ភ្នំពេញ ៖ ការផ្ទុះឡើងកូវីដ-១៩ ជាលើកទី៣នេះផងដែរ ត្រូវបានសន្មត់ថា គឺផ្តើមចេញពីអ្នកមានជំងឺកូវីដ-១៩ នៅក្លឹបកម្សាន្ត N8 ដែលនៅពេលនេះត្រូវបានបិទជាបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងករណីឆ្លងរាលដាលចេញពីក្លឹប N8 នេះផងដែរ នោះស្ត្រីជនជាតិ៤នាក់ ត្រូវបានស្តីបន្ទោសថា បានលួចគេចចេញពីការធ្វើចត្ថាឡីស័ក នៅឯសណ្ឋាគារមួយ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីមកលេងកម្សាន្តនៅក្លឹបនេះ។ ហើយជាលទ្ធផល ២នាក់ក្នុងចំណោមស្ត្រីជនជាតិចិនទាំង៤ ត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ទៀតផង។
ផ្ទុះឡើងកូវីដ-១៩ ឆ្លងចូលសហគមន៍លើកទី៣ បង្កើតជាព្រឹត្តិការណ៍ ២០ កុម្ភៈ ព្រោះតែមានអ្នកឆ្លងរហូត ៣២ ករណី ដែលមិនធ្លាប់មាន ក្នុងរយៈពេលត្រឹម ១០ ម៉ោង ប៉ុណ្ណោះ។
លើសពីនេះ អ្វីដែលយើងគ្រប់គ្នាមានការភ្ញាក់ផ្អើល និងក៏គួរឲ្យខឹងខ្លាំងនោះ គឺក្រោយឃើញវីដេអូបែកធ្លាយ បានបង្ហាញឲ្យឃើញសន្តិសុខម្នាក់ បានបើកដៃឲ្យស្ត្រីជនជាតិចិនទាំងនោះ ចាកចេញពីសណ្ឋាគារស្តែងៗ។
បើទោះជានៅមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណយ៉ាងណា ប៉ុន្តែ ថ្មីៗនេះ មានការបង្ហាញមុខមាត់ពិតរបស់សន្តិសុខរូបនេះ។ ដោយក្នុងនោះ បើតាមគណនីហ្វេសប៊ុកឈ្មោះ Tep Monyrot បានបង្ហោះរូបភាពសន្តិសុខនេះ ដោយភ្ជាប់សារទាំងកំហឹងថា «ពូអើយពូ ដោយសារពូកម្នាក់ ធ្វើឲ្យចលាចលពេញមួយប្រទេសសារជាថ្មី បើនៅបន្តការកើនឡើងទៀត អាចបិទសាលាម្តងទៀតហើយ អត់ដឹងពូគិតពីអី?»។
ឯកឧត្តម ឃួង ស្រេង បានប្រាប់បណ្តាញសារព័ត៌មានថា សន្តិសុខសណ្ឋាគារសុខា ដែលជម្លៀសស្ត្រីចិន៤នាក់ ពីកន្លែងចត្តាឡីស័ក នឹងទទួលពិន័យតាមអនុក្រឹត្យរដ្ឋាភិបាល ដោយគ្មានការលើកលែងឡើយ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា «សន្តិសុខនោះ យើងឱ្យគាត់ចត្តាឡីស័កសិន ថាតើគាត់មានជំងឺ ឬអត់ជំងឺកូវីដ-១៩ សិន ជាបឋម យើងត្រូវជួយសង្គ្រោះជីវិតគាត់ ឱ្យគាត់ថែទាំអាយុជីវិតរបស់គាត់ ។ នៅពេលថែទាំហើយ គាត់ផុតពីជំងឺរាតត្បាតហើយ ទើបយើងពិនិត្យទោសទណ្ឌទៅលើរូបគាត់ ដែលបានល្មើសនោះតាមអនុក្រឹត្យ»៕