ស្វាយរៀង ៖ ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ពេលនេះគឺលោក ហេង សំបូរ បើកដៃឲ្យមេៗគយតាមច្រកព្រំដែនជាច្រើនកន្លែងទូទាំងខេត្តស្វាយរៀង ធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងបច្ចុប្បន្នលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង នៅតែបើក ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់ តាមអំពើចិត្ត។ រីឯលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បណ្តោយឲ្យលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។
ប្រភពស្និទ្ធនឹងលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង បានឲ្យដឹងថា កាលនៅធ្វើជាមេគយខេត្តកំពត គឺលោក ហេង សំបូរ ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ឥឡូវនេះលោក ហេង សំបូរ កំពុងយកជំនាញខាងប្រព្រឹត្តអំពើពុករលួយកាលនៅធ្វើជាមេគយខេត្តកំពត មកអនុវត្តន៍ក្នុងខេត្តស្វាយរៀង យ៉ាងត្រជាក់ចិត្តគ្មានញញើតអ្វីទាំងអស់។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិនិត្យឡើងវិញខ្លះផង ព្រោះលោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង កំពុងសាងភាពល្បីល្បាញខាងពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពព័ត៌មានបានឲ្យដឹងថា បច្ចុប្បន្នលោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដោយសម្របសម្រួលពីសំណាក់លោក គង់ ណារិន្ទ បើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងគំហុក។ ការដែលលោក ឃុត សាលីន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារមានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនគ្មានឧបសគ្គ ហើយលោក គុណ ញឹម មេគយធំ តែងរក្សាភាពស្ងៀមស្ងាត់។ អំពើពុករលួយពេញទំហឹងរបស់លោក ហេង សំបូរ ប្រធានសាខាគយខេត្តស្វាយរៀង និងលោក ឃុត សាលីន ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ ហេតុនេះថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះឡើយ៕