ភ្នំពេញ ៖ ម៉ូតូពីរគ្រឿង ទី១ ម៉ាកស្មាសវី ពណ៌ស នឹងមួយគ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ត្រូវរងការខូចខាត យ៉ាង ដំណំ នឹងមនុស្ស ២ នាក់ត្រូវរងរបួស ដោយសារថយន្តឡិចស៊ីស ៤៧០ មួយគ្រឿង បើកបរដោយ បុរសស្រវឹង ស្រាម្នាក់ក្នុងល្បឿនលឿនជ្រុលបុកយ៉ាងពេញទំហឹង ដោយរថយន្តបង្កអូសម៉ូតូវ៉េវ ជាង ៣០ ម៉ែត្រ ។ ហេតុការណ៍នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២២ នឹង ២០ នាទីយប់ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៣ នៅចំណុចផ្លូវលេខ ៤៣២ កែងផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូងទី ២ ខណ្ឌចំការមន។
យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានស្ត្រី២នាក់ បាន រងរបួសធ្ងន់ស្រាល ខណៈដែលពួកគេជិះម៉ូតូ ២គ្រឿង ១គ្រឿងម៉ាកស្មាស់វី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BB-6320 និង ១ គ្រឿងទៀតម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-0709 ធ្វើដំណើរតាមបណ្តោយផ្លូវ៤៣២ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចភ្លើងស្តុបទួលទំពូង កែងផ្លូវលេខ១៦៣ ក៏ត្រូវរថយន្តឡិចស៊ីស470 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-5709 ដែលកំពុងធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវលេខ១៦៣ បុកម៉ូតូទាំង ២គ្រឿងពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្រ្តីម្ចាស់ ម៉ូតូស្មាសវី ត្រូវរងរបួសម្ខាង នឹងម៉ូតូត្រូវខូចខាត ហើយរថយន្តបង្កបានបន្ថែមល្បឿនទៅមុខដោយបាន អូសម៉ូតូវ៉េវជាង ៣០ម៉ែត្រ ពីចំណកើតហេតុរហូតមកដល់ចំណុចជិតផ្សារទួលទំពូង ទើបមានរថយន្តហាយឡេនឌ័រ ពណ៌ខ្មៅ ១គ្រឿង បើកមកស្ទាក់រថយន្តបង្កហេតុទៅមុខលែងរួច បង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងប្រជាពលរដ្ឋជាច្រើននាក់ចូលមករោមមើលគ្រោះថ្នាក់នេះ ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយកើតហេតុ ស្រ្តីរងគ្រោះត្រូវរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូទាំង ២គ្រឿង របស់ជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នក បើកបររថយន្ត ឡិចស៊ីស ៤៧០ស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងពេក ព្រោះទំនងការស្លៀកពាក់របស់អ្នករួមដំណើរ ក្នុងរថយន្តទើបតែចេញ ចូលរួមមង្គលការគេហើយមើលទៅ ៕
ដោយ៖ ទុយ បញ្ញា