ភ្នំពេញ៖មន្ត្រីអន្ទ្រឹសរបស់ក្រសួងធម្មការនិងសាសនាចំនួន២រូបបានរងនៅការរិៈគន់ថាបានប្រព្រឹត្តអំពើពុករលួយដ៏ធំមួយដោយទទួលបានទឹកប្រាក់សរុបប្រមាន២០ម៉ឺនដុល្លារ តាមរយៈការគាប សង្កត់ពីមន្ត្រីរាជការទូទាំងប្រទេសដែលជាអ្នកចូលរូមប្រឡងប្តូរគ្របខ័ណ្ឌឡើងកាំប្រាក់កាលពីថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៣ដែលធ្វើឡើងនៅទីស្តីការក្រសួងធម្មការនិងសាសនា។
តាមសេចក្តីរាយការណ៍ពីមន្ត្រីមន្ទីរធម្មការនិងសាសនាតាមបណ្តាខេត្តជាច្រើនបានអះអាងដូចៗគ្នាថានៅមុនពេលប្រឡងប្តូរគ្របខ័ណ្ឌឡើងកាំប្រាក់នោះមន្ត្រីសំខាន់២រូបនៅក្រសួងធម្មការនិងសាសនាបានណែនាំនិងខ្សឹបប្រាប់ថ្នាក់ដឹកនាំមន្ទីរធម្មការជាច្រើនឲ្យជួយប្រាប់មន្ត្រីៗក្រោមឱវាទថា បើមន្ត្រី រូបណាចង់ប្រឡងឡើងកាំប្រាក់តម្រូវឲ្យដាក់ពាក្យចូលប្រឡង និងយកប្រាក់ទៅជូនពួកគាត់ ក្នុងតម្លៃ ពី១០០០ដុល្លារទៅ១៨០០ដុល្លារ ទើបការប្រឡងនោះបានជាប ដោយស្វ័យប្រវត្តិ។ ដោយមានសេចក្តីណែនាំជាសម្ងាត់នេះ ថ្នាក់ដឹកនាំមន្ទីរធម្មការរួមនិងមន្ត្រីដែលមានចេតនាចង់ ឡើងកាំប្រាក់ខ្ពស់ម្នាក់ៗបានខំស្ទុះស្ទារទៅខ្ចីបុលប្រាក់គេ ដើម្បីយកទៅចំណាយក្នុងការប្រឡងប្តូរ គ្របខ័ណ្ឌឡើងកាំប្រាក់នោះ។ ព្រោះថានៅពេលបានប្តូរគ្របខ័ណ្ឌឡើងកាំប្រាក់នោះគឺពួកគាត់បាន ទទួលផលប្រយោជន៍ជាច្រើនដូចជាទទួលបានប្រាក់ខែខ្ពស់ មានវាសនាទទួលមុខតំណែងខ្ពស់ និងថែមអាយុធ្វើការបានយូរក្រចូលនិវត្តន៍ជាដើម។
ហើយមកដល់ពេលនេះមន្ត្រីមន្ទីរធម្មការមួយចំនួននៅតាមបណ្តាខេត្តដែលបានខ្ចីប្រាក់ពីម្ចាស់បំណុលគឺខ្លះមិនទាន់បានរកប្រាក់សងម្ចាស់បំណុលគ្រប់នៅឡើយ។ព្រោះថាមន្ត្រីមន្ទីរធម្មការម្នាក់ៗក្រៅតែពីប្រធានមន្ទីរគឺពិបាករកប្រាក់ណាស់មិនមែនដូចនៅស្ថាប័នផ្សេងៗទៀតណាស់។ដូច្នោះទឹកប្រាក់១០០០ដុល្លារទៅ១៨០០ដុល្លារគឺពិតជាច្រើនសម្រាប់ពួកគាត់។
ទាក់ទងនឹងបញ្ហានេះអ្នកសារព័ត៌មានពុំអាចរកការបំភ្លឺពីលោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនានិងអ្នកនាំពាក្យរបស់ក្រសួងបាននោះទេ៕