ឧត្តរមានជ័យ ៖ ប្រភពដែលស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្ត
ឧត្តរមានជ័យ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១នេះ លោក ឈុន សុភមង្គល ប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងគំហុក ព្រោះអាងមានខ្នងបង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិ
អូរស្មាច់ ហ៊ានប្រើដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និង ទំនិញខុសច្បាប់តាមអំពើចិត្ត គឺមានការបើកដៃពីសំណាក់លោក គួន សុភាព មេគយចល័ត ខេត្តឧត្តរមានជ័យ និងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ដែលល្បីល្បាញខាងពុករលួយ។
ថ្មីៗនេះ ឈ្មួញមានងារជាជំទាវម្នាក់ នាំចូលទំនិញគេចពន្ធតាមច្រករបៀងក្បែរច្រក ទ្វារ អន្តរជាតិអូរស្មាច់ ដឹកជញ្ជូនចូលទៅរាជធានីភ្នំពេញ ហើយត្រូវក្រឡាប់រថយន្តនៅផ្លូវជាតិលេខ៦ ភូមិក្បិល ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ចំណែកប្រភពស្និទ្ធនឹងលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការដែលលោក កែវ សារ៉ាត់ ហ៊ានបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ យ៉ាងគំហុកគឺមានការបើកដៃពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ផងដែរ។ លើសនេះទៅទៀតគឺមានការសម្របសម្រួលពីសំណាក់ក្រុមគយចល័តនៃអគ្គនាយកដ្ឋាន
គយនិងរដ្ឋាករកម្ពុជា ឈរជើងប្រចាំស្នាក់ការនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ទើបឈ្មួញអាចដឹកជញ្ជូនទំនិញទៅដល់គោលដៅយ៉ាងរលូន។ មានន័យថា អំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ មានការឃុបឃិតជាប្រព័ន្ធហើយលោក គុណ ញឺម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាសម្ងំស្ងាត់ឈឹង។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ចាប់តាំងពីទទួលបាន តំណែងជាប្រធានសាខាគយខេត្តឧត្តរមានជ័យ រហូតមកដល់ពេលនេះគឺលោក ឈុន សុភមង្គល ប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងកាលនៅធ្វើជាប្រធានសាខាគយខេត្តបាត់ដំបង ទៅទៀត។ ប្រភពបានឲ្យដឹងទៀតថានៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ក៏ដូចជានៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង និងច្រកជប់គគីរ ស្រុកបន្ទាយអំពិល ឈ្មួញធំៗសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែននៃខេត្តឧត្តរមានជ័យ ធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕