ភ្នំពេញ: ការសម្រេចនៃការផ្តល់ប្រាក់ឧបត្ថម្ភពីលោកឃួង ស្រេង នេះបានធ្វើឡើងនាល្ងាច
ថ្ងៃទី២ ៥ខែកុម្ភៈឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងមានការចូលរួមពីអភិបាលខណ្ឌទាំង
១៤ផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចំពោះគោលដៅសុវត្ថិភាពទាំង៨១ទីតាំង ដែលកងកម្លាំងសមត្ថកិច្ចបាននិងកំពុងដាក់កម្លាំងពង្រាយ ដើម្បីការពារសុវត្ថិភាព ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ ក្នុងមួយគោលដៅ ទទួលបានថវិកាចំនួន៥០ម៉ឺនរៀល ។ គោលដៅធំចំនួន៥គោលដៅ ក្នុង១គោលដៅទទួលបានថវិកាចំនួន ២លានរៀល។ ចំណែកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានទឹកប្រាក់ចំនួន ៣០លានរៀល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញទទួលបានថវិកាចំនួន២០លានរៀល។
ថវិកាមួយចំនួនត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋ បាលរាជធានីភ្នំពេញ បានសម្រេចប្រគល់ជូនកងកម្លាំងមាន
សមត្ថកិច្ច ដែលប្រចាំការនៅគោលដៅសុវត្ថិភាពចំនួន៨១ គោលដៅ នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ដែលបានកំពុងនឹងបំពេញភារកិច្ចយ៉ាង
សកម្មក្នុងកិច្ចការពារសុវត្ថិភាពនៅតាមទីតាំងនីមួយៗ ក្នុងការទប់ស្កាត់កូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
មន្ត្រីបន្តថា ការសម្រេចនូវការឧបត្ថម្ភថវិកាជូនដល់កងកម្លាំងមានសមត្ថកិច្ចដែល ប្រចាំនៅគោលដៅសុវត្ថិភាពទាំង៨១នេះរបស់អភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ដើម្បីបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះឲ្យទទួលបានជោគជ័យ៕