បាត់ដំបងៈ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តបាត់ដំបង បាន សម្រេចឃុំខ្លួន យុវជនសង្ស័យម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោយពេលកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ឃាត់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយចោទពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រីអនីតិជន។
ក្មេងស្រីរងគ្រោះ ឈ្មោះ ស វ ល អាយុ ១៣ ឆ្នាំ រស់នៅឃុំអូរដំបង១ ស្រុកសង្កែ។ ចំណែកជនសង្ស័យ ឈ្មោះ ជុន ជួន ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ។
យោងតាមពាក្យបណ្តឹង របស់លោកយាយ ឈ្មោះ រឿន ញ៉ អាយុ ៦០ ឆ្នាំ បានមកដាក់ពាក្យបណ្តឹងថា ឈ្មោះ ជុន ជួន បានចាប់ រំលោភចៅស្រី របស់គាត់ អាយុ ១៣ ឆ្នាំ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅម៉ោង ៨និង៣០នាទីព្រឹក នៅក្នុងចំការក្រូច ក្បែរផ្ទះរបស់គាត់។
ក្រោយពេលទទួលបានពាក្យបណ្តឹងរួច កម្លាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក បានចុះស៊ើបអង្កេត ស្រាវជ្រាវ រកជនសង្ស័យ និងឃាត់ខ្លួន ឈ្មោះ ជុន ជួន នៅវេលាម៉ោង ១និង៣០ នាទី រសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះជនសង្ស័យ។
ជនសង្ស័យ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួន ហើយបញ្ជូនទៅពន្ធនាគារ ខេត្ត រង់ចាំការបើកសវនាការ នៅពេលក្រោយ៕