(ភ្នំពេញ)៖ នៅ ល្ងាច ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជនជាតិចិនឈ្មោះ Shen Kaidong ដែលជានាយកសារព័ត៌មាន Angkor Today ត្រូវបានបណ្តេញចេញផុតពីកម្ពុជា ដោយរូបគេត្រូវបានបញ្ជូន តាមជើងយន្តហោះលេខ 9C8534 ឆ្ពោះទៅទីក្រុងសៀងហៃ ប្រទេសចិន។
លោក Shen Kaidong ត្រូវបាន សម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយជាភាសាចិនបំភ្លៃការពិតនៅលើបណ្តាញសង្គម Wechat របស់សារព័ត៌មាន Angkor Today កាលពីពេលថ្មីថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន ក្នុងតម្លៃ១២០ដុល្លារ»។
ក្រៅពីបណ្តេញចេញកម្ពុជាហើយនោះ ជនជាតិចិនរូបនេះ ក៏ត្រូវបានក្រសួងមហាផ្ទៃហាមឃាត់មិនឱ្យចូលមកប្រទេសកម្ពុជាជាថ្មីផងដែរ។ មិនតែប៉ុណ្ណោះសារព័ត៌មាន Angkor Today ដែលមានជនជាតិចិនរូបនេះធ្វើជានិពន្ធនាយក ក៏ត្រូវបានក្រសួងព័ត៌មានកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណផងដែរ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ការបណ្តេញជនជាតិចិនរូបនេះចេញពីកម្ពុជា ធ្វើឡើងបន្ទាប់ពីមានសំណើរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ រូបគេបានចូលមកប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩ ហើយឆ្នាំ២០១៥ បានចាប់ផ្តើមការងារជានិពន្ធនាយក នៅសារព័ត៌មានអង្គរធូដេ (Angkor Today) ប្រចាំខេត្តសៀមរាប ដែលមានទីតាំងនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានឈ្មោះ អ៊ុង គង្គា ជាចាងហ្វាង។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ជនជាតិចិនរូបនេះ បានទទួលស្គាល់លើកំហុសវិជ្ជាជីវៈ ដោយសារតែទទួលបានសារអនាមិកដែលថា មានការយកថ្លៃសេវាចាក់វ៉ាក់សាំងកូវីដ១៩ ប្រមាណ១២០ដុល្លារក្នុងម្នាក់ៗ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានផ្សព្វផ្សាយបន្ត ដោយមិនបានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា។
បើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាល បានចាត់ទុកថា ការផ្សព្វផ្សាយរបស់ Angkor Today គឺជារឿងផ្តេសផ្តាសបំផុត។ លោកស្រីបញ្ជាក់ថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាននិងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសប៉ុណ្ណោះ មិនទាន់មានការចាក់ទៅលើមនុស្សទូទៅឡើយ៕