កំពត៖ គណៈប្រតិភូមួយក្រុមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដឹកនាំដោយ លោក អគ្គាធិការ អ៊ូ បូរ៉ាត់ នៅព្រឹកថ្ងៃទី ៧ មិនាឆ្នាំ២០១៤ បានចុះធ្វើការស្រាវជ្រាវករណីអំពើពុករលួយរបស់លោក អ៊ុក ភារុណ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកំពត ក្រោយពី អរិយធម៌បានចុះផ្សាយអំពីរឿងអាស្រូវរបស់ប្រធានមន្ទីរមួយនេះជាបន្ត បន្ទាប់នោះ។
មន្ត្រីមន្ទីរប្រៃសណីយ៍បានអោយដឹងថាក្នុងពេលចុះស្រាវជ្រាវករណី អំពើពុករលួយនៅ ក្នុងមន្ទីរនោះ គណៈប្រតិភូរបស់ក្រសួងបានហៅមន្ត្រីនៅក្នុងមន្ទីរសួរម្តងម្នាក់ៗ ដើម្បីសាកសួររកការពិត ។ ហើយមានមន្ត្រីមួយចំនួនបានឆ្លើយបំភ្លឺប្រាប់គណៈប្រតិភូតាមអ្វីដែល កើតមាននៅក្នុងមន្ទីរ និង មន្ត្រីខ្លះក៏បានឆ្លើយបង្វែរការពិតដែរ។
លោកស្រី អ៊ិន សារិ អនុប្រធានមន្ទីរប្រៃសណីយ៍ខេត្តកំពតបានថ្លែងអោយដឹងថា ក្នុងពេល ដែលគណៈប្រតិភូសាកសួរអ្នកស្រីអំពីរឿងកាសែតចុះផ្សាយនោះ ថាពិតឬមិនពិត អ្នកស្រី បានបំភ្លឺថាការចុះផ្សាយរបស់កាសែតទាំងនោះគឺជាការពិតទាំងស្រុង មិនមែនចេះតែផ្សាយតាម ការនឹកឃើញទេ។ លោកស្រីក៏មានសំណូមពរអោយថ្នាក់ដឹកនាំក្រសួងចាត់ការករណីនេះ ទៅតាមនីតិវិធីច្បាប់ដែរ។
សម្រាប់មន្ត្រីរាជការជាច្រើននៅក្នុងមន្ទីរប្រៃសណីយ៍ខេត្តកំពតពេល ឃើញគណៈប្រតិភូ របស់ក្រសួងប្រៃសណីយ៍ចុះទៅដល់មន្ទីរនោះ ពួកគាត់បានសម្តែងនូវការស្វាគមន៍ចំពោះការចុះស្រាវ ជ្រាវករណីអំពើពុករលួយខាងលើ ហើយបានសំណូមពរអោយក្រុមគណៈប្រតិភូស្វែងរកការពិត អោយបានច្រើន ជៀសវាងការគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនជាធំអោយនោះ។ អំពើពុករលួយ នេះបានកើតមានឡើងអស់រយៈពេល១០ឆ្នាំមកហើយ និងបានធ្វើអោយមន្ត្រីរាជការជាច្រីននៅ ក្នុងមន្ទីរអស់ទឹកចិត្តក្នុងការបំពេញភារកិច្ច។
ប្រភពបានបញ្ជាក់ថា អំពើពុករលួយរបស់លោក អ៊ុក ភារុណ គឺបានរក្សាឈ្មោះមន្ត្រីខ្មោច ម្នាក់ ឈ្មោះលាប់ ចេស្តា តាំងពីអង្គការស៊ីម៉ាក់បង្កើតដំបូងរហូតដល់សព្វថ្ងៃ ដោយលោកលាប ចេស្តា នេះបានចូល បំរើការងារនៅអង្គការស៊ីម៉ាក់តាំងពីនោះមក។ចំណែកឈ្មោះលោកស្រីហុង ចាន់ដេត ក៏មិនបានបំរើ ការងារនៅក្នុងមន្ទីរទេ ប៉ុន្តែប្រាក់ខែរបស់លោកលាប់ ចេស្តា និងលោកស្រីហុង ចាន់ដេត ត្រូវ លោកប្រធានមន្ទីរ អ៊ុក ភារុណ បើកយក ហើយនៅពេលមានការត្រួតពិនិត្យមន្ត្រីរាជការម្តងៗ លោកអ៊ុក ភារុណ តែងតែទូរស័ព្ទហៅអ្នកទាំងពីរមកបង្ហាញវត្តមានជានិច្ច ហើយបានស៊ីប្រាក់ខែរបស់អនុ ប្រធានមន្ទីរម្នាក់ទៀតឈ្មោះណុប ប៉ុណ្ណារ៉េត ខណៈពេលអនុប្រធានមន្ទីររូបនេះបានចូលបំរើការងារ ជាប្រធានសាខាក្រុមហ៊ុនខាំមែនតែលខេត្តកំពតនោះ។
ក្រៅពីនេះ បានកិបកេងលើការចំណាយសំរាប់ការងាររដ្ឋបាលនៅក្នុងមន្ទីរដូចជាលុយ បេសកកម្ម លុយសំរាប់ទិញសំភារៈផ្សេងៗដែលលុយជំពូកនេះក្នុង១ឆ្នាំគឺរដ្ឋ បានផ្តល់ឲ្យចំនួន៨លើកដោយក្នុង១លើកលោកប្រធានមន្ទីរអ៊ុក ភារុណ អាចកិបកេងបានប្រាក់ពី ២លានកន្លះទៅ៣លានរៀល និងបានកិបកេងលុយសំរាប់ក្រាលឥដ្ឋកូរូឡានិងថែទាំជុំវិញមន្ទីរ រយៈពេល៣ឆ្នាំជាប់គ្នាដោយនៅឆ្នាំ២០១១រដ្ឋបានផ្តល់លុយឲ្យ៥០លាន រៀល ឆ្នាំ២០១២-២០១៣ រដ្ឋបានផ្តល់លុយឲ្យក្នុង១ឆ្នាំៗ៤៧លានរៀល ហើយនៅពេលលុយនេះធ្លាក់មកម្តងៗគឺលោកប្រធានមន្ទីរទៅបើកដោយ ស្ងាត់ៗតែម្នាក់ឯង ហើយការចំណាយយ៉ាងណានោះក៏លោកប្រធានមិនឲ្យមន្ត្រីនៅក្នុងមន្ទីរដឹង នោះទេ។
ទន្ទឹមនេះ លោកប្រធានមន្ទីរបានជួលទីធ្លាជុំវិញបរិវេណរបងមន្ទីរទៅឲ្យ ក្រុមអាជីវករលក់ដូរចំនួន១០នាក់ក្នុងនោះមានមន្ត្រីរបស់មន្ទីរ ម្នាក់ប៉ុណ្ណោះ ជាមួយគ្នានោះលោកប្រធានមន្ទីរបានអនុញ្ញាតឲ្យក្រុមអាជីវករទាំងនោះ ប្រើប្រាស់ទឹកភ្លើងរបស់មន្ទីររួមនិងយកសំភារៈមកទុកក្នុងមន្ទីរ ថែមទៀត ចំណែកចំណូលពីការជួលនេះលោកប្រធានមន្ទីរយកតែម្នាក់ឯង។
ដោយសារការប្រព្រឹត្តអំពើពុករលួយគ្រប់រូបភាពរបស់លោកប្រធានមន្ទីរ អ៊ុក ភារុណ នោះបាន ធ្វើឲ្យរូបលោកទទួលបានផលប្រយោជន៍យ៉ាងតិចក្នុង១ខែ៤លានរៀល។ហើយ បញ្ហានេះបានធ្វើឲ្យមន្ត្រីជាច្រើនមានការមិនពេញចិត្តលើការដឹកនាំ របស់ប្រធានមន្ទីររូបនេះ។ មន្ត្រីបញ្ជាក់ថា ករណីនេះបើសិនជា ក្រុមអធិការកិច្ចស្រាវជ្រាវរកឃើញអំពើពុករលួយដូចការ ចោទប្រកាន់មែននោះ គាត់អាចប្រឈមមុខនឹងការដកហូតតំណែង ឬក៏អាចចាប់ខ្លួនបញ្ជូនទៅអង្គភាពប្រឆាំងអំពើពុករលួយផងដែរ៕