ប៉ោយប៉ែត៖អំពើឃាតកម្ម២ករណីទៅលើស្ត្រីវ័យក្មេង២នាក់ស្លាប់ស្ថិតក្នុងភាពអាថ៌កំបាំងហើយត្រូវបានគេប្រទះឃើញបន្តបន្ទាប់គ្នា ដោយស្ត្រីម្នាក់ត្រូវឃាតកវាយ និងចាក់សម្លាប់នៅលើគ្រែពូក ក្នុងបន្ទប់ដេក ផ្ទះរបស់នាង គ្រាដែលស្ត្រីរូបនេះជិតដល់ថ្ងៃចូលរោងការ ពោលគឺនៅខ្វះតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ ហើយនាងក៏ជាស្ត្រីមេម៉ាយមានកូន២នាក់។ចំណែកស្ត្រីម្នាក់ទៀតត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយនៅពីក្រោយគំនរសំរាមដោយមានធុំក្លិនស្អុយ ហើយត្រូវបានគេស្គាល់ថា ជាស្ត្រីបំរើការខារ៉ាអូខេ ពន្លឺនាគទិព្វ២ ការស្លាប់នេះត្រូវបានគេសង្ស័យថាជាអំពើរំលោភហើយសម្លាប់ប្លន់យកទ្រព្យរបស់នាង ។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារអរិយធម៌នៅខេត្តបាត់ដំបង និងក្រុងប៉ោយប៉ែតបានឲ្យដឹងថា មានស្ត្រីមេម៉ាយកូន២នាក់បានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងបន្ទប់ដេកដែលពោរពេញ ដោយស្នាមវាយនិង ចាក់ ស្របពេលដែលនាងបានចែកធៀបការជិតចូលរោងការទៅហើយ ពោលគឺខ្វះតែមួយសប្តាហ៍ទៀតត្រូវបានឪពុកប្រទះឃើញសពនៅវេលាម៉ោង៤ រសៀល ថ្ងៃទី១១ ខែកក្កដាឆ្នាំ២០១៣ ស្ថិតក្នុងភូមិ រស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។បើតាមសំដីរបស់ប្រជាពលរដ្ឋនៅក្នុងភូមិបាននិយាយថា នារីរងគ្រោះដែលមានឈ្មោះ លឹមសារ៉ាន់ អាយុ៣៨ឆ្នាំ នោះគឺជាស្ត្រីមេម៉ាយកូន២ប៉ុន្តែចំពោះកូនទាំងពីររបស់នាងគឺរស់នៅជាមួយជីតាឯនាងរស់នៅផ្ទះផ្សេងបែកពីឪពុករស់នៅម្នាក់ឯង។ប្រភពដដែលបានបន្តថា ការលែងលះជាមួយប្តីរបស់នាងនេះនៅមិនទាន់ដាច់ស្រេចហើយឬនៅនោះទេដោយគ្រាន់តែដឹងថាប្តីប្រពន្ធរបស់នាងមិនដែលរវីរវល់ដាច់គ្នានោះឡើយ។ម្យ៉ាងវិញទៀតរូបសម្ផស្សរបស់នាងក៏មិនចាញ់តារាប៉ុន្មានឡើយដែលធ្វើអោយប្រុសៗក្នុងភូមិលបលួចប្រតិព័ទ្ធ និង សរសើរគ្រប់ៗគ្នា។
សេចក្តីរាយការណ៍ពីខេត្តបាត់ដំបងដដែលនេះបញ្ជាក់ថា ថ្មីៗនេះអ្នកភូមិបានឃើញនារីរងគ្រោះដើរចែកធៀបការដោយចូល រោងថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។ អ្វីដែលសំខាន់គឺនាងបាននិយាយថាគូដណ្តឹង របស់នាងគឺជាបុរសពោះម៉ាយនៅឯខេត្តប៉ៃលិនប៉ុន្តែព័ត៌មានខាងក្រៅគឺគូដណ្តឹងរបស់នាងរស់នៅម្តុំ ភ្នំក្រពើហើយសង្ស័យជាប្តីគេថែមទៀតផងដោយសារតែមុខរបស់នាងមានមន្តស្នេហ៍ទើបធ្វើអោយប្រុសៗជាច្រើនមានការច្រណែនគ្នា។
ប្រភពដដែលបន្តថា កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣គេបានឃើញនាងដើរនៅក្នុងភូមិជាធម្មតាលុះឈានចូលដល់ព្រឹកថ្ងៃទី១១ ខែកក្កដាក៏ស្រាប់តែបាត់នាងលែងឃើញរហូតតែម្តង។ នៅប្រហែលម៉ោង៤រសៀលដោយមានការងឿងឆ្ងល់ពេកឪពុករបស់នាងបានដើរទៅបើកទ្វារផ្ទះ របស់នាងក៏ស្រាប់តែប្រទះឃើញនាងដេកស្លាប់នៅក្នុងថ្លុកឈាមឡើងរឹងទៅហើយដោយមិនដឹងថាឃាតកចូលមកសំលាប់នាងតាំងពីថ្មើរណានោះឡើយទើបមានការភ្ញាក់ផ្អើល និងឆោរឡោឡើង។
តាមការពិនិត្យស្លាកស្នាមទៅលើសពនារីរងគ្រោះរបស់សមត្ថកិច្ចមូលដ្ឋានបានអះអាងថា នាងត្រូវឃាតកសំលាប់ដោយប្រើវត្ថុរឹងវាយ និងចាក់ជាច្រើនកន្លែងរហូតដល់ស្លាប់ប៉ុន្តែគេពុំទាន់សន្និដ្ឋានថាបណ្តាលមកពីមូលហេតុអ្វីនោះឡើយ។
ក្រោយពីសមត្ថកិច្ច ទាំងខាងអាវុធហត្ថ និងនគរបាលស្រុកបានសហការគ្នា ចុះពិនិត្យដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវព្រមទាំងធ្វើ កោសល្យវិច័យ លើសពជនរងគ្រោះ ឃើញមានស្នាមម្រាមដៃច្របាច់កនិងមានទឹកកាម នៅមាត់ប្រដាប់ភេទ ជនរងគ្រោះ ហើយមានពូថៅនៅជិតកន្លែងកើតហេតុ១ផងដែរ។ និងបានបន្តសាកសួរ ជនពាក់ព័ន្ធដូច ជាប្តីទី១ ទី២និងប្តីទី៣ (គូដណ្តឹង) តើអ្នកជិះម៉ូតូ ចូលផ្ទះជនរងគ្រោះមុនពេលកើតហេតុនោះជានណា ? បច្ចុប្បន្នសមត្ថកិច្ចពុំទាន់បានធ្វើការសន្និដ្ឋាន និងព័ត៌មាន ពុំជាក់លាក់ណាមួយនៅឡើយទេដោយកំពុងធ្វើការស្រាវជ្រាវ នៅឡើយ។ ឯព័ត៌មាន ពិស្តារយើងរង់ចាំតាមដានបន្តទៀតនៅពេលក្រោយ។
ដោយករណីឃាតកម្មមួយទៀតតាមសេចក្តីរាយការណ៍ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នារីម្នាក់ដែលគេដឹងថា ជាស្ត្រីខារ៉ាអូខេត្រូវគេវាយសំលាប់ កបក្នុងគំនរសំរាម រហូតដល់សាកសពហើមស្អុយ រលួយ ធុំក្លិនដល់ប្រជាពលរដ្ឋ ភ្ញាក់ផ្ញើលទៅចោមរោមមើលទើបដឹងថា មានមនុស្សស្រីម្នាក់ស្លាប់ ត្រូវគេកប់ក្នុងគំនរ សំរាមដោយពុំដឹងពីមូលហេតុ គេសង្ស័យថាជាករណីរំលោភនិងប្លន់យកម៉ូតូ។
ហេតុការភ្ញាក់ផ្ញើលខាងលើ នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១២ ខែ កក្កដាឆ្នាំ២០១៣ នៅចំណុចផ្លូវលំ គ្រួសក្រហម ឆ្ពោះទៅវិទ្យាល័យអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។សមត្ថកិច្ចបានប្រាប់ថា នាងរងគ្រោះ មានឈ្មោះ សុផានី អាយុ២៦ ឆ្នាំមានស្រុកកំណើត នៅខេត្តពោធិ៍សាត់ ជានារីបំរើការងារ នៅក្នុងភោជនីយដ្ឋានខារ៉ាអូខេ ពន្លឺនាគទិព្វ២ ក្រុងប៉ោយប៉ែត ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលនារីរងគ្រោះបាត់ខ្លួន គឺក្នុងអំឡុងថ្ងៃទី៨ ខែកក្តដា ស្ត្រីរងគ្រោះបានជួល ម៉ូតូម៉ាកស្កូពី ស៊េរីឆ្នាំ២០១៣ មួយគ្រឿងដ្បើម្បីជិះដើរកំសាន្ត ហើយបាត់ខ្លួន រហូត មិនដឹងជាទៅទីណា រហូតដល់ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នេះ មានប្រជាពលរដ្ឋ ដើរដាក់បង្កៃដាក់ទ្រូ ក្នុងព្រៃ ធុំក្លិនស្អុយទើបដឹងថាមានមនុស្សស្លាប់ ក៏បានរាយការប្រាប់សមត្ថកិច្ច និងផ្អើលដល់ប្រជាពលរដ្ឋ មកចោមរោមមើល ។
យោងតាមការសន្និដ្ឋាន ជំហានដំបូង គេសង្ស័យថា ជាករណីរំលោភ ហើយប្លន់យកម៉ូតូ ពីព្រោះនាងៗ ខារ៉ាអូខេចូលចិត្តបោកប្រុសចាស់ៗ ទៅចិញ្ចឹមប្រុសក្មេងខ្លាំងណាស់ ។នៅកន្លែងកើតហេតុ ទាំងសមត្ថកិច្ច ប៉ូលិស និងប៉េអឹម មិនអាចបំភ្លឺបានទេ ដោយរង់ចាំលោកព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ ចុះមកត្រួតពិនិត្យ និងធ្វើ កោសល្យវិច័យសិន មុននឹងប្រគល់សាកសពអោយទៅសាច់ញាតិបងប្អូន។
ដោយឡែក ម្ចាស់ហាងខារ៉ាអូខេ ពន្លឺនាគទិព្វ២ លោក សេក ម៉េង បានបំភ្លឺតាមទូរស័ព្ទថា ស្ត្រីរងគ្រោះ ខាងលើពិតជាធ្វើការងារនៅក្នុងហាងរបស់លោក ពិតប្រាកដមែន ប៉ុន្តែនាងរងគ្រោះរូបនេះ បានលាឈប់ បំរើការងារ ក្នុងហាងរបស់លោក ជាយូរថ្ងៃមកហើយគឺចាប់តាំងពីថ្ងៃទី៧ ខែកក្កដាម្ល៉េះ ។លោកក៏ បាន សំណូមពរ អោយសមត្ថកិច្ចធ្វើការស្រាវជ្រាវ អោយបានល្អិតល្អន់ដើម្បីស្វែងរកមុខឃាតក យកមក ផ្តន្ទាទោស តាមផ្លូវច្បាប់។
ករណីឃាតកម្មទាំងពីខាងលើសង្ឃឹមថា សមត្ថកិច្ចនិងរកឃាតកឃើញនាពេលខាងមុខនេះ ដូចពាក្សចាស់លោកពោលថាកុកភ្លេចជុង តែជុងមិនភ្លេចកុកនោះទេ ៕
ដោយ ខៀវ បូរី