ភ្នំពេញ៖ តាមការគ្រោងទុក ក្រុមសហជីព និងក្រុមអង្គការសង្គមស៊ីវិល ចំនួន១៧ នឹងធ្វើ បាតុកម្មជាលក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី១២-១៥ ខែមីនា ឆ្នាំ២០១៤ ប៉ុន្តែត្រូវបានផ្អាក ដោយសារតែមានការស្នើសុំពីសមាជិករបស់ខ្លួន និងទុកឱកាសរាជ រដ្ឋាភិបាល និងនិយោជក ពិភាក្សាគ្នាពីការដំឡើងប្រាក់ឈ្នួល ជូនកម្មករឡើងវិញ។
នៅព្រឹក ថ្ងៃទី១១ ខែមីនា ក្រុមសហជីពរបស់លោក និងក្រុមអង្គការមួយចំនួនបានជួបពិភាក្សាគ្នា ពីការធ្វើបាតុកម្ម នៅថ្ងៃស្អែកនេះ ប៉ុន្តែបន្ទាប់ពីបានជួបប្រជុំគ្នា អស់រយៈពេលមួយព្រឹកមក ក៏សម្រេចផ្អាកទៅវិញ តាមការស្នើរបស់សមាជិក និងទុកឲ្យ រាជរដ្ឋាភិបាល និងនិយោជកពិភាក្សា រឿងដំឡើងប្រាក់ឈ្នួល។
លោកបន្តថា ប្រសិនបើនៅតែមិនមាន ដំណោះស្រាយទេ បាតុកម្មជាលក្ខណៈ ទ្រង់ទ្រាយធំនឹងកើតមានឡើង ជាក់ជាមិនខាន ដែលមានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧-២២ ខែមេសា ឆ្នាំ២០១៤ខាងមុខ ដើម្បីដាក់សម្ពាធទៅលើរាជរដ្ឋាភិបាល និងថៅកែ រោងចក្រ។
សូមបញ្ជាក់ថា ក្រុមសហជីព ដែលមានគម្រោងធ្វើបាតុកម្ម ដើម្បីទាមទារលក្ខខណ្ឌទាំង ៧ នោះ រួមមាន ទី១- ដោះលែង លោក វន់ ពៅ និង ២២នាក់ផ្សេងទៀត, ទី២-ចរចាប្រាក់ឈ្នួលឡើងវិញ, ទី៣-ចាប់ជនល្មើស បាញ់សម្លាប់កម្មករនៅផ្លូវ វ៉េងស្រេង យកមកផ្តន្ទាទោសតាមផ្លូវច្បាប់, ទី៤-ដកពាក្យបណ្តឹង ដែលប្តឹងសហជីព ទាំង៨, ទី៥-ដកបំរាមមិនឲ្យជួបជុំគ្នា, ទី៦-យកតំណាងកម្មករទាំង ១០០នាក់ ចូលធ្វើការវិញ បន្ទាប់ពីបញ្ឈប់ពួកគេ ក្រោយពេលធ្វើបាតុកម្ម និងទី៧-សងលុយ កម្មករ ក្នុងពេលធ្វើបាតុកម្មនាពេលកន្លងមក៕