បាត់ដំបង៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង០០និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី១ ភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដោយស្ត្រីរងគ្រោះមានឈ្មោះ ប៉ាវ សឿន (ហៅ ពៅ) អាយុ៣៦ឆ្នាំ រួមនិងកូនតូចឈ្មោះ ហ៊ុន ស្រីតី ភេទស្រី អាយុ៣ខែ។
ស្ត្រីវ័យសាមសិបផ្លាយឆ្នាំម្នាក់ ត្រូវបានបងប្រុសបង្កើតជួយទាន់ពេលវេលា រួមជាមួយនឹងកូនស្រីអាយុ៣ខែម្នាក់ផង បន្ទាប់ពីនាងបានឡើងទៅបម្រុងនឹង ចង.ក នៅក្នុងបន្ទប់ទឹក ហើយបានដាក់កូនតូច ដែលមិនទាន់ដឹងអីទៅក្នុងអាងទឹក ក្នុងគោលបំណងឲ្យស្លាប់ទៅជាមួយគ្នា។
បងប្រុសបង្កើតបាននិយាយថា នៅពេលកើតហេតុ គឺដូចជាចៃដន្យបំផុត ដោយសារតែលោក បានឮសំឡេងឆ្កែព្រូសខ្លាំង ទើបធ្វើឲ្យលោកភ្ញាក់ ក៏បានចុចពិលរកមើលក្រែងមានចោរចូលលួចផ្លែទុរេន នៅខាងក្រោយផ្ទះ ហើយក៏បានបង្វិលពិលមកដល់បន្ទប់ទឹកក៏បានឃើញប្អូនស្រីបម្រុងចង.ក សម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកនោះ ទើបខ្លួនក៏បានរត់ទៅជួយ ហើយក៏ឃើញក្មួយស្រី ដែលទើបតែមានអាយុ៣ខែ នៅក្នុងទឹកអាង ទើបខ្លួនក៏បានជួយលើកចេញតែម្តងជាសំណាងល្អក្មេងស្រីដ៏តូចគ្រាន់តែឈ្លក់ទឹកតែមិនស្លាប់។
សមត្ថកិច្ចសួរនាំរកមូលហេតុ តែស្ត្រីរូបនេះមិនព្រមនិយាយប្រាប់ទាល់តែសោះ ទើបឲ្យក្រុមការងារកិច្ចការនារីឃុំ មកជួយសួររកមូលហេតុ ក៏នៅតែគ្មានប្រយោជន៍ដដែល។ គួរបញ្ជាក់ដែរថា នៅយប់នោះប្តីរបស់ស្ត្រីរងគ្រោះទៅដេកនៅឯចម្ការ ទើបនាងមានឱកាសធ្វើអត្តឃាតបែបនេះ តែមិនសម្រេចទាំងម្តាយទាំងកូនតូច៕