ព្រះវិហារ ៖ តាមប្រភពពីប្រជាពលរដ្ឋនៅខេត្តព្រះវិហារបានឱ្យដឹងថា មានសិប្បកម្មកែច្នៃឈើមួយកន្លែង ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ កំពុងមានសកម្មភាពយ៉ាងគគ្រឹកគគ្រេងកែច្នៃឈើ ប្រណីតប្រភេទបេង នាងនួន ធ្នង់ និងប្រមូលទិញឈើយ៉ាងអនាធិបតេយ្យនៅតំបន់ស្រុកជ័យសែន ស្រុកឆែប ខេត្តព្រះវិហារ ដោយយកឈ្មោះក្រុមហ៊ុនរបស់ លោកឧកញ៉ា ទ្រី ភាព មកប្រើបិទបាំង ដើម្បីប្រមូលទិញឈើប្រណីតពុំមានប្រភពច្បាស់លាស់ ។
រោងសិប្បកម្មកែច្នៃឈើខាងលើ ត្រូវបានគេដឹងថា ជារបស់លោក ស្រេង ម៉េង អ្នករកស៊ីជំនួញឈើដុះស្លែ នៅខេត្ត ព្រះវិហារ ដ៏មានឥទ្ធិពលដែលចេះសម្របសម្រួលជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងជាឈ្មួញ ដើរប្រមូលទិញឈើប្រណីត អនាធិបតេយ្យលក់ទៅឱ្យក្រុមហ៊ុនលោកឧកញ៉ា ទ្រី ភាព ដែលជាក្រុមហ៊ុន ល្បីល្បាញខាងប្រមូលទិញឈើធ្វើគ្រឿងសង្ហារឹម ដឹកចេញទៅលក់នៅប្រទេសក្រៅយ៉ាងគគ្រឹកគគ្រេង ។
ដោយមានការទំនាក់ទំនងយ៉ាងល្អជាមួយក្រុមហ៊ុន ទ្រី ភាព ទើបលោក ស្រេង ម៉េង អាចរកស៊ីប្រមូលទិញឈើ ប្រណីតអនាធិបតេយ្យបានយ៉ាងសេរី ពុំមានការខ្វាយខ្វល់អ្វីឡើយ ក្រោមការមិនបង្ក្រាបរបស់មន្ត្រីជំនាញ និងមន្ត្រីខេត្តព្រះវិហារ ។
តាមប្រភពព័ត៌មានមួយទៀតបានឱ្យដឹងថា សិប្បកម្មឈើកែច្នៃរបស់លោក ស្រេង ម៉េង ក្រៅពីមានមេជាង និងកម្មករជាជនជាតិខ្មែរ មានទាំងមេជាងជាជនជាតិវៀតណាមអន្តោប្រវេសន៍ជាច្រើននាក់ទៀត កំពុងធ្វើការនៅទីនោះ ដែលធ្វើឱ្យគេសង្ស័យថា កម្មករជនជាតិវៀតណាមទាំងនោះ គឺជាជនអន្តោប្រវេសន៍ ខុសច្បាប់ លួចចូលមកស្រុកខ្មែរ ហើយត្រូវលោក ស្រេង ម៉េង ទទួលឱ្យធ្វើការនៅរោងសិប្បកម្មរបស់លោក ដោយពុំខ្លាច និងគោរពច្បាប់រដ្ឋនោះឡើយ បញ្ហានេះ គួរតែមន្ត្រីនគរបាលអន្តោប្រវេសន៍ខេត្តព្រះវិហារពិនិត្យឡើងវិញផង ។
ជាក់ស្តែងក្នុងការប្រមូលទិញឈើអនាធិបតេយ្យរបស់លោក ស្រេង ម៉េង ដើម្បីលក់ឱ្យក្រុមហ៊ុនទ្រីភាព កន្លងទៅ នៅចំណុចភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោក ស្រេង ម៉េង បានប្រមូលទិញឈើ ប្រណីតគ្មានប្រភពច្បាស់លាស់ជាប្រភេទឈើធ្នង់ជាង ៦០ម៉ែត្រគូបទុកនៅបីកន្លែង គឺនៅក្នុងទីស្នាក់ការ ប៉ុស្តិ៍នគរបាលឃុំស្តៅ នៅទល់មុខប៉ុស្តិ៍នគរបាលស្តៅ និងនៅជាប់របងអនុវិទ្យាល័យស្តៅ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋឱ្យដឹងថា អ្នកស្រុកតែងយកគោយន្តទៅដឹកជញ្ជូនឈើចេញពីព្រៃយកមកឱ្យលោក ស្រេង ម៉េង ស្តុកទុកលុះគ្រប់ចំនួន ទើបលើកដាក់រថយន្តយីឌុប ដឹកឱ្យក្រុមហ៊ុន ទ្រី ភាព ហើយប្រជាពលរដ្ឋ បានបន្ថែមថា មេឈ្មួញ ខាងលើបានប្រមូលទិញ និងដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង។ ការស្តុកទុកឈើមានគំនរ ដូចភ្នំ រហូតដល់ស្តុកទុកក្នុងទីស្នាក់ការ ប៉ុស្តិ៍ថែមទៀតផង តែគេពុំឃើញមានស្ថាប័នពាក់ព័ន្ធណាមួយធ្វើការ បង្ក្រាបទាល់តែសោះ ។
ស្រុកសង្គមថ្មី មិនមែនជាតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនទ្រីភាពនោះឡើយ ប៉ុន្តែដោយមានឈ្មោះ ល្បីល្បាញរបស់ក្រុមហ៊ុននេះជាមួយមន្ត្រីរដ្ឋាភិបាល ទើបពួកឈ្មួញតែងតែយកឈ្មោះក្រុមហ៊ុននេះទៅ ប្រើ ដើម្បីកាប់បំផ្លាញព្រៃឈើរបស់សហគមន៍ ចំណែកពួកឈ្មួញដែលរកស៊ីផ្គត់ផ្គង់ឈើប្រណីតឱ្យក្រុមហ៊ុនខាង លើនេះ ក្រុមសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចខេត្តពុំដែលហ៊ានប៉ះពាល់ និងធ្វើការបង្ក្រាបនោះឡើយ បែរជាជួយសម្របសម្រួលទៅវិញ ផ្ទុយពីអនុសាសន៍របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសុំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋជួយថែរក្សាព្រៃឈើឱ្យបានគង់វង្ស ៕ ដោយ៖ លីហ៊ាង