ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅថ្ងៃសុក្រ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ខែមីនា ឆ្នាំ២០២១ លើដងផ្លូវជាតិលេខ៥ កំពុងស្ថាបនា នៅត្រង់ចំណុចក្រុមទី០៩ ភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។
រថយន្តដែលបុកម៉ូតូនោះម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ(2Ak-8278) បើកបរពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០០៩ ពាក់ស្លាកលេខបាត់ដំបង(1E-1645) បានបើកបរចេញពីខ្លោង ទ្វារវត្តឆ្លងផ្លូវជាតិ ទិសដៅពីកើតទៅលិចធ្វើឱ្យ រថយន្តបុកម៉ូតូពេលកំពុងឆ្លងផ្លូវ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុចំនួន០១នាក់ ចំណែកអ្នកបើកបររថយន្តបើករត់គេចមកដល់ភូមិព្រះពន្លា ឃុំរូងជ្រៃ ក៏ទុករថយន្តចោល រួចអ្នកបើកបររត់គេចខ្លួនបាត់ស្រមោល ។
យុវជនដែលជាអ្នកបើកបរម៉ូតូមានឈ្មោះ រិន សុថាវី ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិ ជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង (មិនបានពាក់មួកសុវត្ថិភាព)(ស្លាប់)រីឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់) ។ ករណីនេះ បានប្រគល់ឱ្យជំនាញចរាចរណ៍នៃខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ៕