ភ្នំពេញ៖ ផ្ទះអ្នកលក់មាសនិងដូរលុយនៅផ្សារទួលសង្កែមួយកន្លែងត្រូវចោរ២នាក់ប្រដាប់ដោយកាំភ្លើងនិងញញួរចូលវាយប្លន់ប្រមូលមាសពីទូហើយរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់បន្សល់ទុកតែការភ្ញាក់ ផ្អើលឆោឡោកាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី១២កក្កដា២០១៣ពេលនេះប៉ូលិសកំពុងតែចុះទៅកន្លែងកើតហេតុនិងស្រាវជ្រាវរកមុខសញ្ញាហើយ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ទូមាសក្នុងផ្សារទួលសង្កែដែលចោរប្លន់នេះស្ថិតនៅផ្ទះលេខC៣១ ផ្លូវ៩០០សង្កាត់ស្រះចកខណ្ឌដូនពេញចំណែកម្ខាងទៀតស្ថិតក្នុងសង្កាត់ទួលសង្កែខណ្ឌប្ញស្សីកែវព្រោះផ្លូវបានពុះចែកផ្សារជាពីរ។
ប្រភពបន្តថា មុនពេលកើតហេតុគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកដល់ឈប់នៅខាងមុខផ្ទះលក់មាសនិងដូរលុយ ហើយភា្លមនោះជនសង្ស័យម្នាក់បានចុះពីលើម៉ូតូដើរមកសួរនាំរួចក៏ទាញញញួរធ្វើសកម្មភាពវាយបំបែកទូកញ្ចក់ ប្រមូលយកគ្រឿងអលង្ការមួយចំនួនដាក់ក្នុងស្បោងរត់គេចខ្លួនដោយសុវត្ថិភាព។ យ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងពីចំនួនទ្រព្យសម្បត្តិដែលបាត់បង់នោះនៅឡើយទេខណៈម្ចាស់ផ្ទះបន្ទាប់ពីកើតហេតុមិនបានសហការជាមួយសមត្ថកិច្ចបិទទ្វារផ្ទះជិតហើយម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះស៊ីនសាងអូន៕