ខេត្តកំពត៖ មនុស្ស៣នាក់ដែលជាក្រុមគ្រួសារតែមួយបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជួបហេតុការគ្រោះថ្នាក់ចរាចរ ខណះពេលជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវរថយន្តម៉ាកលុចស៊ីសបុកយ៉ាងពេញទំហឹង។ ចំពោះបេតុការណ៍នេះ ក្រោយពីប៉ះទង្គិចគ្នា រថយន្តបានព្យាយាមបើកគេចទៅមុខចំងាយពីកន្លែងកើតហេតុប្រមាណជាង១០គីឡូម៉ែត្រទើបសមត្ថកិច្ចតាមឃាត់រថយន្តបង្កបាន។
គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងនៅត្រង់ចំណុចមុខខ្លោងទ្វារវត្តដំបងដែក ស្ថិតក្នុងភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៣ខែមិនា ឆ្នាំ២០១៤។
តាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា មុនពេលជួបហេតុការណ៍អកុសលគេឃើញជនរងគ្រោះ៣នាក់ខាងលើដែលជាក្រុមគ្រួសារតែមួយ ក្នុងនោះមានបុរសជាឪពុក កូនស្រី និងចៅប្រុសម្នាក់ផងដែរ បានជិះម៉ូតូ១គ្រឿងឌុបគ្នាចេញមកពីចូលរួមក្នុងពិធីមង្គលការអ្នកភូមិមួយកន្លែងស្ថិតម្តុំខាងកើតនៃកន្លែងកើតហេតុ លុះមកដល់ចំណុចខ្លោងទ្វារវត្តដំបងដែកម៉ូតូក៏បានជិះឆ្លងផ្លូវបំណងចូលផ្ទះដោយពុំបានពិនិត្យមើលឆ្វេង ស្តាំនោះទេ ស្របពេលមានរថយន្តម៉ាកលុចស៊ីសRX300 ពណ៌ខ្មៅបោះពួយមកពីជើងទើបវ៉ាក់អើគ្នាគេចមិនផុតក៏បុកម៉ូតូពេញទំហឹងបណ្តាលឲ្យមនុស្សក្មេង ចាស់ ប្រុសស្រី៣នាក់ខ្ទាតផ្លោងទៅមុខប្រហែល២០ម៉ែត្រ ហើយបានដាច់ខ្យល់ស្លាប់ភ្លាមៗគ្មានសល់ម្នាក់ឡើយ។ប្រភពដដែលបានបន្តថា បន្ទាប់ពីបង្កគ្រោះថ្នាក់រថយន្តក៏បានបន្ថែមល្បឿនដាក់មេប្រូចទៅទិសខាងត្បូងបាត់ស្រមោល ទើបគេរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្ទាក់ឃាត់រថយន្តបង្កហេតុ ទីបំផុតសមត្ថកិច្ចក៏ចាប់រថយន្តនេះបានត្រង់ចំណុចភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានចំងាយប្រមាណជាង១០គីឡូម៉ែត្រពីកន្លែងកើតហេតុ។
ទាក់ទិននឹងហេតុការណ៍ដ៏រន្ធត់ខាងលើ ប៉ូលិសចរាចរស្រុកកំពង់ត្រាចបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងដោយសារការបើកបរខ្វះភាពប្រុងប្រយ័ត្ន អាចនិយាយបានថា ភាគីម៉ូតូពេលបើកបរឆ្លងកាត់ទទឹងផ្លូវមិនពិនិត្យមើលឆ្វេងស្តាំ ទើបបណ្តាលឲ្យមានសោកនាដកម្មកើតឡើងយ៉ាងធ្ងន់ធ្ងរបែបនេះ ម្យ៉ាងទៀតដងផ្លូវលេខ៣៣ជាផ្លូវធំទូលាយតែងតែមានយានយន្តគ្រប់ប្រភេទបើកបរទៅមកជាប្រចាំថែមទាំងមានល្បឿនខ្លាំងក្លាផង ទើបពេលវាក់អើគ្នាពិបាកគេចផុតពីគ្រោះថ្នាក់ណាស់។ ដូច្នេះសូមបងប្អូនជាអ្នកដំណើរទាំងអ្នកកាន់ចង្កូតរថយន្តក៏ដូចជាម៉ូតូគួរបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ទើបការពារអាយុជិវិតបាន។ប៉ូលិសបានបញ្ជាក់ទៀតថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះរួមមាន ទី១ ឈ្មោះ អូន ដុះ ភេទប្រុស អាយុ៥៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ ជាឪពុក ទី២ ឈ្មោះ អូន ធីម ភេទស្រី អាយុ៣០ឆ្នាំ អ្នករួមដំណើរត្រូវជាកូន និងទី៣ ឈ្មោសាំង ស៊ីយិញ ភេទប្រុស អាយុ៧ឆ្នាំ (កូនរបស់ឈ្មោះ អូន ធីម)ជនរងគ្រោះទាំង៣ជាក្រុមគ្រួសារតែមួយ មានឪពុក កូនស្រីនិងចៅ ជិះម៉ូតូម៉ាកC125ពណ៌ខ្មៅ សេរី០៥ពាក់ស្លាកលេខ តាកែវ 1G-4500រស់នៅក្នុងភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច។ដោយឡែករថយន្តបង្កហេតុ ម៉ាកលុចសីុសRX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-0386អ្នកបើកបរអត់ស្គាល់អត្តសញ្ញាណ។
ក្រោយពីវាស់វែងមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿង សមត្ថកិច្ចបានអូសយកមករក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចសម្រាប់ធ្វើការដោះស្រាយគ្នាជាក្រោយ៕ គង់សម្បត្តិ
» ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្ត បុកបណ្តាលឲ្យស្លាប់ទាំង៣នាក់