ភ្នំពេញៈ ការបដិសេធរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានធ្វើឡើងបន្ទាប់ពីបណ្តាញ សង្គមហ្វេសប៊ុកបានបង្ហោះរូបភាពបុរសម្នាក់ស្លៀកឯកសណ្ឋានពាក់ប៉ារ៉ា និងកាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាពជនល្មើសម្នាក់ដែលកងរាជអាវុធហត្ថបាញ់សម្លាប់។
មេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបដិសេធថា ឧក្រិដ្ឋជនដែលកងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅក្នុង ប្រតិបត្តិការ បង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មិនជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្សនោះទេ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ប្រាប់នៅយប់ថ្ងៃទី១ ខែមីនានេះថា រូបភាពដែលបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ គឺមិនមែនជាមន្ត្រីបញ្ជាការដ្ឋានអង្គរក្សនោះទេ គឺក្លែងក្លាយ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀងបានបញ្ជាក់យ៉ាងដូច្នេះថា “រូបភាពនេះ អត់មានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ ភាគច្រើនប័ណ្ណពាក់កររបស់បញ្ជាការដ្ឋានអង្គរក្ស គឺមានលេខកូដត្រឹមត្រូវ មានបញ្ជីស្នាមត្រឹមត្រូវ ហើយការធ្វើនេះ គឺក្លែងក្លាយ ពីព្រោះខាងខ្ញុំមានលក្ខណៈពិសេសសម្គាល់ខាងខ្ញុំ ហើយអត់មានពាក់ព័ន្ធជាមួយបញ្ជាការដ្ឋានអង្គរក្ស”។
កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនជម្រិតទារ ប្រាក់ ១លានដុល្លារ ពីជនរងគ្រោះនៅក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណា ១១ព្រឹកថ្ងៃទី១ ខែមីនា ។ នៅក្នុងប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនបានបាញ់ប្រហារមកលើកម្លាំងអាវុធហត្ថ ដោយប្រើសិទ្ធិ ការពារខ្លួនកម្លាំងអាវុធហត្ថបានបាញ់តបតទៅលើក្រុមឧក្រិដ្ឋជនបណ្តាលឲ្យស្លាប់ចំនួន ៤នាក់។
ជនរងគ្រោះនៅក្នុងផ្ទះវិឡាក្នុងបុរីអង្គរភ្នំពេញ ត្រូវបានរំដោះចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព។
ប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន គឺដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
តាមព័ត៍មានបឋម គឺក្រុមឧក្រិដ្ឋជនចំនួន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជំរិយកប្រាក់ មួយលានដុល្លារជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងប្តីប្រពន្ធនិងកូនឈ្នួលពីរនាក់ ជាក្រោយ ប៉ុន្តែមិនបានសម្រេច។
ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កាំភ្លើងវែង AK មួយដើម និងកាំភ្លើងខ្លី ពីរដើម បានបើការបាញ់ប្រហារមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំងបួននាក់ ស្លាប់នៅនឹងកន្លែង។
ក្នុងចំណោមឧក្រិដ្ឋជនទាំង ៤នាក់ គឺមានម្នាក់នាក់ ជាដៃកុងឡានរបស់ម្ចាស់ផ្ទះផ្ទាល់។
សេចក្តីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ ហួរ អាយុ ៥៨ឆ្នាំ ជាអតីតប្រធានសាខាអគ្គីសនីខេត្តកំពង់ចាម។ ចំណែកក្រុមឧក្រិដ្ឋជនទាំង ៤នាក់ ដែលកងរាជអាវុធហត្ថបាញ់សម្លាប់ មិនត្រូវបានបង្ហាញអត្តសញ្ញាណនៅឡើយទេ៕