ក្រចេះ ៖ លោកប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូងនៅស្រុកស្នួល បានបើកដៃឲ្យ ឈ្មួញដឹកឈើទៅប្រទេសវៀតណាមចេញតាមច្រករបៀងនៅភូមិត្រពាំងស្រែដោយសេរី គ្មានការបង្ក្រាបអ្វីឡើយ ដោយសារតែពួកឈ្មួញបង់សេវាដ៏ក្រាស់ក្រែល។
ប្រភពព័ត៌មានបានឲ្យអរិយធម៌ដឹងថា ឈើប្រណីតរាប់រយម៉ែត្រគូប ដែលឈ្មួញដឹកជញ្ជូនមកពីបណ្តាស្រុកមួយចំនួននៅក្នុងខេត្តក្រចេះ យកទៅលក់ឱ្យឈ្មួញឈ្មោះ សួង ចំរើន និងឈ្មួញជាច្រើននាក់ទៀត នៅច្រកព្រំដែនត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ដើម្បីស្តុកទុកយកទៅលក់បន្តនៅប្រទេសវៀតណាម។
បើតាមប្រភពព័ត៌មានពីស្រុកស្នួលបានប្រាប់ឱ្យដឹងថា ឈើប្រណីតធ្នង់ បេង នាងនួន ដែលពួកឈ្មួញឈ្មោះហុង លី កូនរបស់លោក ហេង ប៉ាង ដែលជាអតីតអ្នករកស៊ី បទល្មើព្រៃឈើ ឈ្មោះ ពក ម្ចាស់ស្ថានីយប្រេងសាំងកន្ទួតលោក ជា ដឹកតាមរថយន្តស៊េរីទំនើបៗដូចជាកាមរីឆ្លាម កាមរីបាឡែន និងរថយន្តកែច្នៃ រួមទាំងប្រើរូប ភាពដឹកតាមម៉ូតូជួលអ្នកភូមិ យ៉ាងមមាញឹក រាល់យប់ថ្ងៃ សឹងគ្រប់ម៉ោងនាទី ចេញពីស្រុក ចិត្របុរី និងស្រុកស្នួល ភ្នំព្រិច តាមផ្លូវជាតិលេខ៧ ឆ្ពោះទៅកាន់ទីតាំង ស្តុកឈើប្រណីត របស់ឈ្មោះ សួង ចំរើន ដែលជាឈ្មួញរកស៊ីឈើខុសច្បាប់ធំបំផុតប្រចាំតំបន់ព្រំដែន។
ដោយឡែកប្រភពព័ត៌មានផ្សេងមួយទៀតនៅក្នុងស្រុកស្នួល បានប្រាប់ថា រាល់បទល្មើសដឹកជញ្ជូនឈើប្រណីតខុសច្បាប់ តាមដងផ្លូវ ជាពិសេសនៅក្នុងតំបន់ ស្រុកស្នួលនេះតែម្តង គឺជាច្រកនាំចេញឈើប្រណីតដ៏ធំ ទៅក្នុងប្រទេសវៀតណាម ហើយក៏មានពួកឈ្មួញដែលកំពុងតែយកសមត្ថកិច្ចគ្រប់ជំនាញ ធ្វើជាខ្នងបង្អែក និងកាងឲ្យ ការរកស៊ី របស់ពួកឈ្មួញបានយ៉ាងរលូន ហេតុនេះហើយបានជាមិនដែលឃើញសមត្ថកិច្ច ឬ ជំនាញណា មួយទៅបង្ក្រាបចំពោះអំពើដែលខុសនឹងច្បាប់បែបនេះឡើយ។
លោក ប្រាក់ សំបូរ នាយផ្នែករដ្ឋបាលព្រៃឈើឆ្លូង មិនអាចទំនាក់ទំនងសុំការបំភ្លឺណាមួយបានទេ ចំពោះការបើកដៃឲ្យឈ្មួញ ដឹកឈើប្រណីតខុសច្បាប់ទៅវៀតណាមដោយសេរីនេះ៕
ដោយ៖ ឌឹម សឿន