កំពត៖អាជីវករក៏ដូចជាប្រជាពលរដ្ឋបាននិងកំពុងនាំគ្នារិះគន់ដ៏ខ្លាំងក្លាដល់អ្នកគ្រប់គ្រងផ្សារកំពង់ត្រាចពិសេសអាជ្ញាធរក្នុងតំបន់ដែលបានបណ្តែតបណ្តោយឲ្យមានការសង់តូបលើចិញ្ចើមផ្លូវធ្វើឲ្យដងផ្លូវធ្លាប់ចេញចូលកាន់តែតូចចង្អៀតបង្កស្ទះចរាចរណ៍រាល់ព្រឹក។
បើតាមការលើកឡើងពីអ្នកមានលំនៅឋានត្រង់ចំណុចខាងលើបាននាំគ្នារិះគន់ថាកាលពីមុនផ្លូវចេញចូលផ្នែកខាងលិចនៃផ្សារស្រុកកំពង់ត្រាចអ្នកគ្រប់គ្រងផ្នែកភាស៊ីបានយកទីតាំងនេះសំរាប់ជាកន្លែងផ្ញើរកង់និងម៉ូតូដែលបានធ្វើឲ្យដងផ្លូវមួយនេះពិបាកធ្វើដំណើរទៅមកដូចជាថ្ងៃបុណ្យជាតិម្តងៗដែលមានពលរដ្ឋសំរុកចូលផ្សាររកទិញឥវ៉ាន់ក៏ត្រូវកកស្ទះចរាចរណ៍រាល់ព្រឹកហើយអ្នករស់នៅម្តុំច្រកផ្លូវនេះក៏ពុំអាចចេញយានយន្តទៅណាបានដែរ។
គេបានបញ្ជាក់ទៀតថា ក្នុងភាពកំពុងតែប្រឈមនឹងបញ្ហាកកស្ទះនេះគាប់ជួនត្រូវមានគេសង់តូបបន្តគ្នាជាជួរស្ថិតតាមចិញ្ចើមផ្លូវបន្ថែមផងនោះក៏បណ្តាលឲ្យច្រកផ្លូវផ្នែកខាងលិចផ្សារកំពង់ត្រាចត្រូវបានបង្រួមនៅសល់តែមួយប្រឡោះតូចតែប៉ុណ្ណោះដែលជាកក្តាធ្វើឲ្យចំណុចខាងលើក្លាយជាកន្លែងអនាធិបតេយ្យគឺមានផ្ញើកង់ឬម៉ូតូពាសពេញផងនិងជាកន្លែងជួលលក់ដូរក្រោមឆ័ត្រដែលគ្រប់គ្រងដោយផ្នែកអនាម័យនិងភាស៊ីផងដែរ។
គេបានបង្ហើបទៀតថាកន្លងមកផ្សារកំពង់ត្រាចហាក់មានវិវាទមិនចេះអស់មិនចេះហើយដែលផ្តើមពីភាគហ៊ុនភាសីុតែម្តងពិសេសការនិយមបក្សពួកម្ខាងៗដែលនាំការអុជអាលគ្នាទៅវិញទៅមកហើយក៏ធ្វើឲ្យក្រុមហ៊ុននេះបែកបាក់ផ្ទៃក្នុងថែមទាំងធ្វើឲ្យមានការហែកហួរគ្នាមិនចេះអស់បញ្ហា។គេបានឲ្យដឹងទៀតថា ក្រោយពីអ្នកស្រីមូល សុធា ប្រធានភាស៊ីត្រូវវេចបង្វិចចាកចេញហើយត្រូវជ្រើសតាំងលោក ប៉ែន សេង មកគ្រប់គ្រងភាស៊ីក្នុងផ្សារកំពង់ត្រាចនោះគេសង្ឃឹមថាប្រធានភាស៊ីថ្មីនឹងគិតគូរកែទម្រង់ផ្សារកំពង់ត្រាចឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយប៉ុន្តែផ្ទុយស្រឡះបែរជាមានសភាពយ៉ាប់យ៉ឺនលើសមុនទៅទៀតព្រោះលើកនេះផ្លូវចេញចូលផ្នែកបរិវេណខាងលិចផ្សារនៅសល់ប្រឡោះតូចសឹងតែប្រជ្រៀតចេញចូលមិនរួច។
ចំពោះបញ្ហាដូចខាងលើប្រជាពលរដ្ឋក៏បានរិះគន់ដល់អ្នកម៉ៅកន្លែងផ្ញើម៉ូតូដែលកំពុងយកដងផ្លូវធ្វើជាកន្លែងអាជីវកម្មប្រចាំថ្ងៃដោយមិនគិតពីផលលំបាកដល់មហាជនដូចជាការដាក់ផ្ញើរពាសពេញផ្លូវតម្រៀបជា៣ជួរជាដើម។ដោយឡែកអាជីវករមួយចំនួនតូចបន្ទាប់ពីគេសង់តូបនៅតាមចិញ្ចើមផ្លូវក៏ធ្វើឲ្យគ្មានកន្លែងលក់ដូរ ហើយនាំគ្នាប្រជ្រៀតមកអង្គុយលក់ដូរនៅលើផ្លូវផងដែរ។
អ៊ីចឹងទៅ ទីតាំងផ្នែកខាងលិចផ្សារកំពង់ត្រាចក្លាយជាចំណុចមួយគ្មានសណ្តាប់ធ្នាប់បន្តិចទាល់តែសោះ។ចំណែកអ្នកហូតភាស៊ីវិញក៏ចេះតែសប្បាយដើរយកលុយទៅកើតដែរទៅទោះអ្នកដំណើររិះគន់កប់ៗមាត់ក៏មិនឈឺក្បាលវិលមុខឡើយ។
បើទោះជាមានការិះគន់បែបនេះក្តី តែអ្នកទទួលផ្នែកបញ្ញើយានយន្តបានលើកឡើងថាបើកុំតែមានគេសង់តូបនៅតាមចិញ្ចើមផ្លូវនោះម្ល៉េះដងផ្លូវនេះក៏មិនដែលស្ទះចរាចរណ៍ដែរព្រោះកាលមុនមានប្រឡោះផ្លូវធំជាងនេះ។ម្យ៉ាងទៀតការកកស្ទះគឺកើតឡើងតែពេលព្រឹកឬថ្ងៃបុណ្យជាតិនានាប៉ុណ្ណោះលុះពេលថ្ងៃបន្តិចវាដំណើរការប្រសើរវិញហើយមិនខុសពីក្រមួនត្រូវថ្ងៃនោះទេ។អ្នកគ្រប់គ្រងខាងផ្ញើម៉ូតូបានបង្ហើបថាបើចង់រិះគន់គួរតែបន្ទោសដល់ប្រធានផ្សារទើបត្រូវព្រោះអ្នកហែកសំបុត្របញ្ញើយានជំនិះត្រូវបង់កម្រៃជូនលោកប្រធានផ្សារតាមកំណត់បើមិនយកកន្លែងនេះដាក់ផ្ញើតើមានថវិកាឯណាទូទាត់ជូនប្រធានទៅ។
ទាក់ទិននឹងសណ្តាប់ធ្នាប់ក្នុងបរិវេណផ្សារក៏ដូចជាការសង់តូបនៅតាមចិញ្ចើមផ្លូវផ្នែកខាងលិចអ្នកសារព័ត៌មាន មិនអាចសុំការពន្យល់ពីលោកប៉ែន សេងប្រធានភាស៊ីក្នុងផ្សារកំពង់ត្រាចបានទេដោយសារទូរស័ព្ទរបស់លោកស្ថិតក្នុងតំបន់ក្រៅសេវា។ដោយឡែកលោក អ៊ុម ស៊ីណាតអភិបាលស្រុកកំពង់ត្រាច បានប្រាប់ឲ្យដឹងថាចំណុចដែលគេសង់តូបគឺជាដីតូបចាស់ដែលអាជីវករបានស្នើសុំជួសជុលឡើងវិញដោយមិនបានបំពានមកលើផ្លូវសាធារណៈឡើយ។ចំពោះផ្លូវចង្អៀតពិបាកធ្វើដំណើរគឺបណ្តាលមកពីមានអាជីវករលក់ដូរពាសពេញផ្លូវច្រើនពេកបើបែបនេះក៏មិនអនុញ្ញាតឲ្យពួកគាត់លក់ដូរនៅក្រោមឆ័ត្រទៀតទេ ៕ ដោយ៖ គង់ សម្បត្តិ