ភ្នំពេញ៖ បើសិនជាអាចធ្វើបានដោយដេកយកជើងគងថ្ងាស ប្រាកដជាត្រូវគេលួចសើចម្នាក់ឯង ជាពុំខាននៅពេលដែលបានពិចារណាដល់ឆាកល្ខោននយោបាយនៅកម្ពុជា។ ព្រោះហេតុអ្វី? ចំលើយប្រាកដណាស់គឺនៅពេលដែលលោកសមរង្ស៊ី បានធ្វើសកម្មភាពប្រឆាំងខ្លាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូចជាករណីថ្លើមធំហ៊ានដកបង្គោលត្រុយព្រំដែនកម្ពុជា-វៀតណាម និងថ្លើមធំ ហ៊ានបញ្ចេញផែនទីកាឡៃ ធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ឆេះដុំយ៉ាងខ្លាំង រហូតដល់ត្រូវបានតុលាការកោះហៅ លោកសមរង្ស៊ី ជាច្រើនដង ទើបបណ្តាលឲ្យលោកសមរង្ស៊ីភ័យខ្លួន ខ្លាចចូលដេកគុកព្រៃសលួចរត់ចេញទៅរស់ នៅសម្ងំយ៉ាងត្រជាក់មេជើងឯប្រទេសបារាំង។
ស្ថិតក្នុងរយៈកាលមិនទាន់ដល់ពេលដែលត្រូវដោះស្រាយ លោកសមរង្ស៊ី ក្អេងក្អាងដូចសត្វក្អាត់ក្នុងក្អមនៅឯក្រៅ ប្រទេស។ រីឯនៅក្នុងប្រទេសវិញ សម្តេចតេជោ ហ៊ុន សែន ក៏បញ្ចេញវោហាសាស្ត្រខ្លាំងៗមិនធម្មតានោះទេ សំរាប់ពិរុទ្ធជនសមរង្ស៊ី ដែលកំពុងស្ថិតនៅឯក្រៅប្រទេស។ ស្រាប់តែមកដល់ពេលនេះ គឺជាពេលវេលាជិតកៀក នឹងថ្ងៃត្រូវបោះឆ្នោតទៅហើយ ក៏ត្រូវលេចធ្លាយព័ត៌មានថា លោកសមរង្ស៊ីយល់ព្រមបន្ទន់ខ្លួនលុតជង្គង់អង្វរសុំ សម្តេចហ៊ុន សែន មេត្តាអនុគ្រោះសណ្តោសកំហុសដែលបានកើតឡើងកន្លងទៅ។ សម្តេចហ៊ុន សែន បានយល់ ព្រមនៅពេលដែលលោកសមរង្ស៊ី លុតជង្គង់យល់ព្រមសុំចាញ់«នេះជាសកម្មភាពភាសាអ្នកនយោបាយ។ នៅ ពេលនេះ ប្រាកដណាស់គឺព្រះមហាក្សត្រព្រះអង្គយល់ព្រមឡាយព្រះហស្តលេខា ដើម្បីលើកលែងទោសលោក សមរង្ស៊ី តាមសំណើសុំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។
មជ្ឈដ្ឋានអ្នកនយោបាយដែលបានតាមដានសកម្មភាពសាច់រឿងល្ខោននយោបាយនេះ តាំងពីថ្ងៃចាប់ផ្តើម រហូតមកដល់ពេលនេះបានលើកជាសំណួរថា តើលោកសមរង្ស៊ី សុខចិត្តលុតជង្គងសុំចុះចាញ់ពេលនេះដើម្បីអ្វី? ចំលើយយ៉ាងខ្លី គឺសុខចិត្តចាញ់ដើម្បីបានឈ្នះ។ ស៊ូទ្រាំសុខចិត្តធ្វើមារយាទថោកទាបគឺដើម្បីឈ្នះ! ព្រោះពេល វេលានេះគឺជាចុងទឹកចុងក្រោយសំរាប់លោកសមរង្ស៊ី ដែលត្រូវអស់ក្រឡាលោត។
មជ្ឈដ្ឋានអ្នកនយោបាយបានលើកឡើងថា ពីមុនដំបូងលោកសមរង្ស៊ីមិនសុខចិត្តចាញ់សម្តេចតេជោ សែន ព្រោះលោកសមរង្ស៊ី អាងនិងមានអំនួតសង្ឃឹមថា អន្តរជាតិពិសេសសហគមន៍អឺរ៉ុបចេញមុខជួយអន្តរាគមន៍។ ប៉ុន្តែដោយការដេកយកជើងគងថ្ងាសសង្ឃឹមរង់ចាំយូរពេក កៀកនឹងថ្ងៃបោះឆ្នោតទៅហើយ នៅតែពុំមានអន្តរ ជាតិណាមួយប្រទេសណាមួយហ៊ានចេញមុខមកអន្តរាគមន៍ជួយ ទើបលោកសមរង្ស៊ី ត្រូវតែលុតជង្គង់សំពះចុះចាញ់។ នៅពេលដែលលោកសមរង្ស៊ីចុះចាញ់ តើសម្តេចតេជោសែន ដែលជាបុរសខ្លាំងបំផុតនៅកម្ពុជា ជាអ្នក ទទួលបានពិន្ទុឈ្នះមែនឬ? សំណួរនេះត្រូវបានមជ្ឈដ្ឋានអ្នកតាមដានព្រឹត្តិការណ៍ព័ត៌មាននយោបាយ នៅកម្ពុជា លើកឡើងថា នៅចំពោះមុខការពិតសម្តេចតេជោ ហ៊ុន សែន ពិតជាបុរសខ្លាំងបានទទួលពិន្ទុពីអាជ្ញាកណ្តាលលើកដៃថាឈ្នះប្រាកដមែន។
លើឆាកនយោបាយ ដែលមានវាំងននខ្មៅនិងមតិអន្តរជាតិ រួមទាំងម្ចាស់ជំនួយផង អាចត្រូវមើលឃើញយ៉ាងច្បាស់ថា សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីខ្មែរមួយរូបមានព្រហ្មវិហារធម៌ ហ៊ានលេងល្បែងនយោបាយបើកចំហ។ ប៉ុន្តែសំរាប់ថ្នាក់មូលដ្ឋានខាងក្រោម ដែលមានសកម្មជនគាំទ្រសម្តេច ហ៊ុន សែន សកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ជាអ្នកចាញ់។ គឺចាញ់ក្នុងរយៈ ពេលដែលសម្តេច ហ៊ុន សែន គ្មានឱកាសនិងមិនអាចចេញមុខធ្វើការបកស្រាយឲ្យមជ្ឈដ្ឋានដែលគាំទ្រនៅថ្នាក់ក្រោមយល់ដឹងនិងមជ្ឈដ្ឋានក្រុមប្រឆាំងបានដឹងការពិត។ ព្រោះតែហេតុផលនេះហើយទើបក្រុមមជ្ឈដ្ឋាន អ្នកវិភាគលើកឡើងថា សម្តេចហ៊ុន សែន យកឈ្នះ ដើម្បីចាញ់ ឯ សមរង្ស៊ីយល់ព្រមថោកទាបដើម្បីឈ្នះ។
ហេតុផល គឺសកម្មជន គណបក្សសង្គ្រោះជាតិ ដែលមានលោកសមរង្ស៊ី និង កឹម សុខា ជាប្រធាននោះបាន ផុសផុលសន្ទុះទឹកចិត្តឡើងវិញ ហើយទ្វេដងទៀត នៅពេលដែលមានពាក្យឃោសនាថា លោកហ៊ុន សែន ត្រូវ អន្តរជាតិគាបសង្កត់ឲ្យលោកសមរង្ស៊ីចូលស្រុក។ លោកហ៊ុនសែន មិនហ៊ានក្អកជាមួយបរទេសទេ ខ្លាំងបានតែជាមួយខ្មែរគ្នាឯង។
លទ្ធផលមុនប្រកួតផ្តាច់ព្រ័ត្រ ត្រូវបានគ្រប់មជ្ឈដ្ឋានផ្តល់ពិន្ទុថា គណបក្សប្រជាជនកម្ពុជា មិនអាចកើនលើ៩០ អាសនៈទេ គឺត្រូវធ្លាក់ចុះក្រោម។ ឯគណបក្សសង្គ្រោះជាតិមានសមរង្ស៊ីបូកនិង កឹម សុខា គឺអាចកើនឡើងដែល នឹកស្មានមិនដល់គួរឲ្យញាក់សាច់។ ប៉ុន្តែគណបក្សសង្គ្រោះជាតិ ទោះបីជាមានវត្តមានលោកសមរង្ស៊ី ចូលស្រុក ក្តី ក៏មិនអាចក្លាយទៅជាគណបក្សប្រឆាំងឈ្នះឆ្នោតបានធ្វើជានាយករដ្ឋមន្ត្រីដែរ គឺចាញ់នៅតែចាញ់ ឯអ្នកឈ្នះ នៅតែឈ្នះ គ្រាន់តែជាអ្នកឈ្នះមិនជិះសេះលែងដៃម្នាក់ឯងតែប៉ុណ្ណោះ។ នេះហើយដែលគេហៅថា នយោបាយ បាយឡុកបាយឡនៅកម្ពុជា សំរាប់មេគណបក្សប្រឆាំងយកមកប្រើចំពោះសកម្មជនគាំទ្រឲ្យបានយល់ច្បាស់ថា កម្ពុជាដ៏កំសត់់របស់យើង គឺត្រូវតែមានសែនមានស៊ី លេងល្បែងនយោបាយសប្បាយនឹងគ្នា៕ ដោយ៖ ស្ងួន ពិមល់