ភ្នំពេញ ៖ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ នៅមុខមន្ទីរពេទ្យ កាល់ម៉ែត តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួន ពីបទឆក់ខ្សែកជនរងគ្រោះតាមផ្លូវសាធារណៈនោះឈ្មោះ ចាន់ តារា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ អេសអិល ស្នាក់នៅផ្ទះជួលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ រីឯជនរងគ្រោះ មានឈ្មោះ ភិន ចាន់ណា ភេទស្រី អាយុ ៣១ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជន ស្នាក់នៅផ្ទះលេខ៨៧០អា ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបានម៉ូតូ ម៉ាកស្គូពីពណ៌ឈាមជ្រូក១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BU-9951 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
មុនពេលកើតហេតុ នារីរងគ្រោះ ជិះម៉ូតូម៉ាកហ្វីណូតែម្នាក់ឯងចេញពី បង្រៀនសិស្សម្ដុំទួលស្លែងក្នុងគោលបំណង ទៅផ្ទះវិញ ដោយធ្វើដំណើរតាមផ្លូវព្រះ មុនីវង្សពីត្បូងទៅជើង ។ លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុ ស្រាប់តែជន សង្ស័យខាងលើបានជិះម៉ូតូម៉ាកស្គូពីមក អែបខាងស្ដាំជនដៃជនរងគ្រោះ រួចធ្វើ សកម្មភាពឆក់ខ្សែប្លាទីនទម្ងន់៥ជីពីនារី រងគ្រោះបានសម្រេច ហើយភ្លាមនោះ នារីរងគ្រោះបានស្រែកថាចោរៗ ធ្វើឱ្យជនសង្ស័យបើកម៉ូតូបម្រុងគេចខ្លួន ជ្រុល ទៅប៉ះរថយន្ដ១គ្រឿងបណ្ដាលឱ្យដួល ហើយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌ ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញចាត់ការតាមផ្លូវច្បាប់ ៕