូវតែលុបបំបាត់ផងដែរ៕
ដោយ៖ នាយដន