ភ្នំពេញ ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅមុខវិទ្យាល័យបាក់ទូក មុខចំណតរថយន្តក្រុងក្រុមហ៊ុនរិទ្ធិមុនី្ន ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ។
បុរសម្នាក់បានបាត់ម៉ូតូជាង១ខែមកហើយដោយសារចោរលួចកាច់.កយក ខណៈគាត់ទុក ម៉ូតូនៅមុខផ្ទះក្នុងសង្កាត់ស្ទឹងមានជ័យ ស្រាប់តែគាត់មកទិញសំបុត្រដើម្បីទៅលេងស្រុកកំណើត ក៏ប្រទះឃើញម៉ូតូរបស់ខ្លួននៅនឹងបុរសម្នាក់ម្តុំចំណតរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុន្នីក៏ស្រែកឆោឡោប្តឹងសមត្ថ កិច្ចតែម្តង ។
មុនពេលកើតហេតុបុរសជាម្ចាស់ម៉ូតូឈ្មោះ ទុន សំណាង អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំស្ទឹងមានជ័យ បានមកទិញសំបុត្រដើម្បីជិះរថយន្តក្រុងទៅស្រុកកំណើតនៅខេត្តកំពត ។ លុះចូលទិញក៏បានប្រទះឃើញម៉ូតូរបស់ខ្លួននៅទីនោះ ដែលចោរលួចកាត់.កយកទៅជាង១ខែមកហើយនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយម៉ូតូរបស់គាត់ម៉ាកស្មាស់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ គ្មានស្លាកលេខ ក៏បានស្រែកឆោឡោថា ម៉ូតូនោះជាម៉ូតូរបស់ខ្លួនដែលចោរលួចទៅជាង១ខែមកហើយ ។
បុរសជាម្ចាស់ម៉ូតូបានឲ្យដឹងថា ពេលគាត់ឃើញម៉ូតូនោះហើយក៏បានស្រែក ប្តឹងសមត្ថកិច្ចឲ្យជួយ ។ ពេលនោះសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ភ្លាមៗ ធ្វើឲ្យអ្នកជិះម៉ូតូរបស់គាត់រត់គេចខ្លួនបាត់ស្រមោលតែម្តង ៕