កណ្ដាល ៖ សាឡង់បូមខ្សាច់មួយគ្រឿងស្ថិតនៅតាមទន្លេមេគង្គ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នៅតែធ្វើសកម្មភាពបើទោះបីជាប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោបានចេញ ច្បាប់ហាមឃាត់ក៏ដោយ ។
អាជ្ញាធរ មូលដ្ឋានអះអាងថា ខ្លួនមិនហ៊ានក្អកជាមួយម្ចាស់ការដ្ឋាននោះទេ បើទោះជាអាជ្ញាធរបានចុះទៅហាមឃាត់ក៏ម្ចាស់ការដ្ឋាននោះនៅតែធ្វើ មិនដឹងមិនឮដដែល ។
មេឃុំ ដីឥដ្ឋនិយាយថា ខ្លួនគ្មានសមត្ថភាពចុះណែនាំឲ្យសាឡង់បូមខ្សាច់ខាងលើនេះ បញ្ឈប់សកម្មភាព នោះទេ ។
លោក ស៊ុត តូ បានឲ្យដឹងថា សាឡង់នោះត្រូវបានគេដាក់បូមខ្សាច់នៅចំណុចភូមិកោះផុស ។ លោកថា ការបូមខ្សាច់នោះពុំមានច្បាប់អនុញាតទេ ហើយលោកបានចុះទៅណែនាំបញ្ឈប់ម្ដងរួចមកហើយ តែក្រោយមកក៏ឃើញធ្វើសកម្មភាពបូមឡើងវិញ ។
គួរ បញ្ជាក់ថា ដោយមើលឃើញពីមហន្តរាយទាំងបរិស្ថាន និងជីវចម្រុះ ដែលមាននៅក្នុងទន្លេក៏ដូចជាគ្រោះថ្នាក់ដល់មនុស្ស ពិសេសអ្នកមានលំនៅឋានតាមដងទន្លេកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣ កន្លងទៅរាជរដ្ឋាភិបាលបានចេញបញ្ជាឲ្យផ្អាកជាបណ្ដោះអាសន្ន រាល់ស្ថានីយបូមខ្សាច់ទាំងឡាយណាដែលមានទីតាំងនៅតាមដងទន្លេមេគង្គនិង ទន្លេសាប ។ ប៉ុន្តែបើទោះជាដូច្នេះក្ដីក៏គេមិនទាន់ដឹងថា ម្ចាស់ការដ្ឋានបូមខ្សាច់ដែលមានទីតាំងនៅក្នុងឃុំដីឥដ្ឋនោះមាន ឥទ្ធិពលអ្វីពិសេសទេ ទើបអាចរំលោភបទបញ្ជារបស់រាជរដ្ឋាភិបាលបាន ។
ប្រភពបាន ឲ្យដឹងថា សាឡង់បូមខ្សាច់និងគំនរខ្សាច់កាត់តាមបណ្តោយផ្លូវជាតិលេខ១ នោះជាកម្មសិទ្ធិរបស់លោកអភិបាលរងខណ្ឌមានជ័យម្នាក់ ។ គាត់មិនខ្លាចញញើតនឹងច្បាប់ប្រទេសដែលសម្តេចតេជោបានប្រកាសនោះទេ ។ សម្តេចតេជោប្រកាសមិនឲ្យមានសកម្មភាពបូមខ្សាច់នោះទេ ។ តែលោកអភិបាលរងខណ្ឌមានជ័យម្នាក់នោះមិនយកត្រចៀកស្តាប់ឡើយ ៕ ដោយ៖ នាយក្អែកខ្មៅ