ភ្នំពេញ ៖ បង្កការភ្ញាក់ផ្អើលកាលពី រសៀលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចោរប្លន់ប្រដាប់អាវុធម្នាក់ ធ្វើសកម្មភាពចូលបាញ់ប្លន់ ទីតាង Wing មួយកន្លែងយីហោ «ប៉េង សុខចំរើន» មានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ (ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ) ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ ប៉ុន្តែការធ្វើសកម្មភាពនេះមិនបានសម្រេច រហូតដល់បន្សល់ទុកនៅកាំភ្លើងខ្លី១ដើម និងម៉ូតូ១គ្រឿង សម្រាប់ជាតម្រុយដែលសមត្ថកិច្ចអាចកំណត់មុខសញ្ញាបាន។
នៅមុនកើតហេតុ ចោរប្លន់ម្នាក់នេះ ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BX-5216 ចូលទៅទីតាងWing ខាងលើ រួចដកកាំភ្លើងខ្លីម៉ាក កា៥៩ ពីចង្កេះធ្វើសកម្មភាពភ្ជង់ទៅលើបុរសជាម្ចាស់ទីតាំងគំរាមប្លន់យកលុយ ។ លុះមិនបានប៉ុន្មានផង ជនល្មើសបានបាញ់១គ្រាប់ ប៉ងសម្លាប់ម្ចាស់ទីតាំង តែគ្រាប់កាំភ្លើង មិនផ្ទុះ! បណ្តាលអោយបុរសជាម្ចាស់ទីតាំង ស្ទុះទៅវាយប្រតាយប្រតប់ជាមួយជនល្មើស រហូតជ្រុះកាំភ្លើង និងដណ្តើមបានកាំភ្លើងពីជនល្មើសវិញ ជាហេតុធ្វើអោយជនល្មើសភ័យស្ទុះរត់ចេញពីទីតាំង Wing ប៉ងគេចខ្លួន យកតែព្រះអាយ៉ោស ព្រលឹងចុងសក់ បាត់ស្រមោល។
ភ្លាមៗនោះ បុរសជាម្ចាស់ទីតាំង ក៏បានកាន់កាំភ្លើងដេញតាម និងបានបាញ់ទៅកាន់ជនល្មើសចំនួន១គ្រាប់ដែរ តែគ្រាប់កាំភ្លើង មិនផ្ទុះទៀត (ចំគ្រាប់ស្អុយបាញ់អត់ផ្ទុះដូចគ្នា) ជាហេតុធ្វើអោយជនល្មើស មានឱកាសរត់ដោយថ្មើរជើង គេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងលឿនបំផុត។
កម្លាំងនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ រួមជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងសាកសួរនាំព័ត៌មាន ។ រួចហើយក៏បាន អញ្ចើញម្ចាស់ទីតាំង ទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនាំបន្ថែម និងដាក់ពាក្យបណ្តឹងផងដែរ ៕