កំពង់ចាម ៖ យុវជន២នាក់ក្រោយពីផឹកស៊ីស្រវឹងជោកជាមួយមិត្ដភក្ដិនឹកឃើញចង់ឡើងឋានសួគ៌ជាមួយនាងៗ នៅចំណុចចុងថ្នល់ ប៉ុន្ដែនារីរកស៊ីផ្លូវភេទម្នាក់ក្រោយពីយកលុយហើយបែរជាមិនឱ្យរួមភេទធ្វើឱ្យជនសង្ស័យក្ដៅចិត្ដជិះម៉ូតូមកយកកាំបិតប៉័ងតោត្រឡប់ទៅកាប់នារីរកស៊ីផ្លូវភេទ២នាក់បណ្ដាលឱ្យរង របួសជាទម្ងន់ក្រោយមកក៏ត្រូវកម្លាំងនគរបាលចាប់ខ្លួន។
ករណីខាងលើនេះបានកើតឡើងនៅ វេលាពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣នៅចំណុចចុងថ្នល់ផ្ទះរកស៊ី ផ្លូវភេទ ស្ថិតក្នុងភូមិមេម៉ាយសង្កាត់ បឹងកុក ក្រុង-ខេត្ដកំពង់ចាម។
នាយផ្នែកនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុងកំពង់ចាមលោកវរសេនីយ៍ទោ ឆែមម៉ុន បានឱ្យដឹងថា ជនសង្ស័យក្រោយពីបង្ករបួសស្នាមលើស្ដ្រីរកស៊ីផ្លូវភេទត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ជនសង្ស័យ មាន ឈ្មោះណាក់ រស្មីអាយុ២០ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅភូមិស្រែស្ពៃឃុំគងជ័យ ស្រុកអូររាំងឪ បច្ចុប្បន្នមកស្នាក់នៅផ្ទះជួលក្នុងភូមិបឹងស្នាយ សង្កាត់ សំបួរមាសក្រុង-ខេត្ដកំពង់ចាម ។
លោកអធិការបានឱ្យដឹងទៀតថា ស្ដ្រីរកស៊ី ផ្លូវភេទដែលត្រូវជនសង្ស័យខាងលើកាប់ឱ្យរបួស ទី១-ឈ្មោះផន កន្និកា អាយុ២១ ឆ្នាំមានស្រុកកំណើតនៅភូមិ-ឃុំតាព្រហ្ម ស្រុកកៀនស្វាយខេត្ដកណ្ដាល និងទី២- ឈ្មោះសៅ ស្រីយី អាយុ២១ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ ចាមបច្ចុប្បន្ននារីរងគ្រោះមានមុខរបររកស៊ីផ្លូវភេទនៅចំណុចកើតហេតុខាងលើ។ តាមចម្លើយនារីរងគ្រោះដែលបាននិយាយប្រាប់នគរបាលគេដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានមកកន្លែងរបស់ ខ្លួនដើម្បីចង់រួមភេទប៉ុន្ដែដោយសារពួក គេស្រវឹងអួរទីនួ និងមានភាពរញេរញ៉ៃទើបពួកនាងៗឯទៀត រួមជាមួយនឹងខ្លួន ផងដែរមិនឱ្យគេក៏កើតក្ដីក្ដៅក្រហាយ រួចជិះម៉ូតូបាត់មួយស្របក់ ក្រោយមកក៏យកកាំបិតមកដេញកាប់ស្រីៗក្នុងហាង រត់ជាន់ជើងគ្នាតែម្ដង។
ជនសង្ស័យក៏បាននិយាយឱ្យដឹងដែរថា មូលហេតុដែលគេកាប់ប្រហារទៅលើនាងៗទាំងនោះ ព្រោះតែបានយកលុយ ពីគេហើយតែបែរជាមិនឱ្យរួមភេទជាមួយទើបគេខឹងក៏ជិះម៉ូតូដឹកមិត្ដភក្ដិយកទៅទម្លាក់ នៅផ្ទះហើយក៏បកមកកាប់បែបនេះទៅ។
នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានក្រុង កំពង់ចាមបានឱ្យដឹងថា ជនសង្ស័យបានប្រើកាំបិតប៉័ងតោកាប់បណ្ដាលឱ្យនារីម្នាក់របួសប្រអប់ដៃឆ្វេង និងក្បាលធ្ងន់ ធ្ងររីឯនារីដែលជនសង្ស័យចោទថាបានយកលុយក៏ត្រូវរងរបួសធ្ងន់ផងដែរ ។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូន ទៅ តុលាការ៕
ដោយ៖ សិលា