ក្រចេះ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិត្រូន ឃុំក្បាលដំរី បានឲ្យដឹងថា រោងសិប្បកម្មខ្លះដំណើរការជាយូរឆ្នាំមកហើយមិនដែលឃើញមន្ត្រីជំនាញនិងសមត្ថកិច្ច
ពាក់ព័ន្ធចាត់វិធានការបង្ក្រាបទាល់តែសោះ។
ទន្ទឹមនឹងនេះលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ និងលោក នួន ពៅរតនា មេរដ្ឋបាលព្រៃឈើខេត្តក្រចេះ រក្សាភាពស្ងៀមស្ងាត់ទុកឲ្យរោងសិប្បកម្មកែច្នៃឈើនៅឃុំក្បាលដំរី កើតឡើងយ៉ាងអនាធិបតេយ្យរហូតដល់បច្ចុប្បន្ន។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ចាត់វិធានការបង្ក្រាបរោងសិប្បកម្មកែច្នៃឈើនៅភូមិត្រូន ឃុំក្បាលដំរី ជាបន្ទាន់។
ប្រភពព័ត៌មានពីប្រពលរដ្ឋក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្ត ក្រចេះ បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានរោងសិប្បកម្មកែច្នៃឈើធំៗជាច្រើនកន្លែងកំពុងដំណើរការយ៉ាងរលូន ព្រោះគ្មានមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន ឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបឡើយ។
ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិង សមត្ថកិច្ចពាក់ព័ន្ធក្នុង មូលដ្ឋានទេនោះគឺរោងសិប្បកម្មកែច្នៃឈើមិនអាចកើតឡើងយ៉ាងរាលដាលដូចសព្វថ្ងៃនេះទេ។ សូម្បីតែសមត្ថកិច្ចអាវុធហត្ថខេត្តស្រុកសំបូរ ក៏មិនចាត់វិធានការបង្ក្រាបរោងសិប្បកម្ម កែច្នៃឈើក្នុងភូមិត្រូន ឃុំក្បាលដំរី ស្រុកសំបូរ នៅឡើយប្រហែលជាខ្លាចបាត់បង់ផលប្រយោជន៍។ បើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលដែលខ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តក្រចេះ បានឲ្យដឹងថា រោងសិប្បកម្មកែច្នៃឈើកើតឡើងពេញបន្ទុក នៅភូមិត្រូន ឃុំក្បាលដំរី ជាប្រភពចំណូលរបស់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធ។ បើគ្មានការបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទេនោះគឺរោងសិប្បកម្មទ្រង់ទ្រាយធំជាច្រើនទីតាំងមិនអាចដំណើរការបានសុខស្រួលដូចសព្វថ្ងៃបានទេ។ ដូច្នេះលោក
សាន្ត ប៊ុនថាន មេបញ្ជារការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ មិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកសំបូរ ឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្ត ៕