ព្រះវិហារ ៖ ប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុង
ខេត្តព្រះវិហារ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញឈ្មោះ ភ័ក្រ្ត កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងគំហុកព្រោះ មានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន។ ចំណែកលោក
ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តព្រះវិហារ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ ភ័ក្រ្ត ដែលធ្វើសកម្មភាពដឹក
ជញ្ជូនឈើខុសច្បាប់យ៉ាងគឃ្លើននោះឡើយ។ ហេតុនេះហើយទើបលោក ស៊ុំ ស៊ីវុត្ថា
ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ហ៊ានសម្រួលឲ្យឈ្មួញឈ្មោះ ភ័ក្រ្ត ដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ភ័ក្រ្ត បានឲ្យដឹងថា នៅតាមបណ្តោយផ្លូវជាតិលេខ៦២
ពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ មានស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាននិងស្នាក់ការត្រួតពិនិត្យរបស់សមត្ថកិច្ចពាក់ព័ន្ធជាច្រើនកន្លែង។ ប៉ុន្តែមន្ត្រីជំនាញនិងសមត្ថកិច្ចទាំងនោះមិនចាត់វិធានការបង្ក្រាបសកម្មភាពដឹកជញ្ជូនឈើខុស ច្បាប់របស់ឈ្មួញឈ្មោះ ភ័ក្រ្ត នោះទេហើយទុកឲ្យឈ្មួញម្នាក់នេះប្រើប្រាស់រថយន្ត៥គ្រឿងដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកតែម្តង។ សូម្បីតែលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក៏បណ្តោយឲ្យឈ្មួញឈ្មោះ ភ័ក្រ្ត ប្រើប្រាស់រថយន្តជា ច្រើនគ្រឿងដឹកជញ្ជូនឈើធ្នង់ ឈើក្រញូង ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បើតាមការអះអាងរបស់មន្ត្រីរាជការក្នុងមន្ទីរកសិកម្មខេត្តព្រះវិហារ បានឲ្យដឹងថា បើលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើគឺឈ្មួញឈ្មោះ ភ័ក្រ្ត មិនអាចបន្តសកម្មភាពដឹក ជញ្ជូន ឈើខុសច្បាប់បានឡើយ។ បញ្ហានេះគឺជារឿងដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្តែតបណ្តោយ តទៅទៀតនោះទេ។ ដោយហេតុថា បច្ចុប្បន្នលោក ពឹង ទ្រីដា និងលោក នួន សុខុម បណ្តោយឲ្យឈ្មួញឈ្មោះ ភ័ក្រ្ត និងឈ្មួញច្រើននាក់ទៀតដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍៕